ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ខៀវ កាញារីទ្ធ ថា សមាសភាព​រដ្ឋាភិបាល ជា​អ្នកមាន​សមត្ថភាព និង​ប្រជាប្រិយភាព​
17, Aug 2018 , 1:20 pm        
រូបភាព
រូបភាពផ្ដល់សិទ្ធិដោយលោក ខឹម សុវណ្ណារ៉ា/ក្រសួងព័ត៌មាន
រូបភាពផ្ដល់សិទ្ធិដោយលោក ខឹម សុវណ្ណារ៉ា/ក្រសួងព័ត៌មាន
ភ្នំពេញ៖ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មិនអាច​មានប្រសាសន៍​ច្រើន​អំពី​សមាសភាព​រដ្ឋាភិបាល​អាណត្តិ​ទី​៦ ដែល​គ្រោង​នឹងត្រូវ​បង្កើត​នៅ​ដើមខែ​កញ្ញា​ក្រោយ​នេះឡើយ​។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​រូបនេះ​អះអាងថា សមាជិក​រដ្ឋាភិបាល​គឺជា​មនុស្ស​ដែលមាន​សមត្ថភាព និង​មាន​ប្រជាប្រិយភាព​។ លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាងខ្លី នៅក្រោយ​ជំនួប​រវាង​លោក និង​ក្រុមការងារ​វិទ្យុ​FM១០២ នា​ព្រឹក​ថ្ងៃទី​១៧​ខែសីហា​នេះ នៅ​ក្រសួង​ព័ត៌មាន​។​

 
​តើ​ឥស្សរជន​ណាខ្លះ​ជា​សមាជិក​រដ្ឋាភិបាល និង​ជាពិសេស​ជា​រដ្ឋមន្ត្រី​? នេះ​ជា​សំណួរ​ដែល​សាធារណជន​កំពុង​សួរ​គ្នា​? រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏​មិនអាច​មានប្រសាសន៍​អំពី​សមាសភាព​នេះ​ដែរ​។ ប៉ុន្តែ​អ្វីដែល​មន្ត្រីជាន់ខ្ពស់​រូប​នេះ​អាច​បញ្ជាក់បាន គឺ​សមាជិក​រដ្ឋាភិបាល​នឹង​ជាម​នុស្ស​ដែលមាន​សមត្ថភាព និង​ប្រជាប្រិយភាព​។​
 
​សម្រាប់​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចំណុច​ទាំងពីរ​ខាងលើ អាចជា​ចំណុច​ស្នូលសម្រាប់​អនាគត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​ទៀតផង ដោយ​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​បើសិនជា​គណបក្ស​ឈ្នះឆ្នោត ចង់​បន្ត​ឈ្នះ ត្រូវ​រកម​នុស្ស​ដែលមាន​សមត្ថភាព និង​មាន​ប្រជាប្រិយភាព​»​។​
 
​ខុសពី​អាណត្តិ​មុនៗ ដែល​នៅមុន​ការបង្កើត​រដ្ឋាភិបាល វា​តែងមាន​ដំណឹង​លេច​ធ្លាយ​អំពី​សមាសភាព​គណៈរដ្ឋមន្ត្រី​។ នៅក្រោយ​ការបោះឆ្នោត គេ​បានឮ​តែ​ប្រសាសន៍​សម្តេច ហ៊ុន សែន តែ​ម្តងគត់ និង​តែម្នាក់ឯង ដែល​បាន​បង្ហើប​ថា សមាជិក​រដ្ឋាភិបាល ពិសេស​សមាសភាព​រដ្ឋ​មន្ត្រី ត្រូវបាន​រៀបចំ​រាល់​អ​ស់​ហើយ​។​
 
​កាលពីពេល​ថ្មីៗ​នេះ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បានឈ្នះ​ការបោះឆ្នោត​រហូតដល់​កាន់កាប់​អាសនៈ​រដ្ឋសភា​ទាំង​១២៥ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖« [​សមាជិក​រដ្ឋាភិបាល​អាណ​ត្តិ​នេះ​] មាន​ចំនួន​តិច​ទេ​។ មិន​សំពីងសំពោង​ដូច​មុន​ឡើយ​។ រដ្ឋាភិបាល ខ្ញុំ​បង្កើត និង​មាននៅ​ក្នុង​បញ្ជី​រួចហើយ មិន​ពិបាក​ទេ​។ ហើយ​ក្បាលម៉ាស៊ីន​រដ្ឋសភា ក៏​រៀបចំ​រួចហើយ​ដែរ​»៕
 

Tag:
 ខៀវ កាញារីទ្ធ
  រដ្ឋាភិបាល
 អាណត្តិ​៦
© រក្សាសិទ្ធិដោយ thmeythmey.com