ពីនេះ ពីនោះ
ត្រីគ្រុំ ធ្វើចរាចរពីទន្លេចូលទៅក្នុងតំបន់ទំនាបលិចទឹក ពីខែឧសភា ដល់ខែតុលា ដើម្បីពងកូន ត្រីគ្រុំថតនៅក្នុងផ្សារខេត្តស្ទឹងត្រែង។ រូបភាព៖ ថាច់ ផាណារ៉ា
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីមានស្រកាមួយប្រភេទ ជាប្រភេទត្រីទឹកសាប ដែលរស់នៅពាក់កណ្តាលជម្រៅទឹក និងបាតទន្លេ ស្ទឹង អូរ ព្រែក ប្រឡាយ និងតំបន់វាល់ភក់។ ត្រីប្រភេទនេះ វារស់នៅច្រើននៅទី្វបអាស៊ីចាប់ពី ទន្លេមេខ្លងក្នុងប្រទេសថៃ រហូតអាងទន្លេមេគង្គក្រោម (ចាប់ពីប្រទេសឡាវ ដល់ប្រទេសវៀតណាម រួមទាំងទន្លេសាបនៅក្នុងប្រទេសកម្ពុជាផងដែរ)។ វាស៊ីស្លឹករុក្ខជាតិ ផ្លង់តុង រុក្ខជាតិដែលដុះ ឬរស់នៅក្នុងទឹក សារាយសរសៃឆ្មារៗ សត្វល្អិតៗជាប់នឹងស្លែ និងត្រីល្អិតៗ ជាអាហារ។
ត្រីគ្រុំ មានឈ្មោះវិទ្យាសាស្ត្រ (Osteochilus melanopleura) មានប្រវែងដងខ្លួនអតិបរមា ៦០ ស.ម។ ត្រីគ្រុំ ធ្វើចរាចរផ្លាស់ទីពីទន្លេចូលទៅក្នុងតំបន់ទំនាបលិចទឹកពីខែឧសភា ដល់ខែតុលា ដើម្បីពងកូន និងធ្វើចរាចរត្រឡប់ចូលក្នុងទន្លេវិញក្នុងខែតុលា ដោយចំនួនកើនឡើងជាលំដាប់រហូតដល់ខែមករា។
ត្រីគ្រុំ ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីរក្រហម IUCN Red List (Least Concern) ក្នុងឆ្នាំ ២០១២ ជាប្រភេទត្រីដែលមានការព្រួយបារម្ភតិចតួច ដែលអាចនឹងឈានដល់រងគ្រោះផុត
ពូជ។ ទោះយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុ ការនេសាទហួសកម្រិត ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ដោយប្រើចរន្តអគ្គិសនីឆក់ ដែលគេនិយមហៅថា ឆក់ក្តៅ ឆក់ត្រជាក់ ដែលជាឧបករណ៍នេសាទដ៏គ្រោះថ្នាក់បំផុតសម្រាប់មច្ឆជាតិ និងការសាងសង់ទំនប់វារិអគ្គីសនី សុទ្ធតែជាបញ្ហាប្រឈមដល់កំណើតពួកវា។ ទៅថ្ងៃអនាគត ប្រភេទត្រីចំនួននៅក្នុងប្រទេសកម្ពុជា អាចនឹងឈានទៅផុតពូជ បើពុំមានការចូលរួមពីមជ្ឈដ្ឋានទូទៅ ដើម្បីថែរក្សាការពារធនធានមច្ឆជាតិស្រុកយើងទាំងអស់គ្នាទេនោះ។
© រក្សាសិទ្ធិដោយ thmeythmey.com