កណ្ដាល៖ ពីដើមឡើយដើមបបុសដែលគេត្បាញធ្វើជាកន្ទេល ដើម្បីបានយកទៅប្រើប្រាស់ជាជញ្ជាំងផ្ទះសម្រាប់ប្រជាជននៅតាមទីជនបទ។ ប៉ុន្តែបច្ចុប្បន្ននេះ បបុសត្បាញ ឬហៅម្យ៉ាងទៀតថាជាស្លឹកលាបនោះ ពេញនិយមសម្រាប់យកទៅធ្វើជារោងសម្រាកលំហែ នៅតាមតំបន់រមណីយដ្ឋាន។ មានទីផ្សារសម្រាប់លក់ តែអ្នកប្រកបរបរនេះ ថាតម្លៃនៅថោក ហើយដើមបបុសកាន់តែខ្សត់។ ទោះយ៉ាងណា អ្នកភូមិ៣នៃស្រុកលើកដែក ក្បែរគល់ស្ពានអ្នកលឿងត្រើយខាងលិច បានសុខចិត្តនៅប្រកបរបរកាប់ និងត្បាញដើមបបុសនេះ ដោយមិនព្រមចាកចេញពីភូមិទៅធ្វើការក្នុងរាជធានី ឬទីកន្លែងផ្សេងឡើយ។ អ្នកភូមិនេះ ចង់នៅថែរក្សាគ្រួសារជាង។
ដើម្បីបានជ្រាបច្បាស់ពីការប្រកបមុខរបរត្បាញបបុសនេះ សូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
បើគេធ្វើដំណើរពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ ប្រមាណជាង៦០គីឡូម៉ែត្រ ដោយឆ្លងកាត់គល់ស្ពានអ្នកលឿងត្រើយខាងលិចប្រហែលតែ១០០ម៉ែត្រតែប៉ុណ្ណោះ គេនឹងឃើញមានដើមបបុស ដែលអ្នកភូមិហាលនៅកណ្ដាលថ្នល់ដើម្បីឱ្យឡាន និងម៉ូតូកិនបំបែក។ ដើមបបុសខ្លះ ត្រូវបានដាក់ហាលនៅក្បែរចិញ្ចើមផ្លូវ ខ្លះទៀតត្រូវចងបញ្ឈរផ្អោបជាប់និងដើមឈើធំល្មម។ នៅទីនេះគឺភូមិ៣ ឃុំអំបិលទឹក ស្រុកលើកដែកខេត្តកណ្ដាល ដែលមានអ្នកប្រកបរបរកាប់និងត្បាញបបុសនេះប្រមាណជា៤គ្រួសារដែលសុទ្ធតែជាប់ខ្សែស្រឡាយនឹងគ្នា។
ជាអ្នកកាប់បបុសមួយរូប គឺលោក ហ៊ុង ខ្មៅ បានប្រកបរបរនេះរយៈពេល៥ឆ្នាំមកហើយ។ ត្រូវក្រោកពីម៉ោង៣ទៀបភ្លឺ ដើម្បីដើរទៅកាប់បបុសជាមួយប្រពន្ធ ក្នុងព្រៃមួយដែលស្ថិតនៅចំងាយ២គីឡូម៉ែត្រពីភូមិ លោក ខ្មៅ ត្រូវនៅក្នុងព្រៃនោះពីម៉ោង៥ព្រឹករហូតដល់ម៉ោង២រសៀល ដើម្បីលោកអាចកាប់ដើមបបុសបានប្រមាណ៥បាច់ ដែលមួយបាច់អាចត្បាញបាន២សន្លឹក។
ក្នុងមួយថ្ងៃ លោក ហុង ខ្មៅ និងភរិយា ត្រូវចំណាយពេល៤ម៉ោង ដើម្បីដើរពីផ្ទះទៅព្រៃ និងត្រឡប់មក វិញ នៅលើផ្លូវដ៏ពិបាកដោយអន្លើ។ ធ្វើដំណើរឆ្ងាយជារឿងមួយ ប៉ុន្ដែអ្វីដែលជាបញ្ហានោះ គឺការដើររកដើមបបុសតែម្ដង ព្រោះវាកាន់តែខ្យត់។ ទោះយ៉ាងណាក៏ដោយ ដោយសារតែគ្មានមធ្យោបាយដឹកជញ្ជូនផ្ទាល់ខ្លួន លោក ខ្មៅ ត្រូវទុកដើមបបុសគរគ្នានៅក្នុងព្រៃរហូតដល់ដល់បានច្រើន ទើបលោកជួលគោយន្តអ្នកជិតខាងទៅដឹកជញ្ជូនមកផ្ទះម្តង។
ធ្លាប់ទៅធ្វើសំណង់ច្រើនលើក តែជួបតែមេការមិនបើកប្រាក់ខែឱ្យ លោក ខ្មៅ ស៊ូនៅរករបរកាប់ដើមបបុសនេះ បើទោះតែវាមិនបានប្រាក់ច្រើនក៏ដោយចុះ ក៏លោកអាចនៅមើលថែគ្រួសារបាន។ លោក ហ៊ុង ខ្មៅ បញ្ជាក់៖«ពិបាកផ្លូវដើរ ហើយវាឆ្ងាយ។ ពិបាកដើររកកាប់ណាស់ទម្រាំរកបាន ពីមុននៅតែក្រោយផ្ទះក៏រកបានដែរ ដល់ឥឡូវគេកាប់ព្រៃអស់វាស្បើយ»។
អង្គុយលើគ្រែដែលមានដាក់ចានឆ្នាំងផងនោះ អ្នកស្រី យឹន ធីតា អាយុ២៩ឆ្នាំ ជាអ្នកប្រកបរបរកាប់បបុសត្បាញធ្វើកន្ទេល ឬហៅម្យ៉ាងទៀតថា ត្បាញស្លឹកលាប តពីឪពុកម្ដាយតាំងពីក្មេងមក។ ពាក់អាវដៃខ្លី ដៃស្ដាំចេះតែអេះដៃឆ្វេងត្រង់សាច់ដំដៃមិនឈប់ ក្នុងពេលកំពុងឆ្លើយឆ្លងជាមួយខ្ញុំ អ្នកស្រី ធីតា ពោលថា ក្នុងមួយថ្ងៃ អ្នកស្រីអាចត្បាញបបុសបាន១០សន្លឹក ដែលក្នុងមួយសន្លឹកទំហំ១ម៉ែត្រ៦តឹក។ បបុសមួយសន្លឹកមានតម្លៃ២៥០០រៀល។ ម្រាមដៃខ្លីៗដែលមានសភាពក្រិនគ្រប់ម្រាមនិងពេញផ្ទៃប្រអប់ដៃ អ្នកស្រី ធីតា និយាយថា ទម្រាំត្បាញបានមួយសន្លឹកៗ អ្នកស្រីត្រូវមុតដៃ ពេលខ្លះ រសក បបុសចាក់ចូលក្នុងក្រចកដៃក៏មានដែរ ទោះបីតែគាត់ពាក់ស្រោមដៃហើយក៏ដោយ។ «ជួយកាលរយះដៃ ថ្ងៃមុនរសកបបុសចូលក្រចកដៃមិនទាន់យកចេញបានផង។ ពិបាកណាស់ មានតែមុខរបរហ្នឹង បើយើងមិនរកបានអីឱ្យកូនហូប»។ នេះជាការបញ្ជាក់របស់ អ្នកស្រី ធីតា។
គេត្រូវចំណាយពេលហាលថ្ងៃប្រមាណជាង១សប្ដាហ៍ បន្ទាប់មកត្រូវយកឱ្យឡាន ឬម៉ូតូដែលបើកតាមផ្លូវជាតិលេខ១ កិនឱ្យបែកសិន និងយកទៅឆូតឱ្យក្លាយជាបន្ទះដើម្បីងាយស្រួលត្បាញ ទើបយកមកត្បាញបាន។ និយាយបណ្តើរ ងាកទៅមើលទីតាំងទុកបបុសដែលនៅឆ្ងាយពីខ្លួនបណ្ដើរ អ្នកស្រី ធីតា គេត្រូវហាលបបុសឱ្យស្ងួត ពោលគឺត្រូវតែឱ្យប្រាកដថា វាបានដូរពីពណ៌ខៀវទៅពណ៌ស បើពុំនោះទេ ឈ្មួញនឹងមិនទិញស្លឹកលាបនេះឡើយ។ រស់នៅខាងក្រោមផ្ទះរបស់ម្ដាយបង្កើតខ្លួន ដែលមានសភាពចាស់ជិតទ្រុឌទ្រោមទៅហើយនោះ គ្រួសាររបស់អ្នកស្រី ធីតា មានតែក្ដារកង់ផ្លាកេពណ៌ខ្មៅមួយបន្ទះ គ្មានជញ្ជាំងបិទបាំង ដែលក្រាលលើដីដើម្បីអាស្រ័យសម្រាប់សមាជិកប្រាំនាក់។ មុខរបរតពីឪពុកម្ដាយមួយនេះ មិនអាចធ្វើឱ្យគ្រួសាររបស់អ្នកស្រី ធីតា មានជីវភាពធូរធារឡើយ។ អ្នកស្រីថា វាគ្រាន់តែជួយដោះទាល់បានមួយគ្រាៗតែប៉ុណ្ណោះ ព្រោះតម្លៃនៅថោក ហើយទម្រាំត្បាញបានមួយសន្លឹកត្រូវចំណាយពេលយូរនិងកម្លាំងច្រើន។ អ្នកស្រី ធីតា បន្ថែម៖«ពេលខ្លះទៅខ្ចីអ្នកទិញស្លឹកលាប៥ពាន់មកទិញអង្ករឱ្យកូនចាយសិន អត់ហ៊ានខ្ចីគេច្រើនទេ។ ពេលខ្លះគេអត់លុយដែរ ដល់ពេលគេយកស្លឹកលាបទៅលក់ បានគេបានឱ្យដែរ។ តម្លៃនៅថោក តែមិនដឹងទៅរកអី។ បើលក់ឱ្យអ្នកដំណើរបានមួយសន្លឹក៤ពាន់ដែរ»។
កំពុងអង្គុយឆូតដើមបបុស ក្រោយពីយកឱ្យឡានឬម៉ូតូកិនបំបែកហើយនោះ អ្នកស្រី ឃឹម សាន វ័យ៦៧ឆ្នាំ រាងស្គម ថ្ពាល់ផត ត្រូវជាម្ដាយរបស់ អ្នកស្រី ធីតា បានប្រកបរបរត្បាញដើមបបុសនេះអស់រយៈពេលប្រមាណ២០ឆ្នាំមកហើយ។ ដោយសារតែកម្លាំងធ្លាក់ចុះ សព្វថ្ងៃនេះ អ្នកស្រី សាន បានត្រឹមតែអង្គុយឆូតដើមបបុសតែប៉ុណ្ណោះ ដោយក្នុងមួយថ្ងៃអាចអ្នកស្រីឆូតបាន២បាច់។
មុនបានបបុសឆូត គេត្រូវយកវាទៅឱ្យឡានដែលបើកលើថ្នល់ កិនឱ្យបែកសិន ការណ៍នេះបានធ្វើឱ្យអ្នកដំណើរមួយចំនួនមិនពេញចិត្ត។ មិនពេញចិត្តក៏ព្រោះតែពួកគេទាំងនោះ ភ័យខ្លាចមានគ្រោះថ្នាក់ដោយប្រការណាមួយ ដែលកើតពីដើមបបុសនេះ។ មិនត្រឹមតែអ្នកដំណើរឡើយ សូម្បីអាជ្ញាធរនៅក្នុងមូលដ្ឋាននោះ ក៏បានហាមឃាត់ ដោយធ្លាប់ប្រមូលបបុសដែលអ្នកភូមិហាលកណ្ដាលផ្លូវជាតិលេខ១នេះ យកទៅដុតចោលដែរ។ ប៉ុន្ដែមកដល់ពេលបច្ចុប្បន្ននេះ ដោយឃើញការអង្គុយដំត្រូវចំណាយពេលយូរ និងហត់ផង អាជ្ញាធរក្នុងតំបន់នេះ បានអនុញ្ញាតឱ្យក្រុមអ្នកប្រកបរបរត្បាញបបុសនេះហាលឡើងវិញ ដោយគ្រាន់តែឱ្យបោសសំរាមឱ្យស្អាតតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី ឃឹម សាន។ «ដោយសារកូនទេ ជួយឆូតកូនទៅហើយគេឱ្យប្រាក់ខ្លះទៅ។ ពីមុនគេមិនឱ្យហាលលើថ្នល់ទេ គេថាខ្លាចប៉ះពាល់ដល់អ្នកដំណើរ តែឥឡូវគេឱ្យហាលកិនវិញហើយ ព្រោះគេឃើញយើងដំពិបាកពេកទម្រាំបាន១ៗ ហើយបានគេធ្វើស្ពាននៅទីនោះផងលែងអីហើយ»។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកស្រី ឃឹម សាន។
ងាកមកអ្នកត្បាញបបុសមួយរូបទៀត គឺអ្នកស្រី ភឹម សារ៉ន។ អ្នកស្រីក៏ត្រូវទៅកាប់ផងនិងត្បាញផងដែរ។ ដៃលើកដាក់ដើមបបុសត្បាញនៅជាប់នឹងចញ្ចើមផ្លូវជាតិលេខ១ ក្រោមរោងដែលគេធ្វើសម្រាប់ដាក់ដើមបបុស អ្នកស្រី សារ៉ន អាចត្បាញមួយល្ងាចបានតែ៣បន្ទះតែប៉ុណ្ណោះ។ ក្រោយពីរៀនជិះម៉ូតូមិនបានជោគជ័យ ស្ត្រីវ័យ៣៦ឆ្នាំរូបនេះ ត្រូវដើរទៅកាប់ដើមបបុសនៅព្រៃឆ្ងាយ ដែលត្រូវធ្វើដំណើរពីម៉ោង៥ព្រឹកជាមួយអ្នកភូមិឯទៀត ដោយក្នុងមួយថ្ងៃបានតែ២បាច់តែប៉ុណ្ណោះ។ ទោះបីជាមុខរបរត្បាញបបុស មិនសូវរកចំណូលបានច្រើន ហើយត្រូវចំណាយកម្លាំងច្រើនក្ដី តែអ្នកស្រី សារ៉ន មិនអាចប្ដូររបរនេះ ទៅធ្វើការរោងចក្រឡើយ ព្រោះអ្នកស្រីយល់ថាខ្លួនមិនអាចធ្វើការនៅទីនោះបាន។ អ្នកស្រី សារ៉ន បញ្ជាក់៖ «ពិបាកយើងទៅកាប់ផងមកវិញក្រងទៀត ឱ្យម៉ែឆូតឱ្យទៅ។ ទម្រាំដល់ល្ងាចបាន៣ទៅ៤អីចឹងទៅ៕