អន្តរជាតិ
មេដឹកនាំ​តៃវ៉ាន់​បំពេញ​ទស្សនកិច្ច​នៅ​បេ​លី​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ចិន​ប្រើ​លុយ​ទាក់​សម្ព័ន្ធមិត្ត​ខ្លួន​ទៀត​
17, Aug 2018 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​តៃវ៉ាន់​ចាប់ផ្តើម​ទស្សនកិច្ច​នៅ​ប្រទេស​បេ​លី (Belize) នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១៦ ក្នុង​គោលដៅ​លើកស្ទួយ​ទំនាក់ទំនង​ការទូត​ទ្វេភាគី​។ មេដឹកនាំ​តៃវ៉ាន់​ប្រឹងប្រែង​ខ្លាំង​ដើម្បី​រឹតបន្តឹង​សម្ព័ន្ធភាព​ជាមួយ​មិត្ត​ដែល​នៅ​សេសសល់ ស្របពេល​ដែល​ចិន​បន្ត​ប្រើ​នយោបាយ​ការទូត​លុយ​ដុល្លារ​អូសទាញ​មិត្ត​តៃវ៉ាន់​ម្តងៗ​មួយ​កន្លងមក​។



​នេះ​ជា​ទស្សនកិច្ច​លើកដំបូង​របស់​ប្រមុខរដ្ឋ​តៃវ៉ាន់​លោកស្រី Tsai Ing-wen  ទៅកាន់​រដ្ឋ​អាមេរិក​កណ្តាល បេ​លី (Belize) ក្នុង​គោលបំណង​រឹតបន្តឹង​សម្ព័ន្ធភាព​ទ្វេភាគី​ដែល​ចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ ១៩៨៩​មក​នោះ​។

​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ពេល​ស្ថិត​ក្នុងប្រទេស​បេ​លី លោកស្រី​បាន​ជួបពិភាក្សា​ជា​លក្ខណៈ​ឯកជន​ជាមួយ​រដ្ឋមន្ត្រីការបរទេស​បេ​លី និង​មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត​ដែរ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ លោកស្រី​ត្រូវ​ទទួលបាន​គ្រឿង​ឥស្សរិយយស​ពី​រដ្ឋាភិបាល​បេ​លី​សម្រាប់​មេដឹកនាំ​បរទេស និង​ទទួលបាន​ការអញ្ជើញ​ឲ្យ​ផ្តល់​សុន្ទរកថា​ទៅកាន់​សភា​បេ​លី​ថ្ងៃ​សុក្រ​នេះ​ថែម​ទៀតផង​។​

​ក្នុង​ដំណើរ​ឆ្ពោះទៅ​បេ​លី​នេះ លោកស្រី Tsai Ing-wen  បាន​ឆ្លៀត​ចូល​សហរដ្ឋអាមេរិក​ដែរ​។ បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​នៅ​បេ​លី​នេះ លោកស្រី​នឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​ប៉ា​រ៉ា​ហ្កា​យ​ទៀត​។

​ដោយឡែក ស្ថានទូត​តៃវ៉ាន់​ប្រចាំ​ប្រទេស​បេ​លី​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដែរ​មុន​ទស្សនកិច្ច​របស់លោក​ស្រី Tsai Ing-wen ដោយ​បង្ហាញថា ចំណងមិត្តភាព​រវាង​តៃវ៉ាន់ និង​បេ​លី​នៅតែ​រឹងមាំ​ខ្លាំង​គ្មានអ្វី​បំបែក​បាន​។

​សេចក្តីថ្លែងការណ៍​ដដែល​នោះបាន​អះអាងថា​តៃវ៉ាន់​ជា​កល្យាណមិត្ត​របស់​បេ​លី ហើយ​បេ​លី​វិញ​នៅតែ​ជា​សម្ព័ន្ធមិត្ត​មួយ​ដែល​នៅ​បន្ត​គាំទ្រ​តៃវ៉ាន់​ឥត​ងាករេ​ក្នុងការ​ចូលរួម​ជាមួយ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ​។ 

​តាមពិតទៅ តៃវ៉ាន់​ចំណាយលុយ​ច្រើន​រយ​លាន​ដុល្លារ​ដែរ​ដើម្បី​ផ្តល់​ឲ្យ​រដ្ឋ​អាមេរិក​កណ្តាល​នេះ​។ ជំនួយ​ហិរញ្ញវត្ថុ​របស់​តៃវ៉ាន់​នោះ​មាន​រូបរាង​ជា​អាហារូបករណ៍​, ជំនួយ​អភិវឌ្ឍ​កសិកម្ម និង​លើកស្ទួយ​វិស័យ​សុខាភិបាល​ជាដើម​ផង​។

​បេ​លី​ជា​ប្រទេសមួយ​ក្នុងចំណោម​សម្ព័ន្ធមិត្ត​តូចៗ​និង​ក្រីក្រ​ចំនួន ១៨ លើ​ពិភពលោក​ដែល​បន្ត​ទទួលស្គាល់​តៃវ៉ាន់​ជា​រដ្ឋ​។ សម្ព័ន្ធមិត្ត​តៃវ៉ាន់​បន្ត​រត់ចេញ​ម្តង​មួយៗ​កន្លងមក ដោយសារ​ចិន​ព្យាយាម​ប្រើប្រាស់​នយោបាយ​ការទូត​ដុល្លារ ព្រោះ​តៃវ៉ាន់​មិនអាច​មានប្រៀប​លើ​ចិន​ឡើយ និយាយ​ដូច​រឿង​លុយ​។ ដូច​ឃើញស្រាប់ ប៊ូ​គី​ណា​ហ្វា​សូ និង​សាធារណរដ្ឋ​ដូ​មី​និក​ទើប​រត់ចោល​តៃវ៉ាន់​ទៅ​ស្រវា​លុយ​ដុល្លារ​ចិន​កាលពីដើម​ឆ្នាំនេះ​។

​បួ​គី​ណា ហ្វា​សូ និង​សាធារណរដ្ឋ​ដូ​មី​និក​ដោះដៃ​ចេញពី​តៃវ៉ាន់ បន្ទាប់​បា​ណា​ម៉ា​ផ្តាច់ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​និង​ងាក​ទៅ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ចិន​វិញ​កាលពី​ខែមិថុនា​ឆ្នាំ ២០១៧៕


Tag:
 តៃវ៉ាន់​
  បេ​លី​
  Tsai Ing-wen
© រក្សាសិទ្ធិដោយ thmeythmey.com