ជាតិ
អ្នកនេសាទ​ស្ត្រី​ទម្លាយ​ពី​អារម្មណ៍​ពិត​នៅក្នុង​ភាពយន្ត «​ពិភព​ដែល​បាត់បង់​»
21, Aug 2018 , 7:59 pm        
រូបភាព
អ្នកស្រី​ វី ផល្លា ​ទទួល​បាន​ឱកាស​សហការ​ជាមួយ​ផលិតករ​សញ្ជាតិ​ខ្មែរអាមេរិកាំង​ ដែល​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់ ដើម្បី​ផលិត​ភាពយន្ត​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា «ពិភព​ដែល​បាត់បង់» ដែល​ភាសា​អង់គ្លេស​ហៅថា «Lost World» ដែល​បាន​ផ្តិត​យក​ទិដ្ឋភាព​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​នៅ​ឯ​ខេត្ត​កោះកុង ដើម្បី​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​ការ​បូម​ខ្សាច់​ទៅ​លើ​សហគមន៍។ (Web Screenshot)
អ្នកស្រី​ វី ផល្លា ​ទទួល​បាន​ឱកាស​សហការ​ជាមួយ​ផលិតករ​សញ្ជាតិ​ខ្មែរអាមេរិកាំង​ ដែល​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់ ដើម្បី​ផលិត​ភាពយន្ត​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា «ពិភព​ដែល​បាត់បង់» ដែល​ភាសា​អង់គ្លេស​ហៅថា «Lost World» ដែល​បាន​ផ្តិត​យក​ទិដ្ឋភាព​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​នៅ​ឯ​ខេត្ត​កោះកុង ដើម្បី​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​ការ​បូម​ខ្សាច់​ទៅ​លើ​សហគមន៍។ (Web Screenshot)
ដោយ: VOA
​វ៉ាស៊ីនតោន ៖ អ្នកស្រី វី ផល្លា មាន​អារម្មណ៍​ដិត​ជាប់​ជ្រាលជ្រៅ​ចំពោះ​ស្រុកកំណើត​របស់​អ្នកស្រី នៅឯ​ខេត្តកោះកុង​នៃ​ប្រទេស​កម្ពុជា ដែលជា​ដែនដី​ដែល​ដើម​កោង​កាង​ចាក់ឫស​លើ​ឆ្នេរសមុទ្រ និង​ទឹក​ដែលមាន​ត្រី និង​ក្តាម សម្រាប់​ទ្រទ្រង់​ជីវភាព​របស់​អ្នកភូមិ​រាប់​ជំនាន់​។​



​ជម្រក​ត្រី និង​ទិដ្ឋភាព​បរិស្ថាន​ធម្មជាតិ​ផ្សេងៗ​ទៀត​ត្រូវបាន​បំផ្លាញ នៅពេលដែល​ការ​បូម​ខ្សាច់​ទ្រង់ទ្រាយ​ធំ​បានធ្វើ​ឡើង​នៅឯ​ឆ្នេរសមុទ្រ​ក្នុងភូមិ​កោះ​ស្រឡៅ ដែលជា​ភូមិកំណើត​របស់​អ្នកស្រី ផល្លា​។ អ្នកស្រី ផល្លា ដែលមាន​អាយុ​៣១​ឆ្នាំ និង​ដែលមាន​មុខរបរ​ជា​អ្នកនេសាទ មានទុក្ខ​ព្រួយ​ជាខ្លាំង ពីព្រោះ​តែ​ការ​បូម​ខ្សាច់​ទ្រង់ទ្រាយ​ធំ​នេះ​។​

​អ្នកស្រី​យល់ថា អ្នកស្រី​គ្មាន​អំណាច​ដើម្បី​តតាំង​ជាមួយ​ក្រុមហ៊ុន​អាជីវកម្ម​ធំៗ ដែល​បាន​បូម​យក​ខ្សាច់​ពី​ឆ្នេរសមុទ្រ​នៃ​ប្រទេស​កម្ពុជា​ជាច្រើន​នោះទេ​។ ភាគច្រើន​នៃ​ខ្សាច់​ដែល​បាន​បូម​នោះ បាន​លក់​ឲ្យ​ប្រទេស​សិង្ហ​បុរី ដែល​ប្រទេស​នេះ​កំពុង​ពង្រីក​ដែន​ដីគោក​របស់ខ្លួន​។​

​នេះ​គឺជា​មូល​ហេតុដែល​អ្នកស្រី ផល្លា ទទួលបាន​ឱកាស​សហការ​ជាមួយ​ផលិតករ​សញ្ជាតិ​ខ្មែរ​អាមេរិកាំង ដែល​ធ្លាប់​ទទួលបាន​ពានរង្វាន់ ដើម្បី​ផលិតភាព​យន្ត​ថ្មី​មួយ​ដែលមាន​ឈ្មោះថា «​ពិភព​ដែល​បាត់បង់​» ដែល​ភាសា​អង់គ្លេស​ហៅថា «Lost World» ដែល​បាន​ផ្តិត​យក​ទិដ្ឋភាព​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាជន​នៅឯ​ខេត្តកោះកុង ដើម្បី​បង្ហាញ​ពី​ផលប៉ះពាល់​នៃ​ការ​បូម​ខ្សាច់​ទៅលើ​សហគមន៍​។​

​អ្នកស្រី ផល្លា បាន​ប្រាប់ VOA តាម​ទូរស័ព្ទ​ថា ភាពយន្ត​នេះ​មិនមាន​អត្ថបទ​ភាពយន្ត​ទេ​។ ផ្ទុយទៅវិញ អ្នកស្រី ផល្លា បាន​និយាយ​ពីបទ​ពិសោធន៍​ផ្ទាល់​របស់ខ្លួន ដោយ​ពិពណ៌នា​អំពី​រឿងរ៉ាវ​របស់​សហគម​ន៍​របស់​អ្នកស្រី និង​ជួយ​ផលិតករ​ភាពយន្ត ម៉ម កល្យាណី ក្នុងការ​ផ្តិត​យក​រូបភាព​ដែល​អាច​បង្ហាញ​ពី​ស្ថានភាព​ដែល​ត្រូវការ​អភិរក្ស​ជាបន្ទាន់​។​

​អ្នកស្រី ផល្លា បាន​និយាយថា ចាប់តាំងពី​ការ​បូម​ខ្សាច់​បាន​កើតមានឡើង សិស្ស​ជាច្រើន​បាន​ឈប់រៀន ដើម្បី​ជួយ​គ្រួសារ​របស់​ពួកគេ ដោយសារ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ជីវភាព​អ្នកភូមិ​កាន់តែ​យ៉ាប់យ៉ឺន​ឡើងៗ ក្នុងការ​ប្រកប​របរ​ជា​អ្នកនេសាទ​ដើម្បី​ចិញ្ចឹមជីវិត​។ អ្នកភូមិ​កោះ​ស្រឡៅ​មួយចំនួន បាន​បង្ខំចិត្ត​ចាកចេញ​ពី​ភូមិ​ដើម្បី​ទៅធ្វើ​ការ​នៅឯ​ប្រទេស​ថៃ ឬក៏​ទីក្រុង​ភ្នំពេញ​។​

​អ្នកស្រី ផល្លា បាន​និយាយថា​៖ «​បញ្ហា​វា​កើតឡើង​ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយពេល​ហ្នឹង​។ អញ្ចឹង​វា​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ វា​ចេញមក​ថា វា​ចេញ​មកពី​ដួងចិត្ត​យើង​គឺថា ភាព​ខូចចិត្ត ភាពឈឺចាប់ ភាព​ស្រណោះ​ស្តាយ​របស់​យើង​ហ្នឹង​»​។​

​អ្នកស្រី ផល្លា បាន​និយាយថា អ្នកស្រី​បានធ្វើការ​ជាមួយ​ផលិតករ​ភាពយន្ត ម៉ម កល្យាណី អស់​រយៈកាល​បី​ទៅ​បួន​ខែ​នៅក្នុង​ភូមិ​កោះ​ស្រឡៅ​។ ភាពយន្ត​នេះ​បានបង្ហាញ​ពី​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នកស្រី ការជីក​យក​គ្រុំ និង​ច្រៀង​ចម្រៀង​ដែល​ពិពណ៌នា​អំពី​សម្រស់​នៃ​ដើម​កោង​កាង​នា​ឆ្នេរសមុទ្រ​។​

​អ្នកស្រី ផល្លា បាន​និយាយថា​៖ «​នៅ​កោះ​មួយចំនួន ដែល​យើង​ធ្លាប់តែ​រកបាន​អញ្ចឹង អញ្ចឹង​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ហ្នឹង មាន​អារម្មណ៍​ថា ដូច​ថា​វា​ខ្លោចចិត្ត​ណាស់ ពេលដែល​យើង​បាត់បង់​មុខរបរ​យើង​ទៅ បាត់បង់​កន្លែង​យើង​រកស៊ី​»​។​


(វីដេអូដកស្រង់ពីបណ្តាញ YouTube របស់ Emergence Magazine)

​ភាពយន្ត​នោះ ក៏បាន​ថត​ពី​ដំណើរ​កម្សាន្ត​របស់​អ្នកស្រី ផល្លា នៅឯ​ប្រទេស​សិង្ហ​បុរី​ផងដែរ ដែលជា​ប្រទេស​មាន​បំផុត​មួយ​នៅលើ​ពិភពលោក​។ ខណៈដែល​អ្នកដំណើរ​ជាច្រើន​រីករាយ​នឹង​ភាពរស់រវើក​នៃ​ទេសភាព​ទីក្រុង​របស់​ប្រទេស​សិង្ហ​បុរី អ្នកស្រី ផល្លា បាន​និយាយថា អ្នកស្រី​មាន​អារម្មណ៍​តានតឹង​ជាខ្លាំង​។​

​អ្នកស្រី​បាន​និយាយថា​៖ «​ខ្ញុំ​យំ​មិន​ចេញ ពេលដែល​ខ្ញុំ​ទៅដល់​ប្រទេស​សិង្ហ​បុរី​»​។​

​អ្នកស្រី ផល្លា សង្ឃឹមថា អ្នកស្រី​អាច​ប្រាប់​ប្រជាជន​សិង្ហ​បុរី​ថា ដី​ដែល​នៅក្រោម​ជើង​របស់​ពួកគេ ត្រូវបាន​ទិញ​ពី​កម្ពុជា​ដោយ​ទិញ​ទាំង​ធនធាន​នានា​សម្រាប់​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។​

​អ្នកស្រី​បាន​និយាយថា​៖ «​ពេលទៅដល់​សិង្ហ​បុរី​ហ្នឹង គឺ​វា​ខ្លោចចិត្ត​។ រឹតតែ​ខ្លោចចិត្ត​ជាង​ពេលដែល​យើង​នៅ​ភូមិ​យើង​ទៅទៀត​។ អញ្ចឹង​ហើយ មាន​អារម្មណ៍​ថា​ដូច​គេ​មក​កាត់​សាច់​យើង កាត់​ឈាម​យើង ជីវិត​យើង​យកទៅ ដក​ព្រលឹង​យើង​យកទៅ​អញ្ចឹង​»​។​

​គ្រួសារ​របស់​អ្នកស្រី ផល្លា មាន​ក្តីបារម្ភ​អំពី​ផលវិបាក​ដែល​អាច​កើតមានឡើង​ដោយសារ​ការដែល​ហ៊ាន​និយាយ​ប្រឆាំងនឹង​ការ​បូម​ខ្សាច់ ពីព្រោះ​សកម្មជន​ជាច្រើនរូប ប្រឈម​នឹង​ការគំរាមកំហែង ការ​ធ្វើទុក្ខបុកម្នេញ និង​ការដាក់​ពន្ធនាគារ​។​

​ស្ថាបនិក​នៃ​ក្រុម​សកម្មជន​ការពារ​បរិស្ថាន មាតា​ធម្មជាតិ លោក Alex Gonzalez-Davidson ត្រូវបាន​បង្ខំ​ឲ្យ​ចាក​ចេញពី​ប្រទេស​កម្ពុជា ខណៈពេលដែល​សមាជិក​មាតា​ធម្មជាតិ​ពីររូប​ទៀត​ត្រូវបាន​ជាប់ពន្ធនាគារ ដោយសារ​ពួកគេ​បាន​ថត​វីដេអូ​សកម្មភាព​នាវា​ដឹក​ខ្សាច់​ចេញពី​ឆ្នេរសមុទ្រ​នៃ​ខេត្តកោះកុង​។​

​អ្នកស្រី​ផល្លា​បាន​និយាយថា​៖ «​នៅក្នុង​ក្រុមគ្រួសារ​របស់ខ្ញុំ ដោយសារតែ​ភាពភ័យខ្លាច​របស់គាត់​អញ្ចឹង ពីព្រោះ​កាល​ហ្នឹង អ្នក​ដែល​ពាក់ព័ន្ធ​រឿង​ខ្សាច់​ហ្នឹង​អញ្ចឹង គេ​ចាប់​ដាក់ពន្ធនាគារ​។ អញ្ចឹង​ហើយ ពេលដែល គាត់​ដឹងថា​ខ្ញុំ​ថត​រឿង​ហ្នឹង គាត់​ខ្លាច​ថា​វា​មាន​ពាក់ព័ន្ធ ខ្លាច​ថា​គេ​ចាប់​គេ​អី​»​។​

​អ្នកជិតខាង​របស់​អ្នកស្រី ផល្លា មួយចំនួន ក៏បាន​ព្រមាន​អ្នកស្រី​ផងដែរ​អំពី​ការងារ​របស់​អ្នកស្រី​ជាមួយ «​ភាពយន្ត​ពិភព​ដែល​បាត់បង់​» ដែល​អាចធ្វើ​ឲ្យ​មាន​បញ្ហា​ចំពោះ​ខ្លួនឯង​។​

​អ្នកស្រី ផល្លា បាន​ប្រាប់ VOA ថា​៖ «​គេ​ថា​កុំ​ចេះតែ​ហ៊ាន ប្រយ័ត្ន​ទូក​ទៅ កំពង់​នៅ​»​។​

​ប៉ុន្តែ​អ្នកស្រី ផល្លា បាន​និយាយថា អ្នកស្រី​មិនមាន​ភាព​ភិតភ័យ​ឡើយ ក្នុងការ​និយាយ​ពី​ការ​បូម​ខ្សាច់​នេះ ដោយសារតែ​អ្វីដែល​អ្នកស្រី​បាន​ពិពណ៌នា​គឺ​ផ្អែកលើ​ការពិត​។​

​អ្នកស្រី ផល្លា បាន​និយាយថា​៖ «​ខ្ញុំ​អត់​មាន​អារម្មណ៍​ថា ខ្លាច​អី​ផង ពីព្រោះ​ពេលដែល​ដាក់ចិត្ត​ថត​រឿង​ហ្នឹង​ខ្ញុំ​បាន ដាក់​ទៅ​អស់រលីង​ហើយ​គឺថា មិន​ថា​បញ្ហា​អ្វី​កើត​ឡើងមក​ទេ ខ្ញុំ​ត្រូវតែ​ទទួល​ចំណុច​ហ្នឹង ពីព្រោះ​រឿង​ដែល​ខ្ញុំ​ថត​ហ្នឹង​មិនមែនជា​រឿង​កុហក​។ វា​ជា​រឿង​ពិត ជីវិត​ពិត​»​។​

​អ្នកស្រី ផល្លា មាន​ក្តី​រំពឹងទុក​ខ្ពស់​លើ​ភាពយន្ត​នេះ​។ អ្នកស្រី​សង្ឃឹមថា «​ពិភព​ដែល​បាត់បង់​» នឹង​បង្ហាញ​អ្នកទស្សនា អំពី​ភាពស្រស់ស្អាត​នៃ​កោះ​ស្រឡៅ និង​លើកកម្ពស់​ការយល់ដឹង​របស់​អ្នកទស្សនា​អំពី​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នៃ​ការ​បូម​ខ្សាច់​ក្នុង​សហគមន៍​ក្នុងប្រទេស​កម្ពុជា​។​

​អ្នកស្រី ផល្លា បាន​និយាយថា​៖ «​ខ្ញុំ​សង្ឃឹមថា នៅ​ភូមិ​កោះ​ស្រឡៅ នៅ​ខេត្តកោះកុង​ទាំងមូល​ហ្នឹង នឹង​លែង​មានការ​បូម​ខ្សាច់​តទៅទៀត ហើយ​ខ្ញុំ​សង្ឃឹមថា​ដី coast [​ឆ្នេរ​] តាម​តំបន់​នៅ​កោះ​ហ្នឹង គឺ​ស្ថិតស្ថេរ​។ ព្រៃកោងកាង​ហ្នឹង​នៅតែ​ស្រស់ស្អាត គ្មាន​ការ​ខូ​ត​ខាត បាត់បង់​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com