ជាតិ
សង្គមជាតិ
ចិន​ម្នាក់ ដែល​លួច​ផលិត​គ្រឿងសំអាង​ក្លែងក្លាយ​ដល់​ទៅ​៥​តោន ត្រូវបាន​ចាប់ខ្លួន​
26, Aug 2018 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Zou ZhiQang ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ពី​ក្រសួងមហាផ្ទៃ ចុះទៅ​ចាប់ បន្ទាប់ពី​ដឹងថា រូបគេ បើក​ទីតាំង​ផលិត​និង​កែច្នៃ​គ្រឿងសំអាង​ក្លែងក្លាយ នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ នេះ​បើតាម​ការចុះផ្សាយ​ក្នុង​គេហទំព័រ​នៃ​អគ្គស្នងការ​នគរបាល កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៨​។



​បើតាម​អគ្គស្នងការ​នគរបាល​ជាតិ គ្រឿងសំអាង​ក្លែងក្លាយ ដែល​បុរស​ជា​ជនជាតិ​នោះ លួច​ផលិត សម្រាប់​លក់ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត មាន​រហូតដល់​ទៅ​៥​តោន​ឯណោះ​។
អគ្គស្នងការ​នគរបាល​ជាតិ បញ្ជាក់ថា គ្រឿងសំអាង​ក្លែងក្លាយ​ទាំងនោះ រួមមាន សាប៊ូ ឡេ ទឹកអប់ ក្រេ​ម ម្សៅលាបមុខ និង​វត្ថុធាតុដើម​សម្រាប់​កែច្នៃ​មួយចំនួនទៀត​។​

​អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្រង់​ប្រសាសន៍​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ ទៅ​ចុះផ្សាយ​ថា សមត្ថកិច្ច បាន​ដកហូត​ផលិតផល​និង​គ្រឿងសំអាង​ក្លែងក្លាយ​ទាំងនោះ និង​បិទ​ទីតាំង​ខាងលើ ហើយ​នាំខ្លួន​ជនជាតិ​ចិន​ជា​ម្ចាស់ ទៅ​ចាត់ការ​តាម​នីតិវិធី​៕  
 
 




Tag:
 ផលិតផល​ក្លែងក្លាយ​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com