អន្តរជាតិ
មន្ទីរបញ្ចកោណ៖ ក្បួនព្យុហយាត្រាយោធាដែលលោក ត្រាំ ចង់បាន ត្រូវលើកទៅឆ្នាំ២០១៩ លោក ដូណាល់ ត្រាំ ឈរជាមួយយោធាអាមេរិក (រូបភាព AFP)
× ព្យុហយាត្រាយោធាដែលប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាឲ្យរៀបចំនៅខែវិច្ឆិកា ត្រូវបានលើកពេលទៅឆ្នាំ២០១៩ វិញ។ នេះបើតាមការប្រកាសរបស់មន្ទីរបញ្ចកោណនៅថ្ងៃទី១៦ ខែសីហា បន្ទាប់ពីការបែកធ្លាយការខ្ទង់ចំណាយដ៏ច្រើនរួចមក។ របាយការណ៍ចុងក្រោយបង្ហាញថា ក្បួនដង្ហែយោធាដែលធ្វើស្របគ្នាបុណ្យអតីតយុទ្ធជនអាមេរិកនោះ ត្រូវបានចំណាយដល់ទៅ៩០លានដុល្លារឯណោះ ដែលចំនួននេះខុសគ្នាច្រើនពីការប៉ាន់ស្មានរបស់សេតវិមាន។
គ្មានឡើយក្បួនយោធាគគ្រឹកគគ្រេងតាមបណ្ដោយរុក្ខវិថី Pennsylvania ឡើយក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។ ក្រសួងការពារជាតិអាមេរិកសម្រេចពន្យារពេលព្យុហយាត្រាយោធាដែលប្រធានាធិបតី ដូណាល់ ត្រាំ ចង់ឃើញ។ លោក ត្រាំ ទំនងជាខកចិត្តមិនស្ទើរឡើយចំពោះការពន្យារពេលនេះ ព្រោះលោកពិតជាចង់ឃើញយោធាអាមេរិកបង្អួតអានុភាពរបស់ខ្លួន ដូចដែលលោកធ្លាប់ឃើញនៅបារាំងកាលពីឆ្នាំ២០១៧ ដូច្នោះដែរ។
ក្នុងសេចក្ដីប្រកាសរបស់មន្ទីរបញ្ចកោណថ្ងៃទី១៦ ខែសីហា អ្នកនាំពាក្យ Rob Manning និយាយថា ក្រសួងការពារជាតិ និងសេតវិមានបានព្រមព្រៀងរៀបចំក្បួនដង្ហែជាកិត្តិយសដល់អតីតយុទ្ធជនអាមេរិក និងអបអរខួបទី១០០ឆ្នាំ នៃការបញ្ចប់សង្គ្រាមលោកលើកទី១ ហើយដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែវិច្ឆិកាខាងមុខ។ យ៉ាងណាមិញ មន្ត្រីនាំពាក្យដដែលបន្តថា ស្ថាប័នទាំងពីរយលស្របគ្នាដើម្បីស្វែងរកឱកាសថ្មីនៅឆ្នាំ២០១៩ វិញ។
មិនមានមូលហេតុណាមួយត្រូវបានបញ្ចេញឲ្យដឹងឡើយ តែការចំណាយច្រើនអាចជាមូលហេតុសំខាន់។ កាលពីខែកុម្ភៈ សេតវិមានបានប្រកាសពីបំណងរបស់លោក ត្រាំ ដែលជាអគ្គមេបញ្ជាការកំពូលកងទ័ពអាមេរិកក្នុងការរៀបចំព្យុហយាត្រាយោធានេះ បន្ទាប់ពីលោកបានចូលរួមបុណ្យឯករាជ្យជាតិបារាំងហើយអ្នកចាត់ចែងថវិការបស់សេតវិមាននិយាយថា ការចំណាយមានចំនួន១០លានដុល្លាទៅ៣០លានដុល្លារ។
យ៉ាងណាក្ដី មន្ត្រីអាមេរិកបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា គម្រោងចំណាយបានកើនដល់៩០លានដុល្លារឯណោះ។ វាអាចដើមហេតុនៃការអូសបន្លាយកម្មវិធីយោធាអឹកអធឹករបស់លោក ត្រាំ ក៏ថាបាន ខណៈគម្រោងនេះក៏រងការរិះគន់ស្រាប់ទៅហើយ។ ក្រុមអ្នកប្រឆាំងងគម្រោងនេះប្រតិកម្មថា ក្បួនយោធានេះ ជាការខ្ជះខ្ជាយលុយឥតប្រយោជន៍ ហើយជាកម្មវិធីសម្រាប់តែក្រុមមេដឹកនាំផ្ដាច់ការសម្ញែងកម្លាំងប៉ុណ្ណោះ។
តាមពិតទៅ ក្បួនព្យុហយាត្រាបង្ហាញកម្លាំងយោធា គឺជារឿងកម្របំផុតនៅអាមេរិក។ ព្រឹត្តិការណ៍យោធានេះកើតឡើងចុងក្រោយបំផុតនៅឆ្នាំ១៩៩១ ក្រោយអាមេរិកបណ្ដេញទាហានអ៊ីរ៉ាក់ចេញពីទឹកដីកូវ៉ែតក្នុងសង្គ្រាមសមុទ្រពែរ្ស។ លោក ត្រាំ ចង់ឲ្យមានព្រឹត្តិការណ៍នេះកើតឡើងជាថ្មីទៀតដើម្បីបង្អួតកម្លាំងយោធា តែមានអ្នកខ្លះចង់ឲ្យបង្វែរថវិកាទាំងនោះសម្រាប់អតីតយុទ្ធជនដែលនៅរស់រានមានជីវិតវិញ៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com