អន្តរជាតិ
ក្រុមសិទ្ធិមនុស្សសាទរ ពេលសភាម៉ាឡេស៊ីសម្រេចលុបចោល«ច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយ»ដ៏ចម្រូងចម្រាស
× រដ្ឋសភាម៉ាឡេស៊ីសម្រេចនិរាករណ៍ចោលច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយតាមការចង់បានរបស់រដ្ឋាភិបាលលោក មហាធៀ មហាម៉ាត់នៅថ្ងៃព្រហស្បតិ៍ទី ១៦ខែសីហា។ ច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយត្រូវបានបង្កើតក្នុងអាណត្តិរដ្ឋាភិបាលលោក ណាជីប រ៉ាហ្សាក់ ហើយវាមានគោលដៅរឹតត្បិតសេរីភាពបញ្ចេញមតិ និងព័ត៌មានដែរ។
មួយថ្ងៃ មុនគម្រប់ខួប ១០០ថ្ងៃនៃការកាន់តំណែងរបស់បក្ស Pakatan Harapan ដែលមានលោក មហាធៀ ជាប្រមុខ សភាម៉ាឡេស៊ីបានអនុម័តច្បាប់មួយដើម្បីលុបចោលច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយដ៏ចម្រូងចម្រាស។
ទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama ផ្សាយថា ការលុបចោលច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយនេះជាការសន្យារបស់រដ្ឋាភិបាលបច្ចុប្បន្ន ហើយវាជាសញ្ញាវិជ្ជមានមួយសម្រាប់ប្រជាជនម៉ាឡេស៊ីផង។ ក្រោយមានការអនុម័តច្បាប់ថ្មីដើម្បីនិរាករណ៍ច្បាប់ចាស់ដ៏ចម្រូងចម្រាសនេះ ខាងក្រុមសិទ្ធិមនុស្សបានចេញមុខស្វាគមន៍។
សមាជិកសភាសិទ្ធិមនុស្សអាស៊ាន Teddy Baguilat បានថ្លែងដូច្នេះ៖« វាចាច្បាប់ដែលត្រូវបានបង្កើតឡើងដើម្បីបំបិទមាត់អ្នករិះគន់រដ្ឋាភិបាល និងដើម្បីរឹតត្បិតការជជែកដេញដោលសាធារណៈ។ វាមិនគួរត្រូវបានគេអនុម័តឡើងតាំងពីដំបូងឡើយនោះ»។
តាមពិតទៅច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយត្រូវបានអនុម័តក្នុងខែមេសាឆ្នាំ ២០១៨នេះ ក្រោយមានស្នើសុំពីសំណាក់រដ្ឋាភិបាលលោក ណាជីប រ៉ាហ្សាក់។ ច្បាប់នេះពិន័យលុយ ១២២០០០ដុល្លារ និងដាក់ពន្ធនាគាររហូតដល់ ៦ ឆ្នាំចំពោះអ្នកដែលប្រព្រឹត្តបទល្មើសពាក់ព័ន្ធព័ត៌មានក្លែងក្លាយនេះផង។
ក្រុមសិទ្ធិមនុស្សនិងអ្នករិះគន់បានចោទប្រកាន់ថា រដ្ឋាភិបាលលោក ណាជីប ចេញច្បាប់នេះដើម្បីរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមុខនិងសង្កត់សង្កិនអ្នកប្រឆាំងមុនពេលបោះឆ្នោតចូលមកដល់កាលពីខែឧសភាដែលមានសម្ព័ន្ធបក្ស Pakatan Harapan ឈ្នះឆ្នោតនោះ។
មុនពេលបោះឆ្នោតមកដល់កាលនោះ លោក មហាធៀ ក៏ត្រូវអាជ្ញាធរម៉ាឡេស៊ីចោទប្រកាន់ក្រោមច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយនេះដែរ។ អាជ្ញាធរចោទប្រកាន់លោក មហាធៀ បន្ទាប់ពីគេបើកការស៊ើបអង្កេតជុំវិញការអះអាងរបស់លោកផ្ទាល់ថា វាមានគេព្យាយាមបំផ្លាញយន្តហោះដែលលោកជិះមុនថ្ងៃបោះឆ្នោតមកដល់៕
Tag:
ម៉ាឡេស៊ី
ច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយ
មហាធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com