ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អ៊ុំ សំអាន ត្រូវបានលើកលែងទោស
25, Aug 2018 , 2:54 pm        
រូបភាព
ភ្នំពេញ៖ លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលែងទោស តាមសំណើរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានចេញនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ។


 

ក្រោយព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលែងទោស ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជភ្នំពេញ ក៏បានចេញដីកាភ្លាមៗផងដែរ ដោយបង្គាប់ទៅមន្រ្តីពន្ធនាគារព្រៃស ឲ្យដោះលែងលោក អ៊ុំ សំអាន។ 

លោក  អ៊ុំ សំអាន ជាអតីតតំណាងរាស្រ្តម្នាក់ ដែលមានជំនាញផ្នែកព្រំដែន។ ហើយលោក មានទោស ក៏ដោយសារតែការរិះគន់ពីរឿងព្រំដែននេះដែរ។ 

អតីតតំណាងរាស្រ្តរូបនេះ ត្រូវបានចាប់ខ្លួនកាលពីអំឡុងខែមេសា ឆ្នាំ២០១៦ ក្រោយពីលោក បានបញ្ចេញមតិលើបណ្តាញសង្គមហ្វេសបុកទាក់ទិននឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម។ តុលាការ បានកាត់ទោសលោក ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះ (៣០ខែ) ដោយចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឲ្យមានការរើសអើង។

លោក សំ សុគង់ មេធាវីរបស់លោក អ៊ុំ សំអាន បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា បើគិតចាប់តាំងពីពេលចាប់ខ្លួននៅថ្ងៃដំបូង រហូតមកដល់ពេលនេះ លោកអ៊ុំ សំអាន បានជាប់ពន្ធនាគារជិត២៩ខែហើយ ដោយខ្វះជាង១ខែទៀតប៉ុណ្ណោះ នឹងគ្រប់តាមកាលកំណត់របស់តុលាការ។ ប៉ុន្តែ ខណៈពេលវេលានៅខ្វះតែជាង១ខែទៀតនឹងគ្រប់តាមកាលកំណត់នោះ លោក ក៏ត្រូវបាននាយករដ្ឋមន្ត្រី ថ្វាយសំណើទៅព្រះមហាក្សត្រ ដើម្បីសុំព្រះរាជទានលើកលែងទោស។  

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មនុស្សមួយចំនួន ដែលគេដឹងថាមិនសូវត្រូវជាមួយរដ្ឋាភិបាល ត្រូវបានដោះលែងជាបន្តបន្ទាប់។ អ្នកទាំងនោះ រួមមានលោក គឹម សុខ អ្នកវិភាគនយោបាយ លោកស្រី ទេព វន្នី សកម្មជនបឹងកក់ លោក អ៊ួន ឈិន-លោក យាង សុជាមេត្តា អតីតអ្នកកាសែតនៃវិទ្យុអាស៊ីសេរី និងលោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ។ 

អាចនឹងមានអ្នកផ្សេងទៀត ដែលត្រូវដោះលែងជាបន្ត។ ថ្មីៗនេះ សម្តេច ហ៊ុន សែន បានប្រកាសថា នឹងមានការ​លើកលែងទោស​ជា​លក្ខណ​ទ្រង់ទ្រាយ​ធំ​តែម្តង ដោយក្នុងនោះ ក៏មាន​មនុស្សជាង១០នាក់​ផងដែរ​។ 

ទោះជា​មិន​និយាយ​ឲ្យ​ចំ​ក្តី តែ​គេ សន្និដ្ឋានថា មនុស្ស​ជាង១០​នាក់​នោះ ប្រហែលជា​លោក មា​ជ សុវណ្ណារ៉ា អតីតមន្ត្រី​ជាន់ខ្ពស់រ​បស់​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​១០​នាក់​ទៀត ហើយក៏​អាចមាន​អតីត​តំណាងរាស្ត្រ​នៃ​គណបក្សប្រឆាំង​នេះ​ផងដែរ។ ជាក់ស្តែង ក្រោយពីប្រមុខរដ្ឋាភិបាល ប្រកាសបែបនេះរួចហើយ លោក អ៊ុំ សំអាន ក៏ត្រូវបានលើកលែងទោសនៅថ្ងៃនេះ។

គេសង្ឃឹមថា អ្នកដទៃទៀត រួមទាំងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិផងដែរ អាចនឹងត្រូវបានដោះលែង ហើយស្ថានការណ៍នយោបាយនៅកម្ពុជា នឹងកាន់តែមានភាពល្អប្រសើរ៕ 

 

 


Tag:
 អ៊ុំ សំអាន
© រក្សាសិទ្ធិដោយ thmeythmey.com