កីឡាជាតិ
ជាតិ
ប្រវត្តិ​ខ្លះៗ​នៃកីឡា​ជឺ​ជិត​ស៊ូ (jiu-jitsu) ឬ Brazilian jiu-jitsu
27, Aug 2018 , 12:30 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: រួបរួម
​ជឺ​ជិត​ស៊ូ (jiu-jitsu) ជា​ប្រភេទ​សិល្បៈ​ក្បាច់គុន កីឡា​ប្រយុទ្ធ និង​ជា​ប្រភេទ​កីឡា​ការពារ​ខ្លួន របស់​ប្រេ​ស៊ី​ល ដែលមាន​បច្ចេកទេស​បែ​ក​ចេញពី​កីឡា​យូ​ដូ (Kodokan Judo)​។ បើតាម​ការស្រាវជ្រាវ​មួយចំនួន កីឡា​នេះ វិ​វត្ត​បន្ថែម​ពី​កីឡា jujutsu ជប៉ុន ហើយ​ត្រូវបាន​នាំទៅ​កាន់​ប្រេ​ស៊ី​ល កាលពី​អំឡុង​ឆ្នាំ​១៩២០ ដោយ​លោក Mitsuyo Maeda និង​បន្ត​រីកចម្រើន​យ៉ាងខ្លាំង​នៅ​ទីនោះ ដោយសារតែ​គ្រួសារ​ដ៏​ល្បីល្បាញ​មួយ​ឈ្មោះ Gracie​។​



​កីឡា​ជឺ​ជិត​ស៊ូ ជួយ​ឲ្យ​មនុស្ស​អាច​ការពារ​ខ្លួន​ប្រឆាំងនឹង​គូប្រជែង​ដែល​ខ្លាំង មាឌធំ និង​រឹងមាំ​ជាង​ខ្លួន តាមរយៈ​ការប្រើប្រាស់​បច្ចេកទេស​ដ៏​ត្រឹមត្រូវ ដូចជា​ការ​រុញ​កៀប​ឲ្យ​ដួល​លើដី ឃ្នាប​ក ស្នៀត​ឃ្លេ និង​ការពង្រឹង​សាច់ដុំ​ជាដើម​។​

​កើត​នៅ​ជប៉ុន​នា​ឆ្នាំ​១៨៧៩ លោក Mitsuyo Maeda ជា​អ្នក​ដែល​ស្រឡាញ់​ក្បាច់គុន និង​កីឡា​ផ្សេងៗ ដោយ​លោក​ចាប់ផ្តើម​ហាត់​ស៊ូ​ម៉ូ បន្ទាប់មក​យូ​ដូ​។ នៅ​ឆ្នាំ​១៩២០ លោក​បាន​ទៅកាន់​ប្រទេស​ប្រេ​ស៊ី​ល ហើយ​នៅ​ទីនោះ លោក​បាន​ស្គាល់​គ្រួសារ​លោក Gastao Gracie ដើមកំណើត​ស្កុ​តឡែ​ន ដែល​បាន​ជួយ​យកអាសា​រលោក​។​

​ជាការ​តបស្នង​គុណ លោក Mitsuyo បាន​បង្រៀន​ក្បាច់​ប្រយុទ្ធ​ជាច្រើន​ដល់​ក្រុមគ្រួសារ Gracie ជាពិសេស​លោក Carlos Gracie កូនប្រុស​របស់លោក Gastao ។ លោក Carlos បាន​បង្រៀន​បន្ត​ដល់​បងប្អូន​ផ្សេងៗ​របស់ខ្លួន​។ ក្រោយមកទៀត លោក Helio Gracie ដែលជា​ប្អូនប្រុស​ម្នាក់​របស់លោក Carlos បាន​អនុវត្ត​ក្បាច់គុន​នេះ ប៉ុន្តែ​កែប្រែ​ទៅតាម​ទម្រង់​របស់​ប្រេ​ស៊ី​ល​។​

​ក្បាច់គុន​មួយ​នេះ កាន់តែ​សាយ​ភាព​យ៉ាងខ្លាំង​នៅ​អាមេរិក​ឡាទីន ដោយ​ក្រៅពី​លោក Mitsuyo គ្រូ​ជំនាញ​ជាច្រើន​ទៀត​ដូចជា​លោក Takeo Yano និង​លោក Soshihiro Satake សុទ្ធតែ​បាន​បំផុសបំផុល​កីឡា​ប្រភេទ​នេះ​។ ក្នុង​គ្រួសារ​ត្រកូល Gracie លោក Carlos និង​លោក Helio បាន​ខិតខំ​បន្ត​បណ្តុះបណ្តាល​បន្ថែម​ដល់​សមាជិកគ្រួសារ​រប​ស់​ខ្លួន ហើយ​សិស្ស​ម្នាក់ទៀត​របស់លោក Mitsuyo ឈ្មោះ Luiz França ក៏បាន​ចូលរួម​យ៉ាង​ផុសផុល​ផងដែរ​។​




Tag:
 ជឺជិតស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com