អន្តរជាតិ
ចិនថា ខ្លួនមិនដែលបណ្តេញនាវា-យន្តហោះបរទេសពីតំបន់ជម្លោះសមុទ្រចិនខាងត្បូងដូចលោក ឌូទើតេ ចោទឡើយ
× ក្រសួងការបរទេសចិនចេញមុខទាត់ចោលសម្តីរបស់ប្រធានាធិបតីហ្វីលីពីនជុំវិញសិទ្ធិរបស់ខ្លួនក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូងនៅថ្ងៃព្រហស្បតិ៍ទី ១៦ ខែសីហានេះ។ ចិនបញ្ជាក់ថា កោះជាកម្មសិទ្ធិខ្លួនតាមប្រវត្តិសាស្ត្រ ហើយខ្លួនក៏គ្មានដែលគំរាមឬបណ្តេញអ្នកណាដែលធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូង ឬក្បែរកោះខ្លួនដូចការចោទប្រកាន់ឡើយ។
បន្ទាប់ពីលោក រ៉ូឌ្រីហ្គោ ឌូទើតេ អះអាងថា ចិនគ្មានសិទ្ធិប្រើកម្លាំងបណ្តេញនាវាបរទេស និងយន្តហោះដែលធ្វើដំណើរឆ្លងកាត់តំបន់ជម្លោះសមុទ្រចិនខាងត្បូង និងអំពាវនាវឲ្យមហាអំណាចនេះប្តូរឥរិយាបថខ្លួនផងនោះ ចិនបានប្រតិកម្ម និងទាត់ចោលការអះអាងនេះ។ អាចថា វាជាលើកដំបូងហើយ ដែលមេដឹកនាំហ្វីលីពីននេហ៊ាននិយាយរិះគន់ចិន។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសចិនបានអះអាងថា កោះស្ព្រាត់លី (Spratly) ដែលស្ថិតក្នុងតំបន់ជម្លោះនោះជាកម្មសិទ្ធិរបស់ខ្លួនតាមលក្ខខណ្ឌប្រវត្តិសាស្ត្រ ហើយចិនបន្តគោរពសិទ្ធិសេរីភាពធ្វើនាវាចរណ៍ និងហោះហើររបស់ប្រទេសទាំងអនុលោមតាមច្បាប់អន្តរជាតិផង។
ប៉ុន្តែក្រសួងការបរទេសចិនសង្កត់ធ្ងន់ថា ខ្លួនមានលទ្ធភាពក្នុងនាមជាម្ចាស់កម្មសិទ្ធិនៃកោះដើម្បីចេញវិធានការចាំបាច់ដើម្បីឆ្លើយតបនឹងនាវា ឬយន្តហោះបរទេសដែលហោះហើរ ឬធ្វើដំណើរកៀកដែនអាកាស និងកោះរបស់ចិនក្នុងគោលបំណងបង្ករឿង។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិននិយាយដូច្នេះ៖«ប៉ុន្តែចិនមានសិទ្ធិពេញលេញក្នុងការចាត់វិធានការចាំបាច់ដើម្បីឆ្លើយតបនឹងនាវា និងយន្តហោះបរទេសដែលមានចេតនាធ្វើដំណើរកៀកដែនទឹក និងដែនអាកាសរបស់ចិន។ វាជាសកម្មភាពបង្ករឿងដែលគំរាមកំហែងសន្តិសុខប្រជាជនចិនដែលមានវត្តមាននៅទីនោះ»។
ក្រៅពីថ្លែងពីសិទ្ធិផ្តាច់មុខ ក្រុងប៉េកាំងបានឆ្លៀតអំពាវនាវឲ្យភាគីពាក់ព័ន្ធបន្តជួបពិភាក្សាគ្នា ហើយរួមគ្នាថែរក្សាស្ថានភាពបច្ចុប្បន្នដែលល្អប្រសើរ ព្រោះវាជារឿងលំបាកសម្រេចបានបំផុត។ ប៉ុន្តែសេចក្តីថ្លែងការណ៍ខាងលើមិនបានបញ្ជាក់ឲ្យច្បាស់ថា កិច្ចពិភាក្សាបែបណា ឬចូលរួមបែបណាអាចធ្វើឡើងរវាងចិននិងភាគីពាក់ព័ន្ធឡើយ។
តាមពិតទៅ ចិន តៃវ៉ាន់ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងព្រុយណេដណ្តើមគ្នាយកប្រជុំកោះស្ព្រាត់លី ប៉ុន្តែចិនបានប្រឹងប្រែងវាតទី និងបន្តប្រែក្លាយថ្មប៉ប្រះទឹកទៅជាកោះសិប្បនិម្មិតសម្រាប់យន្តហោះចុះចត និងបម្រើសកម្មភាពយោធាផងដែរ។ សកម្មភាពនេះធ្វើឲ្យមានការព្រួយបារម្ភខ្លាំងពីសំណាក់ភាគីពាក់ព័ន្ធ ហើយវាក៏មានការទិតៀនខ្លាំងដែរពីវៀតណាម ហ្វីលីពីន និងអាមេរិកដែលគ្មានចំណែកសូម្បីមួយដុំក្នុងដែនជម្លោះ។
យ៉ាងណាមិញ ហ្វីលីពីនក្រោមការដឹកនាំរបស់លោក ឌូទើតេមិនដែលរិះគន់ចិនឡើយ ហើយផ្ទុយទៅវិញលោក បានព្យាយាមស្តារ និងពង្រឹងចំណងមិត្តភាពជាមួយចិនថែមទៀតដើម្បីទាក់ទាញជំនួយ និងវិនិយោគចិន។ មិនត្រឹមតែប៉ុណ្ណោះ លោក ឌូទើតេ ថែមទាំងបានទិតៀនអាមេរិកផងដែរជុំវិញការធ្វើឲ្យស្ថានការណ៍ជម្លោះតានតឹង និងមិនបានធ្វើអ្វីសោះដើម្បីទប់ស្កាត់ចិនមិនឲ្យបន្តវាតទី និងសាងសង់កោះនៅតំបន់ជម្លោះនោះ៕
Tag:
រ៉ូឌ្រីហ្គោ ឌូទើតេ
ចិន
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com