ជាតិ
សុខភាព
ម្ចាស់​ទីតាំង​ស្តុក​ឱសថ​មួយកន្លែង​ត្រូវ​ចាប់ខ្លួន ក្រោយ​រកឃើញ​ថ្នាំពេទ្យ​ខុសច្បាប់​ជាង​៥០០​កេស​
22, Aug 2018 , 7:59 pm        
រូបភាព
ឱសថខុសច្បាប់មួយប្រភេទ ដែលត្រូវបានរឹបអូសដោយគណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយនៃក្រសួងមហាផ្ទៃ។ (រូបថតដោយគណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ)
ឱសថខុសច្បាប់មួយប្រភេទ ដែលត្រូវបានរឹបអូសដោយគណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយនៃក្រសួងមហាផ្ទៃ។ (រូបថតដោយគណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ)
ដោយ: VOA
​ភ្នំពេញ ៖ អាជ្ញាធរ​ឃាត់ខ្លួន​ជនជាតិខ្មែរ​មួយរូប ក្រោយ​រកឃើញ​ថ្នាំពេទ្យ​ខុសច្បាប់​ជាង​៥០០​កេស នៅ​ទីតាំង​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ ដែល​សង្ស័យថា ជា​កន្លែង​ផ្ទុក និង​ចែកចាយ​ឱសថ​ខុសច្បាប់​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ និង​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល VOA ទទួលបាន​។



​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ចេញ​នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨ បញ្ជាក់ថា កាលពី​ថ្ងៃទី​១៦ ខែសីហា កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះបង្ក្រាប​ទីតាំង​លួច​ចែកចាយ​ថ្នាំពេទ្យ​ខុសច្បាប់​មួយកន្លែង ឈ្មោះ​«​រស្មី​សួគ៌​» ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​រឹបអូស​ថ្នាំពេទ្យ​បាន​ចំនួន​ជាង​៥០០​កេស​។​

​សេចក្តីប្រកាស​ព័ត៌មាន​នោះ​បញ្ជាក់​ក្នុងន័យ​ដើម​ថា​៖

«​ដោយមាន​ការសម្របសម្រួល​ពី​តំណាង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ យើង​បាន​ត្រួតពិនិត្យ​ឃើញ​មាន​ឱសថ​ចំនួន​២៣​មុខ សរុប​ចំនួន ៥០០​កេស​ស្មើនឹង​១.៣២៩.៦២០​គ្រាប់ និង​៦៩.១០៥​កញ្ចប់ និង​ឱសថ​ផុត​សុពលភាព​មាន​ចំនួន​១២​មុខ សរុប​២០​កេស​»​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នោះ​បន្ថែមថា ក្រោយ​ការពិនិត្យ​រួច គណៈកម្មាធិការ​ចម្រុះ​បាន​សន្និដ្ឋាន​បឋម​នូវ​បទល្មើស​ដូចជា​៖

«​សង្ស័យ​ជាទី​តាំង​វេច​ខ្ចប់​ឱសថ​ក្លែងក្លាយ និង​កែ​សុពលភាព​ឱសថ រក្សាទុក និង​ចែកចាយ​ផលិតផល​ឱសថ​ក្លែងក្លាយ និង​ផុត​សុពលភាព​។ គ្មាន​លិខិតអនុញ្ញាត​ឲ្យ​ចែកចាយ​ឱសថ​។ ដំណើរការ​ក្រុមហ៊ុន​មិន​អនុលោម​តាមច្បាប់​»​។​



​លោក​ខាន់ លី​ណា អនុប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ប្រាប់ VOA នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា តំណាង​ក្រុមហ៊ុន​ជា​ជនជាតិខ្មែរ​ម្នាក់ ត្រូវបាន​ឃាត់ខ្លួន​យកទៅ​សួរនាំ​។ យ៉ាងណាក៏ដោយ លោក​មិនទាន់​អាច​បញ្ជាក់បាន​ថា តើ​ឱសថ​ទាំងនោះ​ជា​ប្រភេទ​ឱសថ​អ្វី និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​បែបណា​នោះទេ​។​

​លោក​បញ្ជាក់ថា​៖

«​ចាំមើល​ខាង​ជំនាញ​គាត់​សិក្សា​សិន បាន​គាត់​ចេញ​លទ្ធផល​មក​បាន​យើង​ដឹង​។ យើង​បាន​គ្រាន់តែ​ឃាត់ខ្លួន​ម្ចាស់​សិប្បកម្ម​ម្នាក់​ដើម្បី​សួរចម្លើយ​ទេ​។ សំណុំរឿង​ហ្នឹង​នៅក្នុង​ដៃ​តុលាការ​ហើយ​។ ស៊ីសង​លើ​តុលាការ​លោកអ្នក​សម្រេច​ទេ​»​។​

​កាលពី​ឆ្នាំ​២០១៧ អាជ្ញាធរ​បាន​ដុត​កម្ទេច​ផលិតផល​ក្លែងក្លាយ​រាប់រយ​តោន ដែល​រឹបអូស​បាន​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ រួមមាន​ថ្នាំពេទ្យ គ្រឿងសម្អាង ភេសជ្ជៈ និង​គ្រឿង​បរិភោគ​ជាដើម​។​

​ចំណែក​ក្នុង​រយៈពេល​បី​ខែ​នៃ​ដើមឆ្នាំ​២០១៨​នេះ អាជ្ញាធរ​ឃាត់ខ្លួន​មនុស្ស​១០​នាក់ បញ្ជូនទៅ​តុលាការ​។ ទំនិញ​ក្លែងក្លាយ និង​ទំនិញ​ខុសច្បាប់​ជាង​៨៨​តោន រួមមាន សាច់​ប៉ាត់​តេ ទឹក​សុទ្ធ និង​ស្រា​បៀរ ត្រូវបាន​រឹបអូស​ពី​ក្រុម​ឈ្មួញ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។​

​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ លោក មៀ​ច សុផាន់​ណា នាពេល​ថ្មីៗ​នេះ បាន​លើកឡើងថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មានការ​កើនឡើង​នូវ​ការ​ចរាចរ​ផលិតផល​ក្លែងក្លាយ គឺ​ដោយសារ​កម្ពុ​ជាមាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​តម្រូវការ​ទីផ្សារ​កើនឡើង​។​

​អ្នកឃ្លាំមើល​សង្គម​លើកឡើងថា ការកើនឡើង​នៃ​ការ​ចរាចរ​ផលិតផល​ក្លែងក្លាយ​នៅ​កម្ពុជា គឺ​បណ្តាលមកពី​កង្វះខាត​ការគ្រប់គ្រង និង​ការត្រួតពិនិត្យ​របស់​អា​ជ្ញា​ធរ និង​ថា  ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​ពង្រឹង​ការអនុវត្ត​ច្បាប់ ព្រមទាំង​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​ផលិតផល​ក្លែងក្លាយ​ឲ្យ​បាន​ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com