ជាតិ
នយោបាយជាតិ
លុះត្រាតែមានសង្គ្រោះជាតិ ទើបលោក អ៊ុំ សំអាន ចូលធ្វើនយោបាយវិញ លោក អ៊ុំ សំអាន ក្រោយចេញពីពន្ធនាគារ
× ភ្នំពេញ៖ លោក អ៊ុំ សំអាន មិនទាន់បែកចិត្តពីគណបក្សសង្គ្រោះជាតិនោះទេ បើទោះបីជាគណបក្សនេះ បានបាត់ស្រមោលឈឹងពីប្រទេសកម្ពុជា ហើយថ្នាក់ដឹកនាំស្ទើរគ្រប់លំដាប់ថ្នាក់ បានចែកជើងគ្នារត់ទៅរស់នៅតាមបណ្តាប្រទេសផ្សេងៗក៏ដោយ។ អតីតតំណាងរាស្ត្រ ដែលទើបនឹងចេញពីពន្ធនាគាររូបនេះ នៅតែប្រាថ្នាធ្វើជាអ្នកនយោបាយរបស់អតីតគណបក្សប្រឆាំងដ៏ធំមួយនេះដដែល។
ក្រោយត្រូវបានដោះលែងពីពន្ធនាគារ លោក អ៊ុំ សំអាន បានប្រាប់អ្នកកាសែតថា លោក មិនទាន់គិតពីរឿងនយោបាយឡើយក្នុងកាលៈទេសៈនេះ ព្រោះលោកមិនមានគណបក្សដូចមុន។ អតីតតំណាងរាស្ត្រដែលជាប់ពន្ធនាគារព្រោះរឿងព្រំដែនរូបនេះ បានបន្ថែមថា លោក នឹងឈានជើងចូលឆាកនយោបាយឡើងវិញ នៅពេលណា មានវត្តមានរបស់គណបក្សសង្គ្រោះជាតិសាជាថ្មី លើទឹកដីកម្ពុជា។
លោក អ៊ុំ សំអាន ដែលគេចាត់ទុកជាអ្នកមានការយល់ដឹងខ្ពស់ផ្នែកព្រំដែន បានបញ្ជាក់យ៉ាងដូច្នេះថា៖« [ខ្ញុំ] ជាអ្នកនយោបាយ មិនអាចបោះបង់នយោបាយបានទេ តែទាល់តែគណបក្សសង្គ្រោះជាតិមកវិញសិន។ ឥឡូវ យើងមិនដឹងថាទៅចូលបក្សណា បើយើងអត់មានបក្សផងហ្នឹង»។
សម្រាប់ពេលនេះ អ្វីដែលលោក ត្រូវធ្វើមុនគេបង្អស់ គឺទៅជួបក្រុមគ្រួសារនៅសហរដ្ឋអាមេរិក។ លោក ពុំបានបញ្ជាក់ឡើយ ថានឹងចាកចេញពីប្រទេសកម្ពុជា ទៅកាន់សហរដ្ឋអាមេរិកនៅពេលណា។
លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួនកាលពីអំឡុងខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោក ចេញមុខនិយាយលើបណ្តាញសង្គមហ្វេសប៊ុក ពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម។ ការនិយាយរបស់លោក ត្រូវបានតុលាការចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឲ្យមានការរើសអើង ហើយក៏កាត់ទោសលោក ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះ (៣០ខែ)។
ក្រោយជាប់ពន្ធនាគារបានប្រមាណ២៩ខែ ដោយខ្វះតែជាង១ខែទៀតប៉ុណ្ណោះនឹងគ្រប់តាមកាលកំណត់ លោក អ៊ុំ សំអាន ក៏ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្វាយសំណើទៅព្រះមហាក្សត្រ ដើម្បីសុំព្រះរាជទានលើកលែងទោសឲ្យ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ។
លោក អ៊ុំ សំអាន ជាមនុស្សទី៦ហើយ ដែលត្រូវបានដោះលែង។ ៥នាក់ទៀតដែលត្រូវបានដោះលែងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រួមមាន លោក គឹម សុខ អ្នកវិភាគនយោបាយ លោកស្រី ទេព វន្នី សកម្មជនបឹងកក់ លោក អ៊ួន ឈិន-លោក យាង សុជាមេត្តា អតីតអ្នកកាសែតនៃវិទ្យុអាស៊ីសេរី និងលោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ។
គេ រំពឹងថា អ្នកផ្សេងៗទៀត ដែលរួមទាំងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ផងនោះ ក៏អាចនឹងត្រូវបានដោះលែងដែរ។ គេ សង្ឃឹមបែបនេះ ក្រោយពីឮសម្តេច ហ៊ុន សែន ប្រកាសថា នឹងមានការលើកលែងទោសជាលក្ខណទ្រង់ទ្រាយធំនាពេលខាងមុខ៕
© រក្សាសិទ្ធិដោយ thmeythmey.com