ពីនេះ ពីនោះ
«​នវកម្ម​» និង​«​អនុក​ម្ម​» តើ​ពិតជា​មានន័យ​ដូចគ្នា​ឬទេ​?
26, Aug 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ចំពោះ​ពាក្យ​ទាំងពីរ បើសិនជា​គេ​មិនបាន​ត្រួត​ពិនិត្យមើល​ឲ្យ​ច្បាស់​នោះ ប្រាកដជា​គិតថា​មាន​អត្ថន័យ​ដូចគ្នា​ជាក់​ជាមិនខាន​។ ការពិតទៅ ពាក្យ​ពីរ​នេះ មានន័យ​ទីទៃ​ពីគ្នា​។ នេះ​បើតាម​ការអះអាង​ពី​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​។



​នៅក្នុង​សន្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍ ដែល​រៀបរៀង​ដោយ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បាន​បញ្ជាក់ថា ពាក្យ «​នវកម្ម​» សរសេរ​ជា​ភាសា​អង់គ្លេស ឬ​បារាំង​ដូចគ្នា «innovation» ចង់​សំដៅ​ដោយ ការកែប្រែ​ថ្មី ការផ្លាស់ប្តូរ ការបញ្ចូល​ថ្មី ការកែច្នៃ ក្នុង​អ្វី​ដែលមាន​ពីមុនមក​។ ឧទាហរណ៍​៖ សំបក​កង់ឡាន​ខូច តែ​គេ​អាច​យកទៅ​ច្នៃ​ធ្វើជា ស្បែកជើង ឬ​កាបូបដៃ ដែលមាន​គុណភាព ជាប់​បានយូរ​ទៀតផង​។

​រីឯ «​អនុក​ម្ម​» សរសេរ​ជា​ភាសា​អង់គ្លេស «Imitation» មានន័យថា ការ​ត្រាប់​តាម ការចម្លង​តាម​ស្នាដៃ​សិល្បៈ អក្សរសិល្ប៍ ដែលមាន​រួចមកហើយ  គ្រាន់តែ​យកមក​ពណ៌នា បង្ហាញ បញ្ចាំង ឲ្យ​ឃើញ​ឡើងវិញ​។ ឧទាហរណ៍​៖ អ្នកសិល្បៈ​សម័យ​ទំនើប សម្តែង​រឿង​ទុំ​ទាវ ដើម្បី​ថែរក្សា​សិល្បៈ​ខ្មែរ​ដែលមាន​ពី​សម័យបុរាណ​មក​។

​ក្រៅពី ពាក្យ​ទាំងពីរ​នេះ មានន័យ​ខុសគ្នា​ហើយ ពោល​គឺមាន​ពាក្យ​ផ្សេងទៀត ដែល​គេ​តែងតែ​យល់ច្រឡំ​ថា​មាន​អត្ថន័យ​ដូចគ្នា​។ ពាក្យ​ទាំងនោះ​រួមមាន ប្រាស់ និង​ប្រោះ​, អំបោះ និង​អំបោស​, ដុស និង​ដុះ​,​ច្រែស និង​ច្រែះ​, ច្រេស និង​ច្រេះ​, សង្ហារ និង​សង្ហា​, បំណាច់ និង​ដំណាច់​, អគុណ និង​អរគុណ​,​ភ្ជាប់ និង​ខ្ជាប់​, តំណែង និង​ដំណែង​, ត្បិត និង​ដ្បិត​, និទ្រា និង​និទ្ទ្រា ជាដើម​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com