ពីនេះ ពីនោះ
ជើងព្យញ្ជនៈ «​ញ​» និង «​ង​» ប្រយ័ត្ន​ច្រឡំ​គ្នា​!
27, Aug 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ព្យញ្ជនៈ​ទាំងអស់​មាន​៣៣​តួ ហើយ​ព្យញ្ជនៈ​នីមួយៗ មាន​ជើងព្យញ្ជនៈ​ខុសៗ​គ្នា ដោយឡែក​ជើងព្យញ្ជនៈ​ខ្លះ​ប្រហាក់ប្រហែលគ្នា ដែលជា​ហេតុ​ធ្វើ​ឲ្យ​ស្មេរ យល់ច្រឡំ​។ ដើម្បី​កុំ​ឲ្យ ស្មេរ​ភ័ន្តច្រឡំ ទាមទារ​ឲ្យ​ស្មេរ​មានការ​យកចិត្តទុកដាក់​ខ្ពស់​មែនទែន ជាពិសេស​ស្មេរ​ត្រួវ​ត្រួតពិនិត្យ​ជាមួយ​វចនានុក្រម​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ​ជាមុនសិន​។



​កាលណា​គេ​សរសេរ​ពាក្យ​ដែលមាន​ជើងព្យញ្ជនៈ «​ញ​» ជាមួយនឹង​ព្យញ្ជនៈ​ខ្លួនឯង នោះ នឹង​រក្សា​ជើង «​ញ​» ដូចនឹង​ជើង​របស់​វា​ដដែល​។ ឧទាហរណ៍​៖ អកតញ្ញូ​, អនុញ្ញាត​, កញ្ញា​, បញ្ញើ​, សញ្ញា​, បញ្ញត្តិ​, បញ្ញវន្ត ពញ្ញាក់ ជាដើម​។

​ប៉ុន្តែ​បើ សរសេរ​ជើងព្យញ្ជនៈ «​ញ​» ភ្ជាប់​ជាមួយ​ព្យញ្ជនៈ​ផ្សេងទៀត នឹងត្រូវ​ប្តូរ​ជើង «​ញ​» កំបុត​ជើង «​្ញ​» វិញ​។ ពាក្យ​ទាំងនោះ​មានដូចជា ខ្ញុំ​, ខ្ញាំ​,​ខ្ញាល់​, ខ្ញៀវខ្ញារ​, ខ្ញូច​, ស្ញាញ​,​ស្ញើប​, ស្ញេញ​, ស្ញោរ ។​ល​។

​សម្រាប់ ជើងព្យញ្ជនៈ «​ង​» សរសេរ​ជា «​្ង​» មានដូចជា ស្ងប់​, ស្ងៀមស្ងាត់​, រម្ងាប់​, ស្ងាច​,​ស្ងើច​, ម្ង៉ិ​កម្ង​ក់​, ចម្ងាយ​, ម្សិលម្ង៉ៃ​, សម្ងាត់​, រម្ងាស​, ចម្ងាញ់​, ទម្ងន់​។​ល​។​
​សូមកុំ​យល់ច្រឡំ​ពាក្យ​មាន​ជើងព្យញ្ជនៈ «​ញ​» និង «​ង​» ដោយ​ស្មេរ​ត្រូវ​សម្គាល់ និង​កត់ចំណាំ​ពាក្យ​ណា​ដែល​គួរតែ​ប្រើ​ជើង «​ញ​»  និង​ជើង «​ង​»​។ ទើប​ធ្វើ​ឲ្យ​សំណេរ មាន​ភាពត្រឹមត្រូវ និង​ច្បាស់លាស់​៕


Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com