បោះឆ្នោត
អន្តរជាតិ
មេទ័ព​ជើងគោក មាស សុភា មិន​ទៅធ្វើជា​តំណាងរាស្ត្រ​ទេ ក្រោយ​ជាប់ឆ្នោត​
20, Aug 2018 , 11:19 pm        
រូបភាព
នាយឧត្តមសេនីយ៍ មាស សុភា ធ្វើជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញកាំភ្លើងត្បាល់  នៅឃុំស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាប កាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ២០១៤។ រូបពីក្រសួងការពារជាតិ
នាយឧត្តមសេនីយ៍ មាស សុភា ធ្វើជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញកាំភ្លើងត្បាល់ នៅឃុំស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាប កាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ២០១៤។ រូបពីក្រសួងការពារជាតិ
ដោយ: ថ្មីៗ
នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា ដែល​សុំ​ព្យួរ​តំណែង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ហើយ​ទៅ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​នៅ​មណ្ឌល​ខេត្តព្រះវិហារ​សម្រាប់​នីតិកាល​ទី​៦ បានសម្រេច​ចិត្ត​បោះបង់​តំណែង​ជា​តំណាងរាស្ត្រ​នេះ​វិញ ក្រោយ​បាន​ជាប់ឆ្នោត​។ លោក សួស យ៉ា​រ៉ា អ្នកនាំពាក្យ​ម្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឈរ​ជា​បេក្ខជន​បម្រុង​លំដាប់​ទីមួយ នៅ​មណ្ឌល​ខេត្តព្រះវិហារ ជា​អ្នកទទួល​តំណែង​ជា​តំណាងរាស្ត្រ​របស់លោក មាស សុភា​។



​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា លោក មាស សុភា បានដាក់​ពាក្យសុំ​លាលែង​ពី​តំណែង​ជា​តំណាងរាស្ត្រ តាំង​ពីមុន​ការប្រកាស​លទ្ធផល​ផ្លូវការ​មកម្ល៉េះ​។ អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​តាម​នីតិវិធី យើង ត្រូវ​រំកិល​បេក្ខជន​បម្រុង ឡើង​ទៅលើ តាម​លំដាប់​។ នៅ​ខេត្តព្រះវិហារ លោក សួស យ៉ា​រ៉ា ជា​បេក្ខជន​បម្រុង​លំដាប់​ទីមួយ អ៊ីចឹង​ត្រូវដាក់​គាត់​ជំនួស​លោក មាស សុភា​»​។  

​បើតាម​លោក ហង្ស ពុទ្ធា ក្រៅពី​លោក មាស សុភា ដូចជា​មិនឃើញ​មាន​អ្នកណា​ផ្សេង ដាក់ពាក្យ​ទៅ​គ​.​ជ​.​ប ដើម្បី​សុំលាលែង​ឬ​ផ្លាស់ប្តូរ​តំណែង​តំណាងរាស្ត្រ​នោះទេ​។ យ៉ាងណា បេក្ខជន​តំណាងរាស្ត្រ​មួយចំនួន អាច​នឹងត្រូវ​ផ្លាស់ប្តូរ ឬក៏​រក្សា​ឲ្យ​នៅ​ដដែល គឺ​អាស្រ័យ​លើ​ការសម្រេច​របស់​គណបក្ស​។ នៅ​អាណត្តិ​មុនៗ គេ ឃើញថា គណបក្ស​ប្រជា​ប្រជាជន​កម្ពុជា តែងមាន​ទម្លាប់​ផ្លាស់ប្តូរ​បេក្ខជន​តំណាងរាស្ត្រ​ខ្លះៗ ក្រោយ​បោះឆ្នោត​រួច​។ 

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ មិនទាន់​អាច​បញ្ជាក់​បានទេ​ថា នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា នឹង​ត្រឡប់​ទៅកាន់​តំណែង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​វិញ ឬ​យ៉ាងណា​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ បែបនេះ​ថា​៖«​ទាល់តែ​រដ្ឋាភិបាល​ថ្មី បង្កើត​រួច​សិន ទើប​ខ្ញុំ អាចនិយាយបាន​។ ពេលនេះ ខ្ញុំ​មិន​ហ៊ាន​អត្ថាធិប្បាយ​អ្វី​ទេ​»​។

នៅមាន​មេទ័ព​ជាន់ខ្ពស់​ពីររូប​ទៀត គឺ​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន បាន​ព្យួរ​តំណែង​ជា​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម បាន​ព្យួរ​តំណែង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​ទៅ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​។ លោក ប៉ុល សារឿន ឈរឈ្មោះ​នៅ​មណ្ឌល​ខេត្ត​ព្រះសីហនុ ហើយ​លោក គន់ គីម ឈរឈ្មោះ​នៅ​មណ្ឌល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

លោក សៅ សុខា ដែល​បច្ចុប្បន្ន​ជា​មេបញ្ជាការ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវបានតែងតាំង​ជា​អគ្គមេបញ្ជាការ​ស្តីទី​នៃ​កងយោធពល​ខេមរភូមិន្ទ​ជំនួល​លោក ប៉ុល សារឿន ហើយ​លោក ហ៊ុន ម៉ា​ណែ​ត ដែលជា​កូនប្រុស​ច្បង​របស់​សម្តេច ហ៊ុន សែន ត្រូវបានតែងតាំង​ជា​មេបញ្ជាការ​ស្តីទី​នៃ​កងទ័ពជើងគោក​ជំនួស​លោក មាស សុភា និង​ត្រូវបានតែងតាំង​ជា​នាយសេនាធិការ​ចម្រុះ​ស្តីទី​នៃ​កងយោធពល​ខេ​មរភូមិ​ន្ទ ជំនួស​លោក គន់ គីម​។

​ក្រៅពី​តំណែង​ស្តីទីខាងលើ​ មាន​តំណែង​ពេញសិទ្ធិ​ដល់​ទៅ​បួន​ឯណោះ ដែល​លោក ហ៊ុន ម៉ា​ណែ​ត កំពុងតែ​កាន់ គឺ តំណែង​ជា​មេបញ្ជាការរង​នៃ​កងទ័ពជើងគោក​, តំណែង​ជា​មេបញ្ជាការរង​នៃ​កង​អង្គរក្ស​, តំណែង​ជា​មេបញ្ជាការ​នៃ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​, និង​តំណែង​ជា​នាយរង​សេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ​។

​ការបោះឆ្នោត​លើក​នេះ ដែល​គ្មាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​ជ័យជម្នះ​យ៉ាងច្រើន​លើសលុប រហូត​បាន​អាសនៈ​ទាំង​១២៥ ក្នុង​រដ្ឋសភា​។ រដ្ឋសភា​នីតិកាល​ទី​៦ នឹង​ប្រជុំ​លើកដំបូង​នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​មួយថ្ងៃ​ក្រោយមក រដ្ឋាភិបាល​ថ្មី នឹងត្រូវ​បង្កើតឡើង​៕

អត្ថបទទាក់ទង




Tag:
 បោះឆ្នោត​
  មាស សុភា​
  សួស យ៉ា​រ៉ា​
  ហង្ស ពុទ្ធា​
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com