អន្តរជាតិ
លោកស្រី ស៊ូជី៖ ភេរវកម្មជាប្រភពនៃវិបត្តិជនភៀសខ្លួន មិនមែនការរើសអើងប្រឆាំងជនជាតិរ៉ូហ៊ីងយ៉ាឡើយ
× ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាបានអះអាងពេញៗមាត់ថា ភេរវកម្មជាឬសគលនៃវិបត្តិរ៉ូហ៊ីងយ៉ា ហើយគ្មានឡើយការរើសអើងនៅរដ្ឋរ៉ាក់ខាន (Rakhine) ប្រឆាំងប្រជាជនម៉ូស្លីមរ៉ូហ៊ីងយ៉ា។ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះព្រមានផងដែរពីគ្រោះថ្នាក់ដែលអាចកើតមានឡើងក្នុងតំបន់ បើសិនជាគ្មានដំណោះស្រាយចំពោះបញ្ហាភេរវកម្មនេះ។
ពេលផ្តល់បឋកថាសាធារណៈនៅវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍នាប្រទេសសិង្ហបុរី លោកស្រី អ៊ុងសាន ស៊ូជី វាគ្មានការរើសអើងឬវិសមភាពសង្គមដូចការចោទប្រកាន់ឡើយ។ ឬសគល់ចម្បងនៃវិបត្តិជនភៀសខ្លួនគឺ ចលនាភេរវកម្មដែលបង្កឡើងដោយក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ានៅរដ្ឋរ៉ាក់ខាន។
«គ្រោះថ្នាក់ដែលបង្កឡើងដោយចលនាភេរវកម្មជាប្រភពចម្បងដែលធ្វើឲ្យកើតឡើងវិបត្តិមនុស្សជាតិដ៏ធ្ងន់ធ្ងរមកដល់បច្ចុប្បន្ន។ ដរាបណាបញ្ហាសន្តិសុខនេះមិនត្រូវបានដោះស្រាយទេ ហិង្សាប្រឆាំងគ្នាក្នុងសហគមន៍នៅតែបន្តកើតមាន។ វាមិនមែនត្រឹមតែជារឿងលទ្ធផលអាក្រក់សម្រាប់មីយ៉ាន់ម៉ាទេ ប៉ុន្តែក៏ជាគ្រោះថ្នាក់សម្រាប់តំបន់ និងលើពិភពលោកដែរ»។ នេះជាសម្តីរបស់លោកស្រី ស៊ូជី ដោយអំពាវនាវឲ្យប្រទេសក្នុងតំបន់ចូលរួមសហការប្រឆាំងភេរវកម្ម។
ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះព្យាយាមការពារគោលនយោបាយរបស់រដ្ឋាភិបាលចំពោះរដ្ឋរ៉ាក់ខាន និងជនជាតិរ៉ូហ៊ីងយ៉ាកន្លងមក បើទោះជាសហគមន៍អន្តរជាតិចាត់ទុកទង្វើរបស់កងកម្លាំងសន្តិសុខនោះជាការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរអាចចាត់ចូលជាករណីបោសសម្អាតជាតិសាសន៍ដទៃថែមទៀត។
ឆ្លៀតឱកាសនោះដែរ លោកស្រីបានព្រលយថា អ្នកចាំមើលពីក្រៅមិនយល់ពីឬសគល់នៃបញ្ហា និងស្ថានការណ៍នៅមីយ៉ាន់ម៉ាច្បាស់លាស់ឡើយក្នុងសម័យអន្តរកាលនយោបាយនេះ។ អ្វីដែលកងកម្លាំងមីយ៉ាន់ម៉ាកំពុងធ្វើគឺបោសសម្អាតបណ្តាញក្រុមភេរវជនប៉ុណ្ណោះ។
លោកស្រី ស៊ូជី បាននិយាយដូច្នេះ៖«យើងដែលជាអ្នករស់នៅក្នុងសម័យអន្តរកាលនៅមីយ៉ាន់ម៉ា មើលឃើញបញ្ហានេះខុសពីអ្នកដែលសង្កេតពីក្រោយ ហើយមិនបានរងផលប៉ះពាល់ដោយសារបញ្ហានេះ»។
ចាប់ពីពេលវិបត្តិជនភៀសខ្លួននេះផ្ទុះឡើងថ្ងៃ ២៥ ខែសីហា ប្រជាជនរ៉ូហ៊ីងយ៉ាប្រហែល ៧សែននាក់បានរត់ភៀសខ្លួនពីរដ្ឋរ៉ាក់ខានទៅកាន់ទឹកដីបង់ក្លាដែស ហើយវាមានការចោទប្រកាន់ថា ទាហានមីយ៉ាន់បានដុតបំផ្លាញផ្ទះសម្បែង, រំលោភ សម្លាប់ និងធ្វើទុក្ខបុកម្នេញជនជាតិរ៉ូហ៊ីងយ៉ានេះឥតត្រាប្រណីផង។
សហគមន៍អន្តរជាតិបានបន្តទាមទារឲ្យទាហានមីយ៉ាន់ម៉ាទទួលខុសត្រូវចំពោះយុទ្ធនាការយោធារបស់ខ្លួននៅរដ្ឋរ៉ាក់ខានព្រោះវាបានធ្វើឲ្យប្រជាជនរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ស្លាប់ផង។ សហរដ្ឋអាមេរិកដែលបន្តទិតៀនមីយ៉ាន់ម៉ានោះ បានសម្រេចដាក់ទណ្ឌកម្មមន្ត្រីសន្តិសុខជាន់ខ្ពស់បួននាក់ និងអង្គភាពយោធាមីយ៉ាន់ម៉ាចំនួនពីរផងក្នុងខែសីហានេះក្នុងគោលដៅបង្ខំឲ្យអាជ្ញាធរមីយ៉ាន់ម៉ាប្រឹងដោះស្រាយបញ្ហាឲ្យឆាប់ចប់ និងកំណត់មុខសញ្ញាអ្នកត្រូវទទួលខុសត្រូវ៕
Tag:
អ៊ុងសាន ស៊ូជី
រ៉ូហ៊ីងយ៉ា
ភេរវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com