ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រួសតម្រងនោម ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​មហារីក​អាច​បង្ការ​បាន​ជាមួយនឹង​…
22, Aug 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ទឹកក្រូច​ច្របាច់​ស្រស់​ត្រូវបាន​គេ​ដឹងថា​ជា​ភេសជ្ជៈ​សម្រាប់​អាហារ​ពេលព្រឹក​។ វា​មិន​គ្រាន់តែ​ជួយ​ឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ​ទេ តែ​ក៏​ផ្តល់នូវ​អត្ថប្រយោជន៍​ជា​ជីវជាតិ​ជាច្រើន​ថែមទៀត​ដែរ​។ ទឹកក្រូច​ច្របាច់ និង​ក្រូច​គឺជា​ជម្រើស​អាហារសម្រន់​ដ៏​អស្ចារ្យ ដោយសារតែ​វា​ផ្ទុក​ទៅដោយ​ជីវជាតិ និង​មាន​កាឡូរី​ទាប​។ ក្រូច​មាន​សារធាតុ Flavonoids ជាង ៦០ និង Phytochemicals ខុសៗ​គ្នា​ជាង ១៧០​ប្រភេទ ដែល​ត្រូវបាន​គេ​ដឹងថា មាន​លក្ខណៈ​ជា​អង់​ទី​អុកស៊ីដ​ង់ និង​ប្រឆាំង​ការ​រលាក​តែម្តង​។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​របស់​ទឹកក្រូច​ច្របាច់​ចំពោះ​សុខភាព​មនុស្ស​យើង​តែម្តង​៖



​សុខភាព​បេះដូង​

​អត្ថប្រយោជន៍​សំខាន់​ផ្សេង​មួយ​នៃ​ទឹកក្រូច​ច្របាច់​គឺ​វា​អាចជួយ​បង្ការ​ជំងឺ​បេះដូង​។ សារធាតុ Hesperidin ត្រូវបាន​គេ​ស្គាល់​ថា​ជា​សារធាតុ​របស់​រុក្ខជាតិ ដែល​ជួយ​ការពារ​សរសៃឈាម​អាក់ទែ​កុំ​ឲ្យ​មាន​កំណក​ឈាម ហើយក៏​ពង្រឹង​ដល់​សុខភាព​កោសិកា​ជិតខាង​ផងដែរ​។ ក្រូច​មាន​សារធាតុ Hesperidin គ្រប់គ្រាន់ ដូច្នេះ ការ​ញ៉ាំ​ទឹកក្រូច​ច្របាច់​ស្រស់ ១​កែវ នឹង​ជម្រុញ​ដល់​ការកាត់បន្ថយ​ការកើត​ជំងឺ​គាំងបេះដូង​បាន​។

​បញ្ចុះ​សម្ពាធ​ឈាម​

​សារធាតុ Hesperidin ដែលមាន​ក្នុង​ទឹកក្រូច​ឆ្មា គឺជា​អង់​ទី​អុកស៊ីដ​ង់ ដែល​អាចជួយ​ការពារ​រាងកាយ​ពី​ជំងឺមហារីក និង​ជំងឺ​ផ្សេងៗ​បាន​។ ប៉ុន្តែ​សារធាតុ​រុក្ខជាតិ​រលាយ​ក្នុង​ទឹក​នេះ​ក៏មាន​ឥទ្ធិពល​ទៅលើ​មុខងារ និង​សកម្មភាព​របស់​សរសៃ​ឈាម​តូចៗ​ផងដែរ​។ រឿងនេះ​អាចមាន​ឥទ្ធិពល​ខ្លាំង​មួយចំនួន​ទៅលើ​សម្ពាធ​ឈាម​ទាំងមូល​ដែរ ហើយ​ការសិក្សា​បាន​និយាយ​ពាក់ព័ន្ធ​ទៅលើ​អង់​ទី​អុកស៊ីដ​ង់​ដ៏​ខ្លាំងក្លា​មួយ​នេះ​លើ​ការជួយ​បន្ថយ​ឱកាស​កើត​ជំងឺ​បេះដូង​សរសៃឈាម និង​បន្ថយ​សម្ពាធ​ឈាម​ផ​ថែមទៀត​។​

​បង្ការ​ជំងឺមហារីក​

​វីតាមីន C ដើរតួនាទី​ជា​អង់​ទី​អុកស៊ីដ​ង់ ហើយក៏​ជា​អ្នកការពារ​ពី​ជំងឺមហារីក​ជាច្រើន​ប្រភេទ​ផងដែរ​។ នេះហើយ​គឺជា​ហេតុផល​ដែលថា ទឹកក្រូច​ច្របាច់​ត្រូវបាន​គេ​ណែនាំ​ឲ្យ​ញ៉ាំ​ដើម្បី​ថែរក្សា DNA របស់​កោសិកា​ដែលមាន​សុខភាព​ល្អ​កុំ​ឲ្យ​ក្លាយទៅជា​មហារីក​បាន​។ ជាមួយគ្នានេះដែរ ទឹកក្រូច​ក៏មាន​សារធាតុ Hesperidin ដែលជា​អង់​ទី​អុកស៊ីដ​ង់​ដ៏​សំខាន់​មួយ ជាប់ទាក់ទង​នឹង​ការបន្ថយ​ការលូតលាស់​របស់​ដុំ​សាច់​មហារីក​។ ថ្វីបើ​មានការ​ស្រាវជ្រាវ​ជាច្រើន​ត្រូវធ្វើ​មុនពេល​ទទួលស្គាល់​ឥទ្ធិពល​ពិតប្រាកដ​របស់​ទឹកក្រូច​លើ​ការបង្ការ​ជំងឺមហារីក​ក៏ដោយ តែ​អង់​ទី​អុកស៊ីដ​ង់​រប​ស់វា​ទំនងជា​អាច​បង្ការ​ជំងឺមហារីក​បាន​ច្រើន​ប្រភេទ​រួចហើយ ជាពិសេស​មហារីក​ពោះវៀនធំ​តែម្តង​។

​បង្ការ​គ្រួស​ក្នុង​តម្រងនោម​

​គ្រួស​ក្នុង​តម្រងនោម​ត្រូវបាន​គេ​ស្គាល់​ថា ជា​ជំងឺ​ដែល​បង្ក​ការឈឺចាប់​ខ្លាំង ដូច្នេះ បើសិនជា​អ្នក​ចង់​កុំ​ឲ្យ​មាន​បញ្ហា​នេះ យក​ល្អ​គួរតែ​ញ៉ាំ​ទឹកក្រូច​ច្របាច់​ខ្លះទៅ​។ ទឹកក្រូច​ច្របាច់​ផ្ទុក​ទៅដោយ​សារធាតុ Citrates និង Citric Acid ដែល​ត្រូវបាន​គេ​ជឿថា ជួយ​ដល់​ការកាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​។ ជាមួយគ្នានេះដែរ សារធាតុ Potassium Citrate ត្រូវបាន​គ្រូពេទ្យ​ចេញ​ឲ្យ​ប្រើប្រាស់​លើ​អ្នកជំងឺ​ព្យាបាល​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​ដែរ ខណៈពេលដែល​សារធាតុ Citrate ក្នុង​ផ្លែក្រូច​ត្រូវបាន​គេ​រកឃើញថា​មាន​ឥទ្ធិពល​ដូចគ្នា​។

​បង្ការ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​

​យោងទៅតាម​សមាគមន៍​ជំងឺ​បេះដូង​អាមេរិក​បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​ផ្លែឈើ​ជូរៗ​ច្រើន ជាពិសេស​ផ្លែក្រូច និង​ទំពាំងបាយជូរ ប្រហែលជា​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​លើ​មនុស្ស​ស្រី​បាន​។ អ្នក​ដែល​ញ៉ាំ​ផ្លែឈើ​ជូរៗ​ច្រើន​បំផុត​អាច​បន្ថយ​ការកើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​លើ​ស្ត្រី​ច្រើនជាង​អ្នក​ដែល​ញ៉ាំ​តិច​បំផុត​បាន ១៩​ភាគរយ​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com