អន្តរជាតិ
អាមេរិក​ព្រមាន​រដ្ឋាភិបាល​ហ្វីលីពីន​ដែល​ចង់​ទិញ​នាវាមុជទឹក​ពី​រុស្ស៊ី​
17, Aug 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​អាមេរិក​បាន​ព្រមាន​ហ្វីលីពីន​ដែលមាន​បំណង​ចង់​ទិញ​អាវុធ​ធុន​ធ្ងន់​ពី​រុស្ស៊ី​ជំនួស​ឲ្យ​ការទិញ​ពី​សម្ព័ន្ធមិត្ត​អាមេរិក និង​ស្នើ​ឲ្យ​ហ្វីលីពីន​ពិចារណា​ឡើងវិញ​ដ្បិតថា អាមេរិក​ជា​ដៃគូ​មួយ​ដែល​ល្អ​ជាង​រុស្ស៊ី​។​



​ថ្ងៃ ១៦ ខែសីហា ឧបការី​រដ្ឋមន្ត្រី​ការពារជាតិ​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​អាស៊ី និង​ប៉ាស៊ីហ្វិក​លោក Randall Schriver បាន​អះអាង ហ្វីលីពីន​ត្រូវ​គិតគូរ​ដោយ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​ទិញ​សព្វាវុធ​នេះ​ព្រោះ​វា​ប៉ះពាល់​សម្ព័ន្ធភាព​រវាង​អាមេរិក និង​ហ្វីលីពីន​ដែលមាន​យូរអង្វែង​មក​នោះ​។

​តាម​សារព័ត៌មាន​ហ្វីលីពីន Rappler មន្ត្រីជាន់ខ្ពស់​រូបនេះ​បាន​និយាយ​ដូច្នេះ​៖​ បើសិនជា​គេ​បន្ត​នីតិវីធី​បញ្ជា​ទិញ​អាវុធ​ធុន​ធ្ងន់​ពី​រុស្ស៊ី​នោះ ខ្ញុំ​មិន​គិតថា វា​ជា​រឿង​ប្រសើរ​ឡើយ​សម្រាប់​ទំនាក់ទំនង​ក្នុងនាម​ជា​សម្ព័ន្ធមិត្ត​ទេ ហើយ​ខ្ញុំ​គិតថា ចុងក្រោយ​ទៅ​យើង​នៅ​ជា​ដៃគូ​ដែល​ល្អ​ជាង​រុស្ស៊ី​សម្រាប់​ហ្វីលីពីន​។

​លោក Schriver ពន្យល់ថា ហ្វីលីពីន​គួរ​ទិញ​អាវុធ​ពី​អាមេរិក​ក្នុងនាម​ជា​មហាអំណាច ព្រោះ​អាមេរិក​ចាត់ទុក​ហ្វីលីពីន​ជា​សម្ព័ន្ធមិត្ត​ដ៏​ចំណាស់​មួយ​របស់ខ្លួន​នៅ​អាស៊ី​។  លោក​បន្ថែមថា ហ្វីលីពីន​មិនគួរ​ចំណាយលុយ​ទិញ​សព្វាវុធ​ពី​រុស្ស៊ី​ឡើយ ព្រោះ​វា​មានរឿង​អវិជ្ជមាន​ច្រើន​ក្នុងនោះ​មានការ​ត្របាក់​យក​ទឹកដី​គ្រី​មៀ​ពី​អ៊ុយ​ក្រែ​ន​, ការប្រើប្រាស់​អាវុធ​គីមី​ប្រឆាំង​អតីត​ចារកម្ម​រុស្ស៊ី និង​បញ្ហា​ច្រើន​ទៀត​ដែរ​។​

​តាមពិតទៅ ការលើកឡើង​របស់​ម​ន្ត្រី​ជាន់ខ្ពស់​អាមេរិក​នេះ​គឺ​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ជុំវិញ​ចេតនា​បញ្ជា​ទិញ​សព្វាវុធ​ធុន​ធ្ងន់​ពី​រុស្ស៊ី​របស់​រដ្ឋាភិបាល​ហ្វីលីពីន​។​
​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​លោក  Delfin Lorenzana បាន​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​ថា ហ្វីលីពីន​កំពុង​ស្វែងរក​ទិញ​នាវាមុជទឹក​ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​ជើង​ទឹក ហើយ​រុស្ស៊ី កូរ៉េខាងត្បូង​និង​បារាំង​ជាដើម​នោះ​ជាទី​ផ្សារ​អាវុធ​ដែល​ហ្វីលីពីន​សំឡឹង​ឃើញ​។

​ប៉ុន្តែ​ប្រមុខ​ការពារជាតិ​ហ្វីលីពីន​រូបនេះ​បាន​ព្រលយ​ថា ហ្វីលីពីន​ទំនងជា​ជ្រើស​រើសយក​រុស្ស៊ី ហើយ​កិច្ចព្រមព្រៀង​ទិញ​នាវាមុជទឹក​នោះ​នឹង​អាច​ចុះ​រួមគ្នា​ខាងមុខ​ផង​។ បើសិនជា​កិច្ចព្រមព្រៀង​ត្រូវ​ចុះហត្ថលេខា​មែន​នោះ រុស្ស៊ី​នឹង​អាច​ផ្គត់ផ្គង់​នាវាមុជទឹក​បួន​គ្រឿង​(Kilo class) ដល់​ហ្វីលីពីន​ផង​។​

​ហ្វីលីពីន​ក្រោម​អាណត្តិ​ដឹកនាំ​របស់​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ មិន​ដែរ​មានបំណង​ចង់​ពឹង​ផ្អែកលើ​អាមេរិក​ដូច​មេដឹកនាំ​ហ្វីលីពីន​មុនៗ​ឡើយ​។ លោក​បញ្ជាក់ថា ហ្វីលីពីន​ត្រូវមាន​គោលនយោបាយ​ការបរទេស​ដែល​ឯករាជ្យ​មិន​រណប​មហាអំណាច​ទោះជា​សម្ព័ន្ធមិត្ត​ក៏ដោយ ហើយ​ដើម្បី​ធានាបាន​ថា​ខ្លួន​ឯករាជ្យ​ហ្វីលីពីន​ត្រូវរ​ត់រក​ដៃគូ​សហប្រតិបត្តិ​ការ​ថ្មី​បន្ថែម​ដូចជា​រុស្ស៊ី​និង​ចិន​។  ក្នុង​ចុងខែ​ឧសភា​ឆ្នាំមុន លោក បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅ​រុស្ស៊ី ហើយ​ក៏បាន​ឆ្លៀតឱកាស​ជជែក​ពិភាក្សា​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ និង​សុំ​ទិញ​សព្វាវុធ​ធុន​ធ្ងន់​ពី​រុស្ស៊ី​ផងដែរ​៕



Tag:
 អាមេរិក​
  រុស្ស៊ី​
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com