ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន បន្ត​ផ្តល់រ​ង្វាន់​ដល់​សិស្ស​និទ្ទេស A ដូច​ឆ្នាំមុនៗ​
25, Aug 2018 , 11:59 am        
រូបភាព
ដោយ:
​ក្នុង​ពិធី​ជួប​សំណេះ​សំណល​ជាមួយ​កម្មករ​-​កម្មការិនី នៅ​ខេត្តកណ្តាល​នា​ថ្ងៃទី​២៣ ខែសីហា សម្តេច ហ៊ុន សែន បានប្រកាសថា នឹង​ផ្តល់រ​ង្វាន់​ជាច្រើន​ដល់​សិស្ស ដែល​ប្រឡង​ជាប់​និទ្ទេស A សម្រាប់​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​២០១៨​នេះ​។



​ប្រមុខ​រដ្ឋាភិបាល បាន​មានប្រសាសន៍ថា​៖«​ឆ្នាំនេះ ដូចនឹង​ឆ្នាំ​កន្លងៗ​ទៅ​ដែរ ខ្ញុំ​នឹង​បន្ត​ជួប​សិស្ស​និទ្ទេស A ទៀត នៅ​វិមាន​សន្តិភាព ព្រមទាំង​ផ្តល់​ជា​រង្វាន់​លើកទឹកចិត្ត​បន្ថែមទៀត​ផងដែរ ដើម្បី​តបស្នង​នឹង​ការខិតខំ​រៀនសូត្រ​រប​ស់​ពូកគេ​»​។

​សម្តេច ហ៊ុន សែន អបអរសាទរ​ទុកជាមុន សម្រាប់​សិស្ស​ដែល​ប្រឡង​ជាប់​។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​លើកទឹកចិត្ត​ដល់​សិស្ស​ដែល​ប្រឡង​មិន​ជាប់ ឲ្យ​តស៊ូ​ប្រឹងប្រែង​រៀនសូត្រ​បន្ថែមទៀត ហើយ​សូមកុំ​អស់សង្ឃឹម​។ «​ក្មួយៗ​នឹងមាន​សង្ឃឹម​រៀន​ថា្នក់​បរិញ្ញាបត្ររង ដើម្បី​បន្ត​ស្វែ​ករក​ជំនាញ​ដែល​ខ្លួន​ចង់​ធ្វើ​។ នេះ​ជាការ​លើកឡើង​របស់​មេ​ដឹកនាំ​កម្ពុជា នៅ​ចំពោះមុខ​កម្មករ​-​កម្មការិនី​រាប់ពាន់នាក់ នៅ​ស្រុក​កៀន ខេត្តកណ្តាល​។ 

​កាលពី​ឆ្នាំ​២០១៧ សម្តេច ហ៊ុន សែន បានផ្តល់​រង្វាន់ លើកទឹកចិត្ត​សិស្ស​ដែល​ប្រឡង​ជាប់​និទ្ទេស A ដោយ​ម្នាក់ៗ ទទួលបាន ថវិកា​២​លាន​រៀល និង iPad មួយគ្រឿង ព្រមទាំង​ប្រាក់​កក់​ស្លឹករឹត​ខ្មែរ​មួយ​ផងដែរ​។ ចំពោះ​លោកគ្រូ​-​អ្នកគ្រូ ជា​នាយក​សាលា ១៥៨ នាក់ ដែលមាន​សិស្ស​របស់​ពួកគេ បាន​ប្រឡង​ជាប់​និ​ទ​ន្ទេ​ស A ទូទាំង​រាជធានី​-​ខេត្ត ទទួលបាន​ថវិកា ៣​លាន​រៀល ក្នុង​សាលា​នីមួយៗ​។

​ការប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ នឹងធ្វើ​ឡើង នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។ ចំណែក​នៅ​ថ្ងៃទី​១២ ខែកញ្ញា សម្រាប់​មណ្ឌល​ប្រឡង​តាម​បណ្តា​ខេត្ត​។

​សូមបញ្ជាក់ថា ការប្រឡង​ជាប់​បាក់​ឌុប កាលពី​ឆ្នាំ​២០១៧ មាន​ចំនួន ៦៣ ៦៦៨​នាក់ ស្មើនឹង ៦៣,៨៤​ភាគរយ ក្នុងចំណោម​បេក្ខជន​វត្តមាន​ក្នុងការ​ប្រឡង​ចំនួន ៩៩ ៧២៨​នាក់ ដោយមាន​សិស្ស​ជាប់​និទ្ទេស A ចំនួន ៤២៤​នាក់​។ កាលពី​ឆ្នាំ​២០១៦ មាន​បេក្ខជន​ប្រឡង​ជាប់ ចំនួន ៥៥ ៧៥៣​នាក់ ស្មើនឹង ៦២,១៨% នៃ​បេក្ខជន​វត្តមាន​ចំនួន ៨៩ ៦៦១​នាក់ ដោយ​ក្នុងនោះ​សិស្ស​ប្រឡង​ជាប់​និទ្ទេស​A មាន​ចំនួន​៤០៥​នាក់​។

​រីឯ​លទ្ធផល​បាក់​ឌុប​ឆ្នាំ ២០១៥ មាន​បេក្ខជន​ប្រឡង​ជាប់ ចំនួន ៤៦ ៥៦០​នាក់ ស្មើនឹង ៥៥,៨៨ ភាគរយ ក្នុងចំណោម​បេក្ខជន​មាន​វត្តមាន​ក្នុងការ​ប្រឡង​សរុប ៨៣ ៣២៥ នាក់ ដោយ​ក្នុងនោះ បេក្ខជន​ជាប់​និទ្ទេស A មាន ១០៨ នាក់ ។ ចំណែក​ឆ្នាំ​២០១៤ បេក្ខជន​ជាប់​បាក់​ឌុប​ទូទាំងប្រទេស មាន​ចំនួន​ជាង ៣​ម៉ឺន​នាក់ ក្នុងចំណោម​បេក្ខជន​ប្រឡង​សរុប​ជាង ៧​ម៉ឺន​នាក់ ដោយ​ក្នុងនោះ បេក្ខជន​ជាប់​និទ្ទេស​មាន A ចំនួន ១១ នាក់​ប៉ុណ្ណោះ​៕


Tag:
 ហ៊ុន សែន​
  បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com