ជាតិ
ផ្លូវជាតិ​លេខ​៥១ កំពុងមាន​សក្តានុពល​ខ្លាំង​សម្រាប់​វិស័យ​អចលនទ្រព្យ​
18, Aug 2018 , 9:29 pm        
រូបភាព
​ផ្លូវជាតិ​លេខ​៥១ កំពុង​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ក្នុង​វិស័យ​អចលនទ្រព្យ ពិសេស​វិស័យ​ដីធ្លី​។ កំណើន​នៃ​វិស័យ​អចលនទ្រព្យ​ក្នុង​តំបន់​នេះ កើនឡើង​ដោយសារ​ផ្លូវជាតិ​លេខ​៥១​នេះ នឹង​ក្លាយជា​ផ្លូវ​ក្រវ៉ាត់​ក្រុង​នាពេល​អនាគត និង​ជា​ផ្លូវ​យុទ្ធសាស្ត្រ​មួយ សម្រាប់​សម្រួលការ​ធ្វើដំណើ​រ និង​ការដឹកជញ្ជូន​ទំនិញ ឆ្ពោះទៅកាន់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។



​ផ្លូវជាតិ​លេខ​៥១ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ថ្នល់ទទឹង ទៅ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ផ្សារ​ឧដុង្គ ដែលមាន​ប្រវែង​៣៧.៩៥​គីឡូម៉ែត្រ និង​ចម្ងាយ​ប្រមាណ​ជាង​១៨​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ (​គិតពី​ចោមចៅ ទៅ​ផ្សារ​ថ្នល់ទទឹង​)​។ បច្ចុប្បន្ន​ផ្លូវជាតិ​លេខ​៥១​នេះ កំពុងដំណើរការ​សាងសង់ ក្រោម​ហិរញ្ញប្បទាន​ពី​រាជរដ្ឋាភិបាល​ចិន និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ហើយ​គ្រោង​បញ្ចប់​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០២០​។​
 
​លោក សន សៀ​ប ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ឃី រៀល​អ៊ី​ស្ទេ​ត មាន ប្រសាសន៍ថា ដីធ្លី​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥១ មាន​សក្តានុពល​ខ្លាំង សម្រាប់​វិស័យ​ឧស្សាហកម្ម និង​លំនៅដ្ឋាន​។ លោក​បាន​ពន្យល់ថា តំបន់​នេះ​ជា​តំបន់​ខ្ពង់រាប​មិន​លិច​ទឹក ដោយ​ត​ភ្ជាប់​គ្នា​រវាង​ផ្លូវជាតិ​សំខាន់ៗ មាន​ផ្លូវ​វ​រថភ្លើង​ឆ្លងកាត់ ពី​ចំណុច​ផ្សារ​បាត់ដឹង និង​ស្ថិត​នៅជាប់​តំបន់​វិនិយោគ​ថ្មី នៃ​ខណ្ឌ​ព្រែក​ព្នៅ​។ ចំណុច​ទាំងនេះ ជា​អំណោយផល​ល្អ សម្រាប់​តំបន់​ទាំងមូល​។​
 
«​មាន​វិនិយោគិន​ជាច្រើន កំពុង​សម្លឹងមើល​ពីស​ក្តា​នុព​ល​នៅ​ទីតាំង​នេះ និង​បានចាប់ផ្តើម​ទិញ​ដី​ក្នុង​ទ្រង់ទ្រាយ​ធំ សម្រាប់​ការវិនិយោគ​នាពេល​អនាគត​»​។ នេះ​បើតាម​លោក សៀ​ប​។​
 
​ចំណែក លោក ម៉ៃ សា​មន ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់ និង​ស្រាវជ្រាវ​អចលនវត្ថុ នៃ​ក្រុមហ៊ុន ឃី រៀល​អ៊ី​ស្ទេ​ត បាន​ឲ្យ​ដឹងថា​ផ្លូវជាតិ​លេខ​៥១ មាន​សក្តានុពល​សេដ្ឋកិច្ច ដោយសារ​តំបន់​នេះ សម្បូរ​រោងចក្រ​ឧស្សាហកម្ម សិប្បកម្ម គម្រោង​លំនៅដ្ឋាន និង​ការអភិវឌ្ឍន៍​ដី​ឡូ​តិ៍​ជាច្រើន​កន្លែង​។ លោក​បន្ថែមថា នៅតាម​ប​ណ្តោ​ផ្លូវ​លេខ​៥១​នេះ មាន​រោងចក្រ​ជាង​៥០​កន្លែង កំពុងដំណើរការ និង​មាន​ផ្សារ សាលារៀន ស្ថាប័នហិរញ្ញវត្ថុ និង​កន្លែង​សេវាកម្ម​ផ្សេងៗ​។​
 
​លោក សា​មន បាន​បញ្ជាក់ថា​តម្លៃ​ដី​តាម​ប​ណ្តោ​ផ្លូវ​នេះ កំពុង​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ដី​ឡូ​តិ៍​មាន ទំហំ​៥​ម៉ែត្រ x ២០​ម៉ែត្រ មានតម្លៃ​ចាប់ពី ២០.០០០ ដល់​ជិត ៤០.០០០​ដុល្លារ​។ សម្រាប់​ដី​ឆៅ​(​ដី​មិនមាន​ការអភិវឌ្ឍន៍​) ដែលមាន​ក្បាលដី ពី​២០ ទៅ​៣០​ម៉ែត្រការ៉េ មានតម្លៃ​ពី​៦០ ទៅ​១០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​។ បើ​ធៀប​នឹង​មួយ​ឆ្នាំមុន មានតម្លៃ​តែ​៣០ ទៅ​៥០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​។ 
 
​ដី​ដែលមាន​ទំហំ​ធំ ចាប់​ពីមួយ​ហិកតា​ឡើងទៅ​មានតម្លៃ ៣០ ទៅ​៤០​ដុល្លារ ក្នុង​ម៉ែត្រការ៉េ      ខណៈ​ពីមុន​មានតម្លៃ​ពី ១៥ ទៅ ២០​ដុល្លារ​ប៉ុណ្ណោះ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក សា​មន​។​
 
​លោក​លោក ម៉ៃ សា​មន ជឿថា​តម្លៃ​ដី​នឹង​ហក់​ឡើង​ខ្លាំង បន្ទាប់ពី​ផ្លូវជាតិ​លេខ ៥១ បានបញ្ចប់​ការសាងសង់​៕

Tag:
 សេដ្ឋកិច្ច​
 ​អចលនទ្រព្យ​
 ​ផ្លូវជាតិ​
 ​កំពង់ស្ពឺ​
 ​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com