កីឡាជាតិ
ជាតិ
លី​គ​៖ ស្វាយរៀង​ស្វាគមន៍​បឹងកេត ឯថា​យ​ហ្គឺ​រ​ប៉ះ​អាស៊ី​អឺរ៉ុប ខណៈ​អគ្គិសនី​ជួប​វេ​ស្ទើ​ន​
26, Aug 2018 , 2:41 pm        
រូបភាព
សកម្មភាពប្រកួតភ្នំពេញក្រោនយកឈ្នះអគ្គស្នងការនគរបាលជាតិ ១-០ នៅពហុកីឡដ្ឋានជាតិ
សកម្មភាពប្រកួតភ្នំពេញក្រោនយកឈ្នះអគ្គស្នងការនគរបាលជាតិ ១-០ នៅពហុកីឡដ្ឋានជាតិ
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​បាន​ឈានដល់​ការប្រកួត​សប្តាហ៍​ទី​១៩ ដោយនៅ​ថ្ងៃទី​២៦ ខែសីហា​នេះ មានការ​ប្រកួត​ចំនួន​៣​គូ​។ ក្នុងនោះ​ព្រះខ័ន​រាជ​ស្វាយរៀង​ស្វាគមន៍​ជើង​ខ្លាំង​បឹងកេត ក្រោយ​អង្គ​រថា​យ​ហ្គឺ​រ​ជួប​អាស៊ី​អឺរ៉ុប និង​អគ្គិសនី​កម្ពុជា​ប៉ះ​វេ​ស្ទើ​ន​ភ្នំពេញ​។



​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន​ទទួល​ស្វាគមន៍​ក្រុម​បឹងកេត សម្រាប់​ជំនួប​សប្តាហ៍​ទី​១៩​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​ម៉ោង​៨​ល្ងាច​នេះ​។ ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​មួយ​នេះ ស្ថិតនៅ​លេខ​៦​ក្នុង​តារាង​មេដាយ ដោយមាន​២៦​ពិន្ទុ​ក្នុង​ដៃ​។ ចំណែក​បឹងកេត​ស្ថិ​ន​នៅ​លេខ​៣​ក្នុង​តារាង​មាន​៤២​ពិន្ទុ ក្រោយ​១៨​ប្រកួត​កន្លងមក​ឈ្នះ​១៣ ស្មើ​៣ និង​ចាញ់​២​។ កាល​ប៉ះគ្នា​ក្នុង​ជើង​ទី​១​បឹងកេត​បាន​យកឈ្នះ​ក្នុង​លទ្ធផល ៣-១​។​

​នៅ​ថ្ងៃអាទិត្យ​នេះដែរ អង្គ​រថា​យ​ហ្គឺ​រ ត្រូវ​ប្រជែង​តទល់​ជាមួយ​អាស៊ី​អឺរ៉ុប​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​នា​កីឡដ្ឋាន​ខេត្តសៀមរាប​។ កាល​ជួបគ្នា​ជើង​ទី​១ ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ នៅ​ទឹកដី​អាស៊ី​អឺរ៉ុប​។ ក្រុម​ប្រើប្រាស់​កីឡដ្ឋាន​ខេត្តសៀមរាប​ជា​មូលដ្ឋាន​អង្គ​រថា​យ​ហ្គឺ​រ ស្ថិតនៅ​លេខ​៨​ក្នុង​តារាង ខណៈ​អាស៊ី​អឺរ៉ុប​ស្ថិតនៅ​លេខ​៩ ដោយមាន​២២​ពិន្ទុ​ស្មើគ្នា​។

​នៅ​ម៉ោង​៣​រសៀល​នេះ ក្រុម​អគ្គិសនី​កម្ពុជា ដែល​ស្ថិតនៅ​លេខ​១១​ក្នុង​តារាង ត្រូវ​បើកទ្វារ​កីឡដ្ឋាន​អគ្គិសនី​ស្វាគមន៍​ក្រុម​បាត​តារាង​វេ​ស្ទើ​ន​ភ្នំពេញ​។ នា​ការប្រកួត​ជើង​ទី​១​នៅ​ទឹកដី​វេ​ស្ទើ​ន ក្រុម​អគ្គិសនី​កម្ពុជា​បានឈ្នះ​វេ​ស្ទើ​ន​ភ្នំពេញ​ក្នុង​លទ្ធផល ២-០​។

​សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​ទី​២៥ ខែសីហា ក្រុម​ណាហ្គា​វើ​ល​បាន​យកឈ្នះ​សូល​ទី​ឡូ​អង្គរ​ក្នុង​លទ្ធផល ២-០ នា​ជំនួប​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ដើម្បី​បន្ត​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន ដោយមាន​៤៧​ពិន្ទុ​ក្នុង​ដៃ​។ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ក្រសួងការពារជាតិ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ជាមួយ​វិសាខា​។ ចំណែក​ភ្នំពេញ​ក្រោ​ន​យកឈ្នះ​អគ្គស្នងការ​នគរបាល​ជាតិ​ក្នុង​លទ្ធផល ១-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕     


Tag:
 បឹងកេត​
  Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com