កីឡាជាតិ
ជាតិ
ជើងឯក​ពិភពលោក​នៅ​បេឡា​រុស​៖ តេ​ក្វាន់​ដូ ITF បាន​មេដាយ​សំរឹទ្ធ​១​ទៀតហើយ​
27, Aug 2018 , 3:24 pm        
រូបភាព
ដោយ: ថ្មីៗ
​អត្ត​ព​លិ​ក​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ទទួលបាន​មេដាយ​សំរឹទ្ធ​១​ទៀតហើយ​លើ​វិញ្ញាសា​សំដែង នា​ការប្រកួត​ជើងឯក​ពិភពលោក​កម្រិត​យុវជន នៅ​ប្រទេស​បេឡា​រុស​។ មុន​ទទួលបាន​មេដាយ​សំរឹទ្ធ​នេះ កីឡាករ បួន ច័ន្ទ​ថា​រ៉ាត់ បានឈ្នះ​មេដាយប្រាក់​១​ផងដែរ លើ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៤៥​គីឡូក្រាម​។ ប្រតិភូ​កីឡា​កម្ពុជា នឹង​នាំ​មេដាយ​ទាំងនេះ មកដល់​មាតុភូមិ​នៅ​ថ្ងៃទី​២៩ ខែសីហា ខាងមុខនេះ​។​

 
​សម្រាប់​ការប្រកួត​លើ​វិញ្ញាសា​សម្តែង​បច្ចេកទេស​ការពារ​ខ្លួន កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៨ ក្រុម​អត្ត​ព​លិ​ក​តេ​ក្វាន់​ដូ ITF កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ក្នុងចំណោម​១៣​ប្រទេស ដោយ​ពួកគេ​ចាញ់​ក្រុម​កីឡាករ​កូរ៉េខាងជើង និង​រុស្ស៊ី​។ តាមរយៈ​ចំណាត់ថ្នាក់​នេះ ធ្វើ​ឲ្យ​កម្ពុជា​ទទួលបាន​មេដាយ​សំរឹទ្ធ​១​បន្ថែម ពី​ការប្រកួត​ជើងឯក​ពិភពលោក​នៅ​បេឡា​រុស បន្ទាប់ពី​កីឡាករ បួន ច័ន្ទ​ថា​រ៉ាត់ ដណ្តើមបាន​មេដាយប្រាក់​លើ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៤៥​គីឡូក្រាម​។​
 
 
​ក្រុម​អត្ត​ព​លិ​ក​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា បានបញ្ចប់​បេសកកម្ម សម្រាប់​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​ពិភពលោក​កម្រិត​យុវជន​នៅ​បេឡា​រុស​របស់ខ្លួន​ហើយ​។ ជា​លទ្ធផល​កម្ពុជា​ទទួល​បាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​១​។ បើតាម​លោក បួន ហ៊ីង​សុធី​យ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ប្រតិភូ​កីឡា​តេ​ក្វាន់ ITF មកដល់​ប្រទេស​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៨​។ 
 
​សម្រាប់​ការប្រកួត​ជើងឯក​ពិភពលោក​កម្រិត​យុវជន ដែល​រៀបចំ​នៅ​ប្រទេស​បេឡា​រុស ចន្លោះ​ពីថ្ងៃ​ទី​២០-២៧ ខែសីហា មាន​ជាង​៦០​ប្រទេស​ចូលរួម ខណៈ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា បាន​បញ្ជូន​កីឡាករ​៧​រូប និង​ប្រតិភូ​៣​រូប​ឲ្យ​ចូលរួម​៕      
 

Tag:
 តេ​ក្វាន់​ដូ ITF
  បេឡា​រុស
© រក្សាសិទ្ធិដោយ thmeythmey.com