ជាតិ
​​​ន​យោ​បាយ​ជាតិ​
របត់​នយោបាយ​ថ្មី​​៖ ពហុបក្ស​គ្មាន​ក្នុងសភា តែមាននៅក្នុងរដ្ឋាភិបាល
23, Aug 2018 , 4:16 pm        
រូបភាព
តំណាងពីគណបក្ស១៦ ជួបសម្តេច ហ៊ុន សែន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាពីការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់
តំណាងពីគណបក្ស១៦ ជួបសម្តេច ហ៊ុន សែន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាពីការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់
ទោះជា​អាណត្តិ​ទី​៦​នេះ ពហុបក្ស មិនមាន​នៅក្នុង​វិមាន​រដ្ឋសភា​ក្តី តែ​រដ្ឋាភិបាល បានធ្វើ​ឲ្យ​ពហុបក្ស​មាននៅ​ក្នុង​វិមាន​សន្តិភាព​វិញ​។

 

​រដ្ឋាភិបាល ក៏ដូចជា​គណបក្សកាន់អំណាច មិនអាច​ប្រកែក ​ឬ​ការពារ​ខ្លួន​ឡើយ ចំពោះ​ការ​រិះគន់ថា រដ្ឋសភា​ក្នុង​នីតិកាល​ទី​៦​នេះ ជា​រដ្ឋសភា​ឯក​បក្ស​។ ប៉ុន្តែ បើ​និយាយថា សង្គម​កម្ពុជា​ទាំងមូល បាន​បាត់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នោះ ប្រហែលជា​រដ្ឋាភិបាល និង​គណបក្សកាន់អំណាច អាចបកស្រាយបាន​។

​ក្រោយ​លទ្ធផល​បោះឆ្នោត​ប​ង្ហា​ញ​ថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ ដែល​ទទួលបាន​អាសនៈ​ទាំងអស់ ហើយ​ត្រូវ​គ្រប់គ្រង​រដ្ឋសភា​តែម្នាក់ឯង គណបក្សកាន់អំណាច​មួយ​នេះ ដែលមាន​សម្តេច ហ៊ុន សែន ជា​ប្រមុខ បាន​ខិតខំ​រិះរក​មធ្យោបាយ​យ៉ាងណា ដើម្បី​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ ជាពិសេស​សហគមន៍​អន្តរជាតិ មើលឃើញថា កម្ពុជា នៅតែ​ពហុបក្ស​។

​ការបង្កើត «​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​» នៅក្នុង​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដែលចូលរួមដោយថ្នាក់ដឹកនាំនៃគណបក្ស​នយោបាយ​នានា នឹងបង្កើតឲ្យមានរូបភាពពហុបក្ស នៅក្នុង​រដ្ឋាភិបាលអាណត្តិទី៦នេះ។ ក្រុមប្រឹក្សា​ថ្មីសន្លាង​ដែល​មិន​ធ្លាប់មាន​នេះ គឺជា​យន្តការ​ដ៏​ពិសេស ដែល​អាច​ផ្តល់ឱកាស​ឲ្យ​គណបក្ស​នានា ដែល​មិនបាន​អាសនៈ​ក្នុង​រដ្ឋសភា បាន​ទៅ​បញ្ចេញមតិ​ជាមួយ​នាយករដ្ឋមន្ត្រី ក៏ដូចជា​រដ្ឋាភិបាល​ទាំងមូល​។

​បំណង​របស់​នាយករ​ដ្ឋ​មន្ត្រី​កម្ពុជា គឺ​ចង់​ឲ្យ​ប្រមូល​ធនធានមនុស្ស​ពី​បណ្តា​គណបក្ស​នានា ដើម្បី​យកទៅ​អភិវឌ្ឍ​ប្រទេសជាតិ​។ ប្រមុខ​រដ្ឋាភិបាល បានលើកឡើង​ជា​លើកដំបូង​នៅ​ចំពោះមុខ​កម្មករ​-​កម្មការិនី ស្តីពី​ការបង្កើត​ក្រុមប្រឹក្សា​នេះ នាពេល​កន្លងមក​យ៉ាង​ដូច្នេះ​ថា​៖«​គណបក្ស​ទាំងនោះ ទៅតាម​សភា​ទៅ​មិន​រួច​។ អ៊ីចឹង​ជម្រើស​ល្អ គឺ​ខ្ញុំ​ត្រៀមខ្លួន​បង្កើត​វេទិកា​ពិគ្រោះ​និង​ផ្តល់យោបល់​ជាមួយ​បណ្តា​គណបក្សនយោបាយ​នៅ​វិមាន​សន្តិភាព​»​។

​កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ តំណាង​ពី​គណបក្ស​១៦ បាន​ទៅ​ជួប​សម្តេច ហ៊ុន សែន ដែលជា​ម្ចាស់​គំនិត ក្នុងការ​បង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​។ ក្នុងជំនួប​នោះ មាន​តំណាង​ពី​គណបក្ស​១៥ បាន​ឯកភាព​បង្កើត​និង​ចូល​ជា​សមាជិក​នៃ​ឧ​ត្ត​ម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​។ ឯ​តំណាង​ពី​គណបក្ស​១​ទៀត បានបង្ហាញ​ការស្ទាក់ស្ទើរ​ដោយ​មិនទាន់​សម្រេចចិត្ត​ចូល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​នេះឡើយ​។ ដោយឡែក គណបក្ស​៤​ទៀត បាន​បដិសេធ​មិន​ទៅ​ជួប​ប្រមុខ​រដ្ឋាភិបាល​តែម្តង​។

​ទៅ​ជួប​ ឬ​មិន​ទៅ​ជួប មិន​សំខាន់​ទេ​។ រឿង​សំខាន់ គឺ​យល់ព្រម​ចូល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​នេះ ឬ​មិន​ចូល​។ ទោះជា​តំណាង​គណបក្ស​ទាំង​៤ ពុំបាន​ទៅ​ចូលរួម​ប្រជុំ​ជាមួយ​គេ​មែន តែ​នៅតែ​អាច​សុំចូល​ជា​សមាជិក បើ​សិនជាពួកគេមានបំណង​។ ការចូល​ជា​សមាជិក គឺ​ផ្អែកលើ​គោលការណ៍​ស្ម័គ្រចិត្ត ដោយ​មិនអាច​បង្ខំ​ជាដាច់ខាត​។​

​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ត្រូវការ​តំណាង​២​ៗ​រូប ពី​បណ្តា​គណបក្ស​ទាំង​២០ ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​នា​អាណត្តិ​ទី​៦ ដើម្បី​យក​ធ្វើជា​សមាជិក​។ វា គឺជា​សិទ្ធិ បើ​គណបក្ស​ណាមួយ ​មិន​ចង់​ចូល​ជា​សមាជិក​។ ចំពោះ​គណបក្ស​ផ្សេងៗ ដែល​ពុំបាន​ចូលរួម​ក្នុងការ​បោះឆ្នោត គឺមិនពាក់ព័ន្ធនោះឡើយ​។ 

​តំណាង​២​រូប ដែល​១​អាចជា​ប្រធាន​គណបក្ស និង​១​ទៀត​អាចជា​អនុប្រធាន​គណបក្ស ដែល​មកពី​បណ្តា​គណបក្ស​ទាំង​២០ នឹងមាន​ឈ្មោះថា​ប្រធាន​ប្រតិភូ និង​អនុប្រធាន​ប្រតិភូ ពេល​ចូល​ជា​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​។ ឋានៈ​ខ្ពស់​ខ្ពស់​ណាស់ ដែល​តំណាង​នៃ​គណបក្ស​នីមួយៗ នឹង​ទទួលបាន បើ​ពួកគេ ពិតជា​ស្ម័គ្រចិត្ត​ចូល​ជា​សមាជិក​។

​ប្រធាន​ប្រតិភូ នឹងមាន​ឋានៈ​ស្មើ​ដល់​ទៅ​ទេសរដ្ឋមន្ត្រី​ឯណោះ ហើយ​អនុប្រធាន​ប្រតិភូ មាន​ឋានៈ​ស្មើ​ត្រឹម​រដ្ឋមន្ត្រី ហើយ​ក៏មាន​ប្រាក់ខែ​ផងដែរ​។ លើសពីនេះ ប្រធាន​ប្រតិភូ មិន​ត្រឹមតែ​ទទួលបាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​ទេ តែ​ថែមទាំង​ក្លាយជា​ទីប្រឹក្សា​រដ្ឋាភិបាល​ថែមទៀត​។ 

​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ មាន​សិទ្ធិអំណាច​សំខាន់ៗ​បីយ៉ាង​។ ទីមួយ អាច​ផ្តួច​ផ្តើមគំនិត​ឬ​ផ្តល់​មតិ លើ​ការរៀបចំ​គោលនយោបាយ​ដល់​រដ្ឋាភិបាល​។ ទី​ពីរ អាច​ចូលរួម​ផ្តល់យោបល់ លើ​សេចក្តីព្រាងច្បាប់​របស់រ​ដ្ឋា​ភិ​បាល មុននឹង​អនុម័ត ហើយ​បញ្ជូនទៅ​រដ្ឋសភា រួមទាំង​អាចធ្វើ​ញត្តិ​ជូន​ព្រឹទ្ធសភា ដើម្បី​សុំ​ឲ្យ​តតាំង​នឹង​ច្បាប់ ដែល​រដ្ឋសភា បានអនុម័ត​។ ទី​បី អាច ចូលរួម​ផ្តល់យោបល់​ដល់​នាយករដ្ឋមន្ត្រី​ផ្ទាល់​តែម្តង បើ​មើលឃើញ​ចំណុច​អវិជ្ជមាន​របស់​នាយក​រដ្ឋមន្ត្រី រួមទាំង​ភាព​អសកម្ម និង​ការរំលោភបំពាន​របស់​មន្ត្រីរាជការ​។

​គ្រប់​តំណាង​គណបក្ស អាច​ធ្វើជា​ប្រធាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ម្តងម្នាក់ ក្នុង​រយៈពេល​មួយខែ​។ ក្រុមប្រឹក្សា​នេះ ត្រូវ​បើក​កិច្ចប្រជុំ​ម្តង​ក្នុង​រយៈពេល​១​ខែ និង​ក្នុង​រយៈពេល​៦​ខែ ត្រូវ​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ម្តង​។ វិមាន​សន្តិភាព ដែល​ស្ថិតក្នុង​ទីស្តីការគណៈរដ្ឋមន្ត្រី គឺជា​កន្លែង​ប្រជុំ​របស់​ក្រុមប្រឹក្សា​នេះ​។​

​ហេតុដូច្នេះ តាមរយៈ​យន្តការ​នេះ ដ្បិត​គណបក្ស​ទាំងនោះ ពុំ​អាច​ទៅ​តតាំង​ក្នុង​រដ្ឋសភា តែ​អាច​ទៅ​តវ៉ា​នៅឯ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជា​ស្ថាប័ន​រដ្ឋាភិបាល​ឯណោះ​វិញ​។ នេះ​ជា​របត់​នយោបាយ​ថ្មី​នៅ​កម្ពុជា​សម្រាប់​អាណត្តិ​ទី​៦ ដែល​ពហុបក្ស​គ្មាន​ក្នុង​រដ្ឋសភា តែ​បែរជា​ទៅ​មាននៅ​គណៈរដ្ឋមន្ត្រី​វិញ​។

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បញ្ជាក់ថា ឧ​ត្ត​ម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ នឹងត្រូវ​បង្កើត​ឡើងជា​ផ្លូវការ ដោយ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​។ អ្នកនាំពាក្យ​រូបនេះ បាន​ស្រង់​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​លើកឡើង​នៅ​ចំពោះមុខ​តំណាង​គណបក្សនយោបាយ ទៅ​សរសេរ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖«​ការជួប​ជុំគ្នា [ ដើម្បី​បង្កើត​ក្រុមប្រឹក្សា​នេះ​] មិនមែន​មក​គាំទ្រ​គោលនយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ ហើយក៏​មិនមែនជា​ផលប្រយោជន៍​របស់​រដ្ឋា​ភិ​បាល​ដែរ ប៉ុន្តែ​ជា​ផលប្រយោជន៍​ប្រជាពលរដ្ឋ​»​។

​តាម​ការសង្កេត គេ​តែងតែ​ឃើញ​កម្ពុជា ជាប់គាំង​នយោបាយ ឬក៏​ជួប​ស្ថានភាព​មិនសូវ​ល្អ នៅក្រោយ​ការបោះឆ្នោត​ក្នុង​អាណត្តិ​នីមួយៗ​។ មិនចាំបាច់​និយាយ​រឿង​យូរពេក​ទេ និយាយ​ត្រឹម​អាណត្តិ​ទី​៥ ក៏មាន​ការបង្កើត​យន្ត​ការ​ថ្មី​ដែរ ដើម្បី​ដោះស្រាយ​បញ្ហា​នៅក្រោយ​ការបោះឆ្នោត​។

​ក្នុង​អាណត្តិ​ទី​៥ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួលបាន​៥៥​អាសនៈ បានធ្វើ​ពហិការ​មិន​ចូលប្រជុំ​ក្នុង​រដ្ឋសភា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដល់​ទៅ​១​ឆ្នាំ​។ ក្រោយមក គណបក្ស​ទាំង​២ ចាប់ផ្តើម​ត្រូវរ៉ូវ​គ្នា​វិញ ហើយ​ដំណោះស្រាយ បាន​កើតមានឡើង តាមរយៈ​ការចរចា​។

​គំនិត​សំខាន់​មួយ ដែល​ចេញពី​សម្តេច ហ៊ុន សែន ហើយ​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍ ក្នុងការ​ដោះស្រាយ​ទំនាស់​នយោបាយ​នា​អាណត្តិ​ទី​៥ គឺ​ការបង្កើត​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី ដល់​ប្រធាន​ក្រុម​មតិ​ភាគតិច​ក្នុង​រដ្ឋសភា​។ អ្នកទទួលបាន​ឋានៈ​នេះ គឺ​លោក សម រង្ស៊ី ដែលជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​ក្នុង​រដ្ឋសភា​នាពេលនោះ​។​

​បើ​រម្លឹក​ទៅដល់​ឆ្នាំ​២០០៤ កម្ពុជា ដល់​ទៅ​បង្កើត​រដ្ឋធម្មនុញ្ញ​បន្ថែម​ទៀតផង ដើម្បី​ដោះស្រាយ​ការជាប់គាំង​នយោបាយ​។ និយាយ​ទៅ កម្ពុជា តែងមាន​បញ្ហា​បែបនេះ​ស្ទើរ​រាល់​អាណត្តិ តែ​មេដឹកនាំ ជាពិសេស សម្តេច ហ៊ុន សែន​តែង​ម្តង ក៏​តែងមាន​គំនិត​ថ្មី​ជានិច្ច​ដែរ ដើម្បី​ដោះស្រាយ​។ អាណត្តិ​ក្រោយ ក៏​ប្រហែលជា​នៅតែមាន​បញ្ហា ហើយក៏​នឹងមាន​យន្តការ​ថ្មី​កើតឡើង​ទៀត​ដែរ ដើម្បី​ដោះស្រាយ​នៅក្រោយ​ការបោះឆ្នោត​៕


Tag:
 ពហុបក្ស​
  ឧ​ត្ត​ម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់
© រក្សាសិទ្ធិដោយ thmeythmey.com