ប្រធាននិងអនុប្រធាន នៃគណបក្សនានា ដែលមិនបានទទួលអាសនៈក្នុងរដ្ឋសភាសម្រាប់ការបោះឆ្នោតនៅនីតិកាលទី៦នេះ នឹងមានឋានៈស្មើទេសរដ្ឋមន្ត្រី និងឋានៈស្មើរដ្ឋមន្រ្តី ហើយថែមទាំងបានប្រាក់ខែផងដែរ បើពួកគេ ស្ម័គ្រចិត្តចូលជា «សមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់» ដែលរដ្ឋាភិបាលទើបនឹងបង្កើតឡើង។
ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន យន្តការថ្មីមួយ ដែលហៅថា «ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់» ត្រូវបានបង្កើតឡើង។ ការបង្កើតក្រុមប្រឹក្សានេះ គឺធ្វើឡើងនៅក្នុងជំនួបរវាងសម្តេច ហ៊ុន សែន ជាមួយប្រធាននិងតំណាងនៃគណបក្សនានា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។
លោក ឈឹម ផលវរុណ អ្នកនាំពាក្យម្នាក់របស់គណបក្សប្រជាជនកម្ពុជា បានប្រាប់អ្នកកាសែតក្រោយបញ្ចប់ជំនួបនោះថា សមាសភាពនៃឧត្តមក្រុមប្រក្សាពិគ្រោះនិងផ្តល់យោបល់ គឺបានមកគណបក្សនយោបាយ។ លោក បន្តថា គណបក្សនីមួយៗ ត្រូវបញ្ជូនតំណាងពីរនាក់ ឲ្យទៅធ្វើជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ លោក បន្ថែមថា តំណាងពីររូប ដែលមកគណបក្សនីមួយៗ ដើម្បីចូលជាសមាជិកនៃក្រុមប្រឹក្សានេះ ហៅថាប្រធានប្រតិភូ និងអនុប្រធានប្រតិភូ។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បញ្ជាក់ថា ប្រធានគណបក្សនីមួយៗ (ប្រធានប្រតិភូ) នឹងមានឋានៈស្មើទេសរដ្ឋមន្ត្រី ហើយអនុប្រធានគណបក្ស (អនុប្រធានប្រតិភូ) នឹងមានឋានៈស្មើរដ្ឋមន្ត្រី ហើយក៏មានប្រាក់ខែផងដែរ ពេលពួកគេ ចូលជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ លោក អះអាងទៀតថា ចំពោះប្រធានប្រតិភូ មិនត្រឹមតែមានឋានៈស្មើទេសរដ្ឋមន្រ្តីទេ តែថែមទាំងក្លាយជាទីប្រឹក្សារបស់រដ្ឋាភិបាល ទៀតផង។
យ៉ាងណាក៏ដោយ លោក ឈឹម ផលវរុណ មិនទាន់អាចបញ្ចាក់បានទេថា សមាជិកនៃក្រុមប្រឹក្សានេះ នឹងទទួលបានប្រាក់ខែប៉ុន្មាន ក្នុងម្នាក់ៗ។
មិនមែនទាល់តែប្រធានឬអនុប្រធានគណប្សនោះទេ ដែលអាចចូលជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ ទោះអ្នកណាផ្សេងក្នុងគណបក្សក្រៅពីប្រធាននិងអនុប្រធាន ក៏អាចចូលបានដែរ។
បើប្រធានឬអនុប្រធានគណបក្សណាមួយ មិនចង់ចូលរួម ហើយឲ្យអ្នកផ្សេងចូលជំនួសវិញ ដូចជា អគ្គលេខាធិការគណបក្ស ជាដើម ក៏អគ្គលេខាធិការគណបក្សនោះ អាចក្លាយជាសមាជិកនៃក្រុមប្រឹក្សានេះដែរ ហើយនឹងមានឋានៈស្មើទេសរដ្ឋមន្ត្រីឬរដ្ឋមន្ត្រី។
ក្រៅពីនេះគណបក្សនយោបាយទាំងនោះ ក៏ជ្រើសរើសមន្រ្តីខ្លួន១នាក់ បម្រើការងារក្នុងលេខាធិការដ្ឋាន របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ផងដែរ។ មន្រ្តីម្នាក់នោះ អាចមានតួនាទីឋានៈស្មើអនុរដ្ឋលេខាធិការ។ នេះបើតាមលោក ឈឹម ផលវរុណ។
គ្រប់តំណាងគណបក្ស អាចធ្វើជាប្រធាននៃក្រុមប្រឹក្សានេះម្តងម្នាក់ ក្នុងរយៈពេលមួយខែ។ ក្រុមប្រឹក្សាខាងលើ ត្រូវបើកកិច្ចប្រជុំម្តងក្នុងរយៈពេលមួយខែ និងក្នុងរយៈពេល៦ខែ ត្រូវជួបជាមួយនាយករដ្ឋមន្ត្រី (សម្តេច ហ៊ុន សែន) ម្តង។ វិមានសន្តិភាព ជាកន្លែងសម្រាប់ប្រជុំរបស់ក្រុមប្រឹក្សានេះ។
គេមិននិយាយពីគណបក្សនយោបាយទាំងអស់ក្នុងប្រទេសកម្ពុជានោះទេ គឺសំដៅតែទៅលើគណបក្សទាំង២០ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតអាណត្តិទី៦នេះប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាត ឲ្យចូលជាសមាជិកនៃក្រុមប្រឹក្សាខាងលើ៕