ភ្នំពេញ៖ អ្វី ដែលលោក គឹម សុខ ធ្លាប់ធ្វើកន្លងមក ជាពិសេសការបើកបង្ហាញការពិតពីបញ្ហានយោបាយនិងសង្គម គឺលោក នៅតែបន្ត ដោយមិនបោះបង់ និងមិនរាថយជាដាច់ខាត។ កុំថាឡើយបំភិតបំភ័យ ទោះជាត្រូវជាប់ពន្ធនាគារម្តងទៀត ក៏អ្នកវិភាគរូបនេះ មិនតក់ស្លុត ឬចាញ់ច្រាបដែរ។
រយៈពេល១៨ខែក្នុងពន្ធនាគារ បានធ្វើឲ្យលោក គឹម សុខ ស្រកទម្ងន់មិនតិចទេ ហើយសាច់ឈាមវិញ ក៏មើលទៅ ដូចជាស្លេកស្លាំងដែរ។ ប៉ុន្តែ ស្មារតី និងភាពក្លាហានរបស់អ្នកវិភាគដ៏មានប្រជាប្រិយភាពរូបនេះ នៅតែមានដដែល។
បើនិយាយទៅ គុក-ច្រវាក់ ប្រហែលជាមិនអាចមានឥទ្ធិពល ដើម្បីបន្សាបការប្តេជ្ញារបស់លោក គឹម សុខ ឡើយ។ ទោះជាធ្លាប់ជាប់ពន្ធនាគារ ដោយសារតែពាក្យសម្តីនេះក៏ដោយ ក៏លោក នៅតែមិនបាក់ស្បាត។
គ្រាន់តែរួចផុតពីពន្ធនាគារភ្លាម លោក គឹម សុខ ក៏បានប្រាប់ពីឆន្ទៈនិងបំណងរបស់លោក ក្នុងការបន្តអត្ថាធិប្បាយពីបញ្ហានយោបាយ និងការធ្វើកិច្ចការសង្គម។ លោក ហ៊ានអះអាងយ៉ាងម៉ឺងម៉ាត់បែបនេះ ដោយសារតែលោក ជឿលើភាពស្អាតស្អំរបស់លោក។ លោក លើកឡើងថា អ្វីដែលលោកធ្វើ គឺស្របច្បាប់ និងដើម្បីប្រយោជន៍ប្រទេសជាតិ។
ចោមរោមដោយព្រះសង្ឃ ប្រជាពលរដ្ឋ និងអ្នកកាសែត នៅក្នុងវត្តពោធិយារាមហៅវត្តចាស់ លោក គឹម សុខ ដែលគេចាត់ទុកជាអ្នករិះគន់រដ្ឋាភិបាលឥតសំចៃមាត់ បាននិយាយទាំងទឹកមុខមាំទាំ យ៉ាងដូច្នេះថា៖«ខ្ញុំ និយាយប៉ុណ្ណឹង គេចាប់ខ្ញុំដាក់គុក។ ចេញពីគុក ខ្ញុំនឹងធ្វើលើសដើម ពីព្រោះខ្ញុំ មិនមែនជាភេរវក ឬក៏ចង់ផ្តួលរំលំរដ្ឋាភិបាលទេ។ ខ្ញុំ ធ្វើក្នុងផ្លូវមួយ ដើម្បីលើកតម្លើងប្រជាធិបតេយ្យ និងយុត្តិធម៌ ដែលជាគោលនៃនីតិរដ្ឋ»។
លើសពីនេះ លោក គឹម សុខ បានបង្ហាញជំហរថា លោក នឹងបន្តធ្វើកិច្ចការរបស់លោក ដែលធ្លាប់ធ្វើពីមុន។ កិច្ចការងារ ដែលលោក នឹងបន្តធ្វើ គឺការស្រាវជ្រាវ និងការចងក្រងគំនិត ដើម្បីបណ្តុះបណ្តាល និងផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋទូទៅ ឲ្យចូលរួមឲ្យបានកាន់តែផុសផុល ក្នុងកិច្ចការសង្គម និងការលើកកម្ពស់ប្រជាធិបតេយ្យ។ លោក ចាត់ទុកកិច្ចការទាំងនេះ ថាជាកាតព្វកិច្ច ដែលលោក ត្រូវតែធ្វើ ជាពិសេសស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន។
អ្នកវិភាគ ដែលជាប់ពន្ធនាគារព្រោះតែបណ្តឹងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់បែបនេះថា៖«ខ្ញុំនឹងចែករំលែកគំនិតរបស់ខ្ញុំ។ វា អត់មានអី្វដែលខុសច្បាប់ទេ។ បើអត់ខុសច្បាប់ យើង ត្រូវតែបន្ត តែធ្វើដោយអហិង្សា។ បើអត់ហ៊ានបន្ត មានន័យថា អ្នកខុសច្បាប់ នឹងកាន់តែមានទឹកមាត់លេប [បានចិត្ត] ហើយយកឈ្នះយើង យកឈ្នះជាតិយើង»។
«តើលោក បារម្ភ ឬក៏មានកង្វល់ទេ បើលោក បន្តធ្វើកិច្ចការដូចមុន?» នេះជាសំណួរ ដែលអ្នកកាសែតសួរទៅលោក គឹម សុខ។ អ្នកវិភាគ ដែលអ្នកខ្លះចាត់ទុកជាលោកបណ្ឌិត កែម ឡីទីពីរ បានឆ្លើយដោយឥតរារែកថា បារម្ភ ប្រាកដជាមាន ហើយកង្វល់ ក៏មិនអត់ដែរ។ ប៉ុន្តែ លោក បន្ថែមថា ក្តីបារម្ភនិងក្តីកង្វល់ទាំងនេះ មិនមែនជាឧបសគ្គ ដែលរុញលោក ឲ្យចាកចេញពីការងារ ដែលលោកចង់ធ្វើឡើយ។ លោក បន្តថា កង្វល់របស់ជាតិ គឺធំជាងកង្វល់បុគ្គលផ្ទាល់ខ្លួលោកទៅទៀត ដែលជាមូលហេតុ ធ្វើឲ្យលោក មិនអាចបិទមាត់និងធ្មេចភ្នែកពីរឿងនយោបាយនិងកិច្ចការសង្គម។
លោក គឹម សុខ ដែលអះអាងថាលោកមិនតក់ស្លុតនឹងការបំភិតបំភ័យ បានសង្កត់ធ្ងន់ យ៉ាងដូច្នេះ ៖«ជាប់គុកមួយឆ្នាំ-ពីរឆ្នាំ ហើយយើងនាំគ្នាចុះចាញ់គេ អ៊ីចឹងយូរៗទៅ យើងនឹងចុះចាញ់គេដោយខ្លួនឯង។ ពេលយើងចុះចាញ់គេ មិនមែនបុគ្គលជាអ្នកចាញ់ទេ គឺជាតិយើងជាអ្នកចាញ់។ បើយើង ត្រៀមខ្លួនរួចហើយ ថាចូលគុក កុំខ្លាច ។ បើថ្ងៃណាគេចាប់ដាក់គុក ជាប់គុកទៀតទៅ»។
នៅពេលសួរពីឆន្ទៈក្នុងការធ្វើនយោបាយ លោក គឹម សុខ ឆ្លើយថា វា ជារឿងបន្ទាប់ទេ ហើយលោក ក៏មិនទាន់សម្រេចចិត្តដែរ។ យ៉ាងណា លោក បានស្នើឲ្យប្រជាពលរដ្ឋគ្រប់និន្នាការ ជម្រុះចោលនូវការប្រកាន់ក្រុមនេះ ឬក្រុមនោះ ទើបសង្គមមានការរួបរួម។
ចប់ពីសួររឿងបន្តអត្ថាធិប្បាយបញ្ហានយោបាយនិងសង្គម អ្នកកាសែត ក៏ចង់ដឹងពីជីវិតរបស់លោ គឹម សុខ នៅក្នុងពន្ធនាគាររយៈពេល១៨ខែវិញម្តង។ លោក គឹម សុខ មិនរាយរាប់វែងឆ្ងាយឡើយ ដោយលោក និយាយយ៉ាងខ្លីថា ជីវិតក្នុងពន្ធនាគារ គឺលំបាកហួសពីបរិយាយ។
លោក គឹម សុខ ប្រាប់គេឯងថា សូម្បីតែសរសេរ អានសៀវភៅ ឬកាសែត ក៏លោក មិនត្រូវបានគេអនុញ្ញាតដែរ ខណៈបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារមិនបានហាមឃាត់។ លោក បន្ថែមថា រហូតទាល់តែលោក ជាប់ពន្ធនាគារជិត១៥ខែទៅហើយ ទើបគេ បន្ធូរចំពោះលោកបន្តិច ដោយបើកសិទ្ធិឲ្យអានកាសែត។ លោក លាតត្រដាងថា៖«គេមិនឲ្យខ្ញុំ អាន មិនឲ្យខ្ញុំ សរសេរអ្វីទាំងអស់។ គេធ្វើតែលើខ្ញុំ តែអ្នកផ្សេងៗ អានបាន»។
ក្រោយចេញពីពន្ធនាគារ លោក គឹម សុខ បាននឹកឃើញស្តាម៉ាតស្តុំបូកគោមុនគេ ដែលជាកន្លែងឃាតក បាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីជាងពីរឆ្នាំមុន។ លោក បានទៅទីនោះ ដើម្បីអុចធូបនិងគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ដែលលោក លើកតម្កើងជាអ្នកស្នេហាជាតិ។
បន្ទាប់មក លោក គឹម សុខ ក៏ធ្វើដំណើរទៅកាន់វត្តចាស់ ដែលជាទីតម្កល់សពលោកបណ្ឌិត កែម ឡី រយៈពេលកន្លែខែ មុននឹងបញ្ជូនទៅបញ្ចុះនៅស្រុកកំណើត ក្នុងខេត្តតាកែវ។ ដល់វត្តចាស់ លោក គឹម សុខ បាននិមន្តព្រះសង្ឃ ឲ្យស្រោចទឹក ដើម្បីលាងជម្រះអពមង្គលទាំងអម្បាលម៉ាន ចេញពីជីវិតរបស់លោក។
ការទទួលបានសេរីភាពឡើងវិញនាពេលនេះ អាចនិយាយបានថា ភាពខ្មៅងងឹត បានរសាត់ផុតពីជីវិតរបស់លោក គឹម សុខ ហើយ។ ប៉ុន្តែ លោក មិនទាន់ស្រឡះចិត្តទាំងស្រុងឡើយ ដ្បិតលោក នៅជាប់បណ្តឹងផ្សេងទៀត។ លោក បានរងបណ្តឹងដល់ទៅពីរឯណោះ ពីសំណាក់លោក គី តិច មេធាវីតំណាងឲ្យសម្តេច ហ៊ុន សែន។
លោក គឹម សុខ រងបណ្តឹងទីមួយ ដោយសារតែលោក ចោទសម្តេច ហ៊ុន សែន ថានៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី។ បណ្តឹងទីមួយ ធ្វើឲ្យលោក គឹម សុខ ត្រូវបានជាប់ពន្ធនាគាររយៈពេល១៨ខែ គឺចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដល់ថ្ងៃទី១៧ សីហា ឆ្នាំ២០១៨។ ឥឡូវ បណ្តឹងទីមួយ ចប់សព្វគ្រប់ហើយ បន្ទាប់ពីលោក បានអនុវត្តទោសគ្រប់តាមកាលកំណត់។
ប៉ុន្តែ បណ្តឹងទីពីរ កំពុងស្ថិតក្នុងដៃព្រះរាជអាជ្ញានៅឡើយ ដោយមិនទាន់ជំនុំជម្រះ ឬសម្រេចសេចក្តីនោះទេ។ ដូច្នេះ តាមនីតិវិធី ព្រះរាជអាជ្ញា អាចកោះហៅលោក គឹម សុខ ទៅសួរបានគ្រប់ពេល។ មូលហេតុ ដែលធ្វើឲ្យលោក រងបណ្តឹងទីពីរនេះ គឺដោយសារតែលោក និយាយថាប្រព័ន្ធមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបច្ចុប្បន្ន មានការសម្លាប់មនុស្ស ហើយរកឃាតកមិនឃើញ។
លោក គឹម សុខ បានប្រកាសប្រាប់មហាជនថា លោក នឹងរស់នៅក្នុងប្រទេសកម្ពុជា ដោយមិនគេចខ្លួនទៅក្រៅប្រទេស ព្រោះតែបារម្ភនឹងបណ្តឹងចុងក្រោយនេះទេ៕