ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស​អំណាច​ខ្មែរ មិន​តែងតាំង​លោក សួន សេរី​រដ្ឋា ធ្វើជា​ប្រធាន​វិញ​ឡើយ​
27, Aug 2018 , 11:25 am        
រូបភាព
​ភ្នំពេញ​៖ មិនមាន​ការជ្រើសតាំង​លោក សួន សេរី​រដ្ឋា ធ្វើជា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​វិញ​ឡើយ​។ នេះ​ជា​ជំហរ​របស់​គណបក្ស​អំណាច​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក សួង សុ​ភ័​ណ្ឌ ក្រោយពី​ប្រជុំ​ជាមួយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស កាលពី​ថ្ងៃទី​២៦ សីហា​។

 
​លោក សួង សុ​ភ័​ណ្ឌ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គណបក្ស​លោក​គ្មាន​គម្រោង​ធ្វើ​សមាជ​បក្ស ដើម្បី​បោះឆ្នោត​គាំទ្រ​ឲ្យ​លោក សួន សេរី​រដ្ឋា ធ្វើជា​ប្រធាន​បក្ស​ទេ ក្រោម​ហេតុផល​ធំ​ចំនួន​ពីរ​។ ហេតុផល​ទី​១ គណបក្ស​លោក​អាចមាន​ជំហរ​រឹងមាំ​គ្រប់គ្រាន់ ក្នុងការ​ប្រកួតប្រជែង​នយោបាយ ដូច្នេះ​មិនចាំបាច់​ទាល់តែ​មាន​លោក សួន សេរី​រដ្ឋា ទើប​អាច​ដំណើរការបាន​នោះទេ​។ ហេតុផល​ទី​២ គណបក្ស​លោក ដឹកនាំ​បែប​នីតិបុគ្គល មិនមែន​បែប​រូបវ័ន្ត​បុគ្គល ដែល​ត្រូវមាន​បុគ្គល​សំខាន់​ជា​និមិត្តរូប ទើប​ដឹកនាំ​បក្ស​បាន ដូច​គណបក្ស​ដទៃ​ឡើយ ។​
 
​លោក សួង សុ​ភ័​ណ្ឌ ដែល​ទទួលបាន​តំណែង​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​មួយឆ្នាំ ក្រោយពី​លោក សួន សេរី​រដ្ឋា លាលែង​ពី​តួនាទី​នេះ បាន​ពន្យល់​បន្ថែមទៀត​ថា​៖«​គណបក្ស​យើង មិនមែន​ដូចជា​ក្រុមហ៊ុន​មួយ ដែល​ត្រូវតែមាន​បុគ្គល​សំខាន់​ដឹកនាំ​រហូត ទើប​ក្រុមហ៊ុន​នោះ​ដំណើរការ​នោះទេ​។ ដូច្នេះ​ក្នុងនាម​បក្ស​យើង​ជា​បក្ស ដែល​ដឹកនាំ​បែប​នីតិបុគ្គល យើង​គិតថា យើង​អាចមាន​ថ្នាក់ដឹកនាំ​ដែលមាន​សមត្ថភាព និង​ជំហរ​រឹងមាំ​ដឹកនាំ​បក្ស​បាន បើទោះជា​មិនមាន​វត្តមាន​លោក សួន សេរី​រដ្ឋា ដឹកនាំ​បក្ស​ក៏ដោយ​»​។​
 
​បន្ថែម​ពីនេះ​លោក សួង សុ​ភ័​ណ្ឌ នៅ​បន្ត​លើក​ពី​ចំណុច​មួយចំនួន ដែល​គណបក្ស​លោក មិន​គាំទ្រ​ឲ្យ​លោក សួន សេរី​រដ្ឋា ធ្វើជា​ប្រធាន​វិញ​នោះ គឺ​នយោបាយ​ឱនភាព របស់លោក សួន សេរី​រដ្ឋា ដែល​សុំទោស​សម្ដេច ហ៊ុន សែន ដើម្បី​បានចេញ​ពី​ពន្ធនាគារ​។ 
 
«​គណបក្ស​យើង​រីករាយ​សប្បាយចិត្ត នៅពេល​ឃើញ​គាត់ (​សួន សេរី​រដ្ឋា​) ចេញពី​ពន្ធនាគារ​វិញ​។ ប៉ុន្តែ​យើង ក៏​មិន​សប្បាយចិត្ត ដែល​គាត់​ធ្វើលិខិត​សុំទោស​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើសុំ​ឲ្យ​មានការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​នេះ​។ វា​បង្ហាញ​ឲ្យ​ឃើញ​ភាព​កំសាក​ក្នុង​នយោបាយ​គាត់ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​បក្ស​។ ហើយ​គណបក្ស មិនអាច​គាំទ្រ​ឲ្យ​គាត់​ដឹកនាំ​បាន ដោយសារតែ​មិន​ទុកចិត្ត​ថា គាត់​ចេញពី​ពន្ធនាគារ ដោយសារ​ការសុំ​ទោស ឲ្យ​មានការ​លើកលែងទោស​នេះ មាន​កិច្ចសន្យា​ពីក្រោយ​ខ្នង ជាមួយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន អ្វីខ្លះ​ដែរ​ទេ​…»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សួង សុ​ភ័​ណ្ឌ ដែល​បន្ថែមថា ដ្បិត​មិនអាច​ឲ្យ​លោក សួន សេរី​រដ្ឋា ដឹកនាំ​គណបក្ស​វិញ តែ​លោក មានបំណង​ស្នើ​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ​បក្ស រៀបចំ​ឲ្យ​លោក សួន សេរី​រដ្ឋា ធ្វើជា​ប្រធានកិត្តិយស​បក្ស​។​
 
 
​ប៉ុន្តែ​តួនាទី​ប្រធានកិត្តិយស​បក្ស​នេះ មិនបាន​ស្ថិតនៅក្នុង​ចិត្ត​របស់លោក សួន សេរី​រដ្ឋា ឡើយ​។ លោក សួន សេរី​រដ្ឋា ដែល​បដិសេធ​តំណែង​ប្រធានកិត្តិយស​នេះ បាន​ថ្លែង​បែប​ផ្លែផ្កា​វិញ​ថា​៖«​ខ្ញុំ​មិនទាន់​ក្លាយជា​មនុស្ស​ស៊ីម៉ងត៍ ដែល​ត្រូវ​ទៅ​អង្គុយ​នៅលើ​កន្លែង​នេះ ឬ​កន្លែង​នោះ ដូចជា​រូបសំណាក់ ដែល​គេ​លើក​បន្តុប​នោះទេ ព្រោះ​ខ្ញុំ​នៅ​អាចធ្វើ​ចលនា និង​សកម្មភាព​បាន​។ ខ្ញុំ​អាចបង្កើត​គណបក្ស​អំណាច​ខ្មែរ​ឡើង ដូច្នេះ​ខ្ញុំ​ក៏​បន្ត​អាជីព​នយោបាយ បាន​ដោយ​ខ្លួនឯង​បានដែរ ព្រោះ​ខ្ញុំ​នៅមាន​សមាជិក និង​អ្នក​ស្មោះត្រង់​នៅ​ជុំវិញ​ខ្ញុំ​ជាច្រើន​ទៀត ដែល​ចាំ​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​ខ្ញុំ​»​។​
 
​លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស តាម​សំណើ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ បានចេញ​នៅ​ថ្ងៃទី​២៣ សីហា ឆ្នាំ​២០១៨​នេះ​។ មូលហេតុ​ដែល​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​ព្រះមហាក្សត្រ​លើកលែងទោស​លោក សួន សេរី​រដ្ឋា នេះ គឺ​ដោយសារតែ​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូបនេះ ធ្លាប់បាន​សរសេរ​លិខិត​សុំទោស​សម្ដេច ចំនួន​២​ដង​កន្លងមក​៕
 

Tag:
 សួង សុ​ភ័​ណ្ឌ​
  សួន សេរី​រដ្ឋា​
  អំណាច​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com