ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សួន សេរី​រដ្ឋា ចង់​ចូលរួម​ជាមួយ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក្រោយ​បក្ស​អំណាច​ខ្មែរ​បដិសេធ​
27, Aug 2018 , 1:13 pm        
រូបភាព
លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ
លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ
ភ្នំពេញ​៖ លោក សួន សេរី​រដ្ឋា ចង់​ចូលរួម​អាជីព​នយោបាយ ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដើម្បី​បន្ត​ទិសដៅ​នយោបាយ​រួមគ្នា ក្នុងការ​ប្រកួតប្រជែង​ន​យា​បាយ​ជាមួយ​គណបក្ស​ដទៃ​។ គោលបំណង​របស់​អ្នកនយោបាយ ដែល​ធ្លាប់​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃមាត់​នេះ ធ្វើឡើង​ក្រោយ​គណបក្ស​អំណាច​ខ្មែរ​បដិសេធ​វត្តមាន​ខ្លួន​។


 
​លោក សួន សេរី​រដ្ឋា មិនអាច​វិល​ចូល​គណបក្ស​អំណាច​ខ្មែរ ដែល​ខ្លួន​បាន​បង្កើត​ឡើងវិញ​ឡើយ ក្រោយពី​មាន​សេចក្តីប្រកាស​មិន​ធ្វើ​សមាជ​ជ្រើសតាំង​ជាថ្មី ពី​ថ្នាក់ដឹកនាំ​បក្ស​។ ដ្បិត​មិនអាច​ចូលបក្ស​ចាស់​វិញ​ក្តី ប៉ុន្តែ​វា​មិនមែន​ធ្វើ​ឲ្យ​លោក សួន សេរី​រដ្ឋា បោះបង់ចោល​អាជីព​នយោបាយ​នោះទេ​។ ទិសដៅ​នយោបាយ​របស់លោក សួន សេរី​រដ្ឋា បានកំណត់​នោះ គឺ​បំណង​បង្កើត​គណបក្ស​ថ្មី ឬក៏​ចូលរួម​អាជីព​នយោបាយ​ជាមួយ​គណបក្ស​ដទៃ​។​
 
​និយាយ​ដល់​ចំណុច​នេះ លោក សួន សេរី​រដ្ឋា បាន​បង្ហើប​ពី​បំណង​ខ្លួន ដែល​ចង់​ចូលរួម​អាជីព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនយោបាយ​ដែល​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃមាត់ រហូត​ជាប់ពន្ធនាគារ​រូបនេះ បាន​បញ្ជាក់ថា មូលហេតុ​ដែល​លោក ចង់​បន្ត​នយោបាយ​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នោះ ដោយសារ​ឃើញ​គណបក្ស​មួយ​នេះ មាន​គោលនយោបាយ​ត្រឹមត្រូវ ស្របតាម​គោល​គំនិត​ខ្លួន ទាំង​ភាសា​និយាយ និង​ការប្រើប្រាស់​ការទូត ដោះស្រាយ​បញ្ហា​ជាដើម​។​
 
​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​គណបក្ស​ដែល​ខ្ញុំ គិតថា​អាច​ចូលរួម​ធ្វើ​នយោបាយ​ជាមួយគ្នា​បាន​នោះ គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ព្រោះ​ខ្ញុំ​ធ្លាប់​ជួប​ពួកគាត់​នៅក្នុង​កម្មវិធី​សិក្ខាសាលា​ជាច្រើន​នាពេល​កន្លងមក​។ ដូច្នេះ​ខ្ញុំ​គិតថា បើ​យើង​អាច​ចូលរួម​ជាមួយគ្នា យើង​នឹង​ពិភាក្សា​ពី​គោលនយោបាយ​ដាក់​ទិសដៅ​រួមគ្នា​លើ​តុ ខ្ញុំ​មាន​គោល​គំនិត​នេះ គាត់​មាន​គោល​គំនិត​នោះ តើ​យើង​អាច​ពិភាក្សា​រក​ចំណុច​រួមគ្នា ធ្វើការ​ជាមួយគ្នា​បានទេ​»​។ 
 
​លោក សួន សេរី​រដ្ឋា ចាប់អារម្មណ៍​លើ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន តាំងពី​លោក​មិនទាន់​ជាប់ពន្ធនាគារ​ម្ល៉េះ ប៉ុន្តែ​គ្រាន់តែ​ខ្លួន​មិនទាន់​មានឱកាស​ក្នុង​ការចរចា​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ប៉ុណ្ណោះ​។​នេះ​បើតាម​លោក សួន សេរី​រដ្ឋា​។​
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដើម្បី​សុំ​ការឆ្លើយតប​នឹង​បំណង​របស់លោក សួន សេរី​រដ្ឋា ដែល​ចង់​ធ្វើ​នយោបាយ​រួមគ្នា​នេះឡើយ ។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ប្រកាស សម្រាក​រយៈពេល​២​ខែ ដោយ​មិន​ឆ្លើយតប​ជាមួយ​អ្នកសារព័ត៌មាន និង​រឿង​មួយចំនួន​ជុំវិញ​បញ្ហានយោបាយ​ឡើយ​៕
 

Tag:
 ​សួន សេរី​រដ្ឋា​
  GDP
  អំណាច​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com