សិល្បៈអន្តរជាតិ
អន្តរជាតិ
រា​ជនី​សំឡេង​អាមេរិក Aretha Franklin ទទួលមរណភាព​ក្នុង​អាយុ​៧៦​ឆ្នាំ​
17, Aug 2018 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
​តារាចម្រៀង​ដ៍៏ល្បីល្បាញ​របស់​អាមេរិក Aretha Franklin ដែលមាន​រហស្សនាម​ថា «Queen of Soul» បានទទួល​មរណភាព​ក្នុង​អាយុ​៧៦​ឆ្នាំ នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែសីហា នៅ​គេហដ្ឋាន​របស់ខ្លួន​នា​ក្រុង Riverfront Towers រដ្ឋ Detroit​។ នា​រយៈពេល​ចុងក្រោយ​នេះ សុខភាព​គាត់​មានការ​ទ្រុឌទ្រោម​យ៉ាងខ្លាំង ហើយ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​អន្តរជាតិ​នានា តារាចម្រៀង​ដែល​ប្រកប​អាជីព​៦​ទសវត្សរ៍​រូបនេះ ញាំញី​ដោយសារ​មហារីក​លំពែង​។​



​លោកស្រី Aretha Franklin ជា​វីរនារី​ម្នាក់​ក្នុង​វិស័យ​តន្ត្រី​របស់​អាមេរិក និង​នៅលើ​ពិភពលោក​។ បទ​ចម្រៀង​ដ៏​ល្បីល្បាញ​របស់គាត់​រួមមាន​ដូចជា «Respect» (១៩៦៧), «Natural Woman» (១៩៦៨) និង «I Say a Little Prayer» (១៩៦៨) ជាដើម​។



លោកស្រី Franklin ទទួលបាន​ពានរង្វាន់​ជាច្រើន​ក្នុងនោះ​មាន Grammy Award ចំនួន​១៨​លើក ហើយ​ទទួលបាន​នូវ​ការគោរព​ស្រឡាញ់​ពី​មនុស្ស​ទូទៅ ក្នុង​រួមទាំង​អតីត​ប្រធានាធិបតី​អាមេរិក Bill Clinton, George W.Bush, Barack Obama និង​លោក​ប្រធានាធិបតី​បច្ចុប្បន្ន Donald Trump ផងដែរ​។ បើតាម​ការផ្សាយ​របស់ AFP លោកស្រី​ជា​និមិត្តរូប​របស់​តារាចម្រៀង​កំពូល​លើ​ពិភពលោក ដូចជា Mariah Carey, Whitney Houston, Alicia Keys, Beyonce, Mary J.Blige និង Amy Winehouse ជាដើម​។​


លោកស្រី​ ជា​អ្នក​ច្រៀង​នា​ពិធី​សម្ពោធ​តំណែង​ប្រធានាធិបតី​របស់លោក Bill Clinton និង​លោក Barack Obama​។ សម្រាប់​លោក Clinton លោកស្រី Franklin ដូចជា​កំណប់​ដ៏៏មហាសាល​របស់​ជាតិ​អាមេរិក​។ រីឯ​លោក ដូ​ណា​ល់ ត្រាំ តាមរយៈ Twitter របស់ខ្លួន បាន​សម្តែង​ការសោកស្តាយ​ចំពោះ​មរណភាព​រាជ​នី​សំឡេង​រូបនេះ ដោយបាន​លើកឡើងថា គាត់​ជា​ស្ត្រី​ដ៏​អស្ចារ្យ ហើយ​សំឡេង​របស់គាត់​ជា​អំណោយទាន​ពី​ព្រះ​ជា​ម្ចាស់​។



បទ​ដ៏​ល្បីល្បាញ​ផ្សេងទៀត​របស់លោក​ស្រី Franklin មានដូចជា "Day Dreaming" (១៩៧២), "Jump to It" (១៩៨២), "Freeway of Love" (១៩៨៥), និង "A Rose Is Still A Rose" (១៩៩៨) ជាដើម​៕




Tag:
 Aretha Franklin
© រក្សាសិទ្ធិដោយ thmeythmey.com