ជាតិ
សណ្ឋាគារ​មួយ​ក្នុង​ក្រុង​សៀមរាប ផ្តល់ឱកាស​ការងារ​ដ​ល់​បុគ្គលិក​គរ ថ្លង់​
26, Aug 2018 , 10:59 am        
រូបភាព
​សៀមរាប​៖ យុវជន​គរ​ថ្លង់​ចំនួន​៣​នាក់​នៅក្នុង​អង្គការ គ្រួសារ​ថ្មី មានឱកាស​ទទួលបាន​ការងារ នៅក្នុង​វិស័យសណ្ឋាគារ​។ សណ្ឋាគារ ជី​អែន​ហ្ស៊ី អឺ​បេន អូ​តែ​ល (G&Z Urban Hotel) ជា​សណ្ឋាគារ​មួយ​ដែល​បានផ្តល់​ឱកាស​ការងារ​ដល់​អ្នក​គរ ថ្លង់ ដែល​នេះ​ជាគោលការណ៍​មួយ​របស់​សណ្ឋាគារ ក្នុងការ​រួមចំណែក​ជួយ​សង្គមជាតិ​។​



​លោក ឈុន ដា​វីត អ្នកគ្រប់គ្រង​ក្រុមហ៊ុន ជី​អាយ​ហ្ស៊ី ផ្នែក​វិស័យ​សណ្ឋាគារ បានឱ្យដឹងថា មាន​ហេតុផល​មួយចំនួន ដែល​សណ្ឋាគារ​របស់លោក ទទួល​បុគ្គលិក​គរ ថ្លង់ ឱ្យមក​ធ្វើការ​។ លោក​ថា ដោយសារ​បុគ្គលិក​គរ ថ្លង់ ក៏ដូចជា​មនុស្ស​ធម្មតា​ដែរ តែ​ពួកគេ​ខ្វះ​កាយសម្បទា​មួយចំនួន​តែប៉ុណ្ណោះ​ដូចជា​មិនអាច​និយាយ ឬ​ស្ដាប់ តែ​ពួកគេ​អាច​សរសេរ​បាន​។ ការណ៍​នេះហើយ​ដែល​ធ្វើឱ្យ​ខាង​សណ្ឋាគារ​របស់លោក មាន​គោលការណ៍​មួយ​គឺ​មិនគួរ​បោះបង់​អ្នក​គរ ថ្លង់​ឡើយ ព្រោះ​ពួកគេ​ក៏មាន​សមត្ថភាព​ពិសេស​ដូច​មនុស្ស​ធម្មតា​ដែរ សំខាន់​ចេះ​ផ្តល់ឱកាស​ដល់​ពួកគេ ដែល​នេះ​ជា​ចំណែក​មួយ​ជួយ​អភិវឌ្ឍន៍​ដល់​សង្គមជាតិ​។​



​តាម​ការបញ្ជាក់​របស់​លោក ដា​វីត បច្ចុប្បន្ន​សណ្ឋាគារ​រប​ស់លោក​ទាំង​៣​សាខា​ក្នុង​ក្រុង​សៀមរាប ដែលជា​បទ​សម្ព័ន្ធ​រប​ស់​ក្រុមហ៊ុន WE-GOAL Group សុទ្ធ​តែមាន​បុគ្គលិក​គរ ថ្លង់​ធ្វើការ ហើយ​ពួកគេ​ទទួលបាន​ប្រាក់ខែ និង​អត្ថប្រយោជន៍​ផ្សេងៗ​ដូច​បុគ្គលិក​ផ្សេងៗ​ទៀត​ដែរ​។​

​ទាក់ទង​នឹង​វិស័យ​សណ្ឋាគារ​នេះដែរ កន្លងមក​ធ្លាប់​មានការ​លើកឡើងថា ការវិនិយោគ​មាន​ចំនួន​ច្រើន​លើសពី​បរិមាណ​ភ្ញៀវ​ដែល​មក​ស្នាក់នៅ​។ សម្រាប់​លោក ដា​វីត យល់​ខុសពី​ការលើកឡើង​នេះ​ទៅវិញ​។ លោក​ថា ខេត្តសៀមរាប​នៅតែមាន​តម្រូវការ​សណ្ឋាគារ ហើយ​លោក​គាំទ្រ​ឱ្យមាន​ការវិនិយោគ​បន្ថែមទៀត​ដើម្បី​បំពេញតម្រូវការ​ភ្ញៀវទេសចរ​ដែល​បន្ត​កើន​ឡើងជា​បន្តបន្ទាប់​។ គោលដៅ​របស់​ក្រុមហ៊ុន G&Z នឹង​ពង្រីក​សណ្ឋាគារ​ឱ្យបាន​៧ ក្នុង​ឆ្នាំ​២០១៨​នេះ​។​

​ក្នុង​ពិធី​សម្ពោធ​ខូ​វើក​កាហ្វេ និង​ប៊ី​ស្ដ្រូ នៅ​ល្ងាច​ថ្ងៃទី​២០ សីហា លោកស្រី Melissa Seet  អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន G&Z បាន​លើកឡើងថា ក្រុមហ៊ុន​របស់លោក​ស្រី​បាន​យកចិត្តទុកដាក់​លើ​ការងារ​ស្នូល​ចំនួន​៣ រួមមាន ការងារ​សហគមន៍ ប្រជាពលរដ្ឋ ដែល​ធ្វើឱ្យ​ពួកគេ​មានការ​ងារ​ធ្វើ និង​ការងារ​បរិស្ថាន ដែល​ក្រុមហ៊ុន​នេះ​គិតគូរ​ខ្ពស់​ទាក់ទង​នឹង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។ លោកស្រី​បន្ថែមថា ជាមួយគ្នានេះ​ខាង​ក្រុមហ៊ុន​បាន​វិនិយោគ​ពេលវេលា​ក្នុងការ​បង្រៀន ដើម្បី​ពង្រឹង​ជំនាញ​បន្ថែម​ដល់​បុគ្គលិក​ដែល​សណ្ឋាគារ​បាន​ចាប់​ដៃគូ​ជាមួយ​អង្គការ​គ្រួសារ​ថ្មី ដើម្បី​ផ្តល់ឱកាស​ដល់​បុគ្គលិក​គរ ថ្លង់​៕


© រក្សាសិទ្ធិដោយ thmeythmey.com