សៀមរាប៖ ស្លឹកគ្រៃដែលគេប្រើសម្រាប់ផ្សំគ្រឿងក្នុងមុខម្ហូប ក៏អាចប្រើជាថ្នាំព្យាបាលថ្លោះគ្រេចសសៃបានដែរ។ បច្ចុប្បន្ននេះ កសិករនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងរៀបចំចងក្រងជាក្រុមសម្រាប់ផលិតប្រេងស្លឹកគ្រៃ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលកំពុងមានតម្រូវការខ្ពស់។ ពួកគេរំពឹងថា ពួកគេនឹងទទួលបានការគាំទ្រពីទីផ្សារក្នុងស្រុក ហើយអាចជំនួសប្រេងស្លឹកគ្រៃដែលនាំចូលពីខាងក្រៅស្រុកផងដែរ។
សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ពីខេត្តសៀមរាប ដូចតទៅ
ស្លឹកគ្រៃត្រូវបានពលរដ្ឋខ្មែរដាំនៅតាមផ្ទះជាទូទៅ។ ដំណាំប្រភេទនេះងាយស្រួលដាំណាស់នៅលើដីទីទួល ហើយវាក៏មិនសូវត្រូវការទឹកច្រើនដែរ។ កសិករនៅស្រុកបន្ទាយស្រីច្រើនគ្រួសារ មានរបរដាំស្លឹកគ្រៃសម្រាប់ផ្គត់ផ្គង់ទីផ្សារ ពិសេសនៅក្រុងសៀមរាប។ ប៉ុន្តែដោយការដាំដុះមានបរិមាណច្រើន ធ្វើឱ្យស្លឹកក្រៃមានតម្លៃថោក។ ដើម្បីស្រោចស្រង់ទីផ្សារស្លឹកគ្រៃឡើងវិញ អង្គការអាគ្រីស៊ុតបានជួយរៀបចំរោងចម្រាញ់ប្រេងស្លឹកគ្រៃ ដោយរំពឹងថា មានទីផ្សារល្អ។
អង្គការអាគ្រីស៊ុត បានចាប់ផ្តើមចងក្រងកសិករមួយក្រុម ដើម្បីផលិតប្រេងស្លឹកគ្រៃ ដែលអង្គការនេះបានសម្លឹងឃើញទីផ្សារខ្ពស់នាពេលអនាគត។ កសិករទាំងនោះ ស្ថិតនៅក្នុងឃុំ ឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
កញ្ញា គង់ រដ្ឋា បុគ្គលិកទទួលបន្ទុកផ្នែកទីផ្សារនៃអង្គការ អាគ្រីស៊ុត រៀបរាប់ថា ហេតុដែលអង្គការរបស់កញ្ញារៀបចំការផលិតប្រេងស្លឹកគ្រៃនេះឡើង គឺដោយសារថា អង្គការសង្កេតឃើញថា ការដាំដុះពួកគេកំពុងជួបបញ្ហាទីផ្សារ តម្លៃទាប។ ទី២ ដោយសារតំបន់នោះដាច់ស្រយាល ឆ្ងាយពីទីក្រុង ផលដំណាំផ្សេងៗមិនសូវមានទីផ្សារ ហើយក៏ពិបាកនាំកសិផលទៅលក់នៅទីផ្សារជាដើម។
គម្រោងចម្រាញ់ប្រេងស្លឹកគ្រៃ បានចាប់ផ្តើមដំណើរការនៅដើមឆ្នាំ២០១៨ ជាមួយនឹងក្រុមកសិករចំនួន ២០គ្រួសារ។ បច្ចុប្បន្នដើមទុនក្នុងគម្រោងនេះមានចំនួន១លានរៀល ក្នុងនោះមិនរាប់បញ្ចូលថវិកាពីអង្គការដែលរៀបចំដំឡើងរោង និងឆ្នាំងចម្រាញ់នៅឡើយ។ សមហគមន៍អ្នកផលិតបន្លែសុវត្ថិភាព ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការអាគ្រីស៊ុត បានដើរតួជាសហគមន៍ធំ ដើម្បីរកទីផ្សារប្រេងស្លឹកគ្រៃនេះ។ ប្រេងដែលចម្រាញ់បាន ត្រូវលក់ឱ្យសហគមន៍ធំ និងសហគមន៍លក់ទៅឱ្យទីផ្សារបន្ត។ យ៉ាងណា បច្ចុប្បន្នប្រេងស្លឹកគ្រៃ កំពុងស្ថិតក្នុងដំណាក់កាលសាកល្បង និងធ្វើតេសនៅឡើយពីសំណាក់អតិថិនជន។
ទាក់ទងនឹងតម្លៃ អាគ្រីស៊ុត មិនទាន់បានកំណត់នោះទេ ហើយបរិមាណក៏មិនទាន់ច្បាស់ថាផលិតប៉ុន្មានក្នុងមួយថ្ងៃដែរ ដោយបច្ចុប្បន្នអង្គការកំពុងខិតខំរកទីផ្សារដោយរំពឹងថា នឹងបានតម្លៃខ្ពស់ជាងផលិតផលនាំចូលពីខាងក្រៅ ដែលក់ក្នុងមួយគីឡូក្រាម ៦០ដុល្លារ។ ដោយសារជាប្រេងធម្មជាតិ សុទ្ធ គុណភាពខ្ពស់ និងផលិតដោយកសិករក្រីក្រផងនោះ ទើបអាគ្រីស៊ុតជឿជាក់ថា អតិថិជននឹងឱ្យតម្លៃលើផលិតផលមួយនេះ។
អាគ្រីស៊ុត បានរៀបចំដំឡើងឆ្នាំងចម្រាញ់ប្រេងស្លឹកក្រៃនៅផ្ទះកសិករលោក កែវ យឿន។ លោក យឿន ធ្លាប់មានបទពិសោធន៍ចំហុយស្រា និងថ្នាំពេទ្យផងដែរ។ ការចំហុយនេះបានចាប់ផ្តើមពីដើមខែ កក្កដាមក ដោយសាកល្បងចំហុយមិនទាន់ច្រើនទេ។
ស្លឹកគ្រៃដែលអាចយកមកស្ងោរបាន មានអាយុចាប់ពី៣ខែឡើង ហើយ៣ខែបន្ទាប់ គេអាចកាត់វាម្ដងទៀត។ លោក យឿន បានប្រាប់ពីបច្ចេកទេសចំហុយស្លឹកក្រៃយ៉ាងដូច្នេះថា៖
ស្លឹកក្រៃចំនួន ២០០គីឡូក្រាម ចម្រាញ់បានប្រេងត្រឹម ៧ខាំតែប៉ុណ្ណោះ។ កសិករទាន់ផលិតច្រើនទេ ត្បិតកសិករកំពុងរង់ចាំការបញ្ជាទិញពីទីផ្សារសិន។
ប្រធានក្រុមកសិករផលិតប្រេងស្លឹកគ្រៃ លោក ខឹម សម្រេច បានឱ្យដឹងថា ដំបូងការចងក្រងក្រុមលោកមានតែ ២០នាក់តែប៉ុណ្ណោះ ដោយសារទីផ្សារមិនទាន់ដើរត្រឹមត្រូវ។ លោកថា ប្រសិនបើទីផ្សារដើរ នោះលោកនឹងបង្កើនសមាជិកក្រុម និងបង្កើនការផលិតដើម្បីបំពេញតម្រូវការទីផ្សារ។
លោក សម្រេច សុំឱ្យសមាជិកជាកសិករទាំងអស់ មានការអត់ធ្មត់ និងរងចាំទទួលផលទាំងអស់គ្នានាពេលអនាអត់។
ប្រសិនបើទីផ្សារស្លឹកគ្រៃពិតជាទៅតាមអ្វីដែលអង្គការ អាគ្រីស៊ុតរំពឹងទុក នោះអង្គការនេះក៏បានគិតគូរពីការនាំទៅលក់នៅទីផ្សារភ្នំពេញ និងក្រៅប្រទេសផងដែរ។ ប្រេងស្លឹកគ្រៃមានអត្ថប្រយោជន៍ច្រើន ពិសេសការផលិតដែលដឹងប្រភពច្បាស់លាស់ និងបានជួយកសិករដែលក្រីក្រក្នុងតំបន់ដាច់ស្រយាល ជាងនេះទៀតនោះ គឺបានលើកទឹកចិត្តពួកគេធ្វើយ៉ាងណាមានមុខរបរក្នុងស្រុក ដោយមិនចាំបាច់ចំណាកស្រុកទៅក្រៅប្រទេស៕