ភ្នំពេញ៖ កម្ពុជា នឹងអនុវត្តការងារអនុប្រធានមហាសន្និបាត របស់អង្គការសហប្រជាជាតិ រយៈពេល១ឆ្នាំ គឺនៅខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ខែកញ្ញា ឆ្នាំ២០១៩។ កម្ពុជាក៏បានជាប់ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) សម្រាប់អាណត្តិមួយឆ្នាំ(២០១៩)ផងដែរ។នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកន្លងមក។
កម្ពុជា ក្លាយជាអនុប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៣ បន្ទាប់ពីមានការទទួលស្គាល់ជាផ្លូវការ ដោយប្រទេសនៃក្រុមតំបន់អាស៊ីប៉ាហ្វិក។ ការទទួលស្គាល់នេះ ក្រោយពីកម្ពុជាបានដាក់បេក្ខភាពស្នើទៅអង្គការសហប្រជាជាតិ តាំងពីខែមករា ឆ្នាំ២០១៧មក។
ក្នុងឋានៈជាអនុប្រធានមហាសន្និបាតនេះ កម្ពុជាអាចមានឱកាសដឹកនាំកិច្ចប្រជុំរបស់មហាសន្និបាត ជំនួសមុខប្រធាន និងតាមសំណើររបស់ប្រធាន។ បន្ថែមពីនេះ កម្ពុជា ក៏នឹងក្លាយជាសមាជិកនៃគណៈកម្មាធិការទូទៅ ដែលមានមុខងារ ដូចជាពិនិត្យរបៀបវារៈបណ្ដោះអាសន្ន និងបញ្ជីបន្ថែមចំនុចពិភាក្សា ផ្ដល់អនុសាសន៍ដល់មហាសន្និបាត និងជួយដល់ប្រធានមហាសន្និបាតក្នុងការរៀបចំរបៀបវារៈ សម្រាប់កិច្ចប្រជុំពេញអង្គនីមួយៗ ។ ជាពិសេសការងារទូទៅរបស់មហាសន្និបាតជាដើម។
ក្រៅពីកម្ពុជា ក៏មានប្រទេសចំនួន៤ទៀត ត្រូវបានទទួលស្គាល់ជាផ្លូវការ សម្រាប់ឋានៈជាអនុប្រធានមហាសន្និបាតដែរ។ គួរបញ្ជាក់ថា កម្ពុជា ធ្លាប់ត្រូវបានជ្រើសតាំងលើកដំបូង ជាអនុប្រធាននៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៥៦ អាណត្តិឆ្នាំ ២០០១-២០០២។
ចំពោះតួនាទីអនុប្រធានមហាសន្និបាតនៃអង្គការសហប្រជាជាតិលើកទី៧៣នេះ មានបេក្ខភាពមកពីប្រទេសចំនួន២១ ដែលតំណាងឲ្យតំបន់នីមួយៗ ជុំវិញពិភពលោក ដោយក្នុងនោះរួមមាន៖ ស៊ីប, អាល់ហ្ស៊េរី ,បួគីណាហ្វាសូ, កម្ពុជា ,សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ,ហ្កំប៊ី ,ហ្គីយ៉ាន, អ៊ីរ៉ាក់, ជប៉ុន, ណាមីប៊ី, ប៉ាណាម៉ា, កាតា,សាំងម៉ារ៉ាំង, អេស្ប៉ាញ, ស៊ូដង់, អ៊ុយក្រែន, ចិន ,បារាំង, អង់គ្លេស, អាមេរិកនិង រុស្ស៊ី។
ទាក់ទងនឹងមហាសន្និបាតនៃអង្គការសហប្រជាជាតិលើកទី៧៣ ដែលនឹងរៀបំនៅថ្ងៃទី២៥ កញ្ញាខាងមុខនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងទៅចូលរួម ដោយធ្វើសេចក្តីថ្លែងការណ៍អំពីស្ថានការណ៍ប្រទេសកម្ពុជា នៅចំពោះមុខបណ្ដាប្រទេសជុំវិញពិភពលោកផងដែរ។ បំណងរបស់ប្រមុខរដ្ឋាភិបាលនេះ ធ្វើឡើងបន្ទាប់រដ្ឋសភា និងគណៈរដ្ឋមន្ត្រីអាណត្តិទី៦ បង្កើតឡើង នៅថ្ងៃទី៥-៧ កញ្ញា។
ជាមួយគ្នានេះកម្ពុជា ក៏ជាប់ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) ដែលមានអាណត្តិបំពេញការងារមួយឆ្នាំ (២០១៩) ។ ក្នុងឋានៈនេះកម្ពុជា អាចពិភាក្សានិងផ្តល់យោបល់លើការជំរុញស្តង់ដាររស់នៅឲ្យបានខ្ពស់ ជាពិសេសការបង្កើតការងារឲ្យបានពេញលេញ និងជំរុញលក្ខខណ្ឌនៃការរីកចម្រើនសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍ។ បន្ថែមពីនេះកម្ពុជា ក៏អាចជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងវិស័យអប់រំ រួមទាំងការរកដំណោះស្រាយបញ្ហាសេដ្ឋកិច្ចអន្តរជាតិ និងសុខាភិបាលសង្គម។ កម្ពុជា នឹងជំរុញការគោរពជាសកលចំពោះសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានជាដើម។
កម្ពុជា ក្លាយជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម(ECOSOC) របស់អង្គការសហប្រជាជាតិ ក្រោយពីទទួលបានការគាំទ្រ ដោយសំឡេង១៨៣លើ១៨៨ប្រទេស ក្នុងការបោះឆ្នោត នៅក្នុងសាលមហាសន្និបាតនៃទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូវយ៉ក កាលពីថ្ងៃទី១៣ មិថុនា៕