ជាតិ
បាក់ឌុប
មន្ត្រី​កំណែ​វិញ្ញាសា​ប្រឡង មិនអាច​យក​ទូរ​សព្ទ និង​សម្ភារ​អេឡិចត្រូនិក ចូល​បន្ទប់​កំណែ​ឡើយ​
27, Aug 2018 , 5:30 pm        
រូបភាព
​ភ្នំពេញ​៖ ដើម្បី​ឲ្យ​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) ឆ្នាំ​២០១៨  ប្រព្រឹត្ត​ទៅតាម​គោលការណ៍​ច្បាប់ យុត្តិធម៌ និង​តម្លាភាព ក្រសួង​អប់រំ បាន​តម្រូវ​ឲ្យ​សមាជិក​កំណែ​វិញ្ញាសា​ប្រឡង​បាក់​ឌុប​ទាំងអស់ ត្រូវ​រក្សាទុក​កាបូប និង​សម្ភារ​ផ្សេងៗ នៅក្រៅ​បន្ទប់​កំណែ​មុខវិជ្ជា​ទាំង​១០​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។

 
​ដំណើរការ​នៃ​កំណែ​វិញ្ញាសា​បេក្ខជន​ប្រឡង​បាក់​ឌុប បាន​ប្រព្រឹត្តឡើង​ដូច​សព្វដង នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៧ ខែសីហា​នេះ​។ សមាជិក​កំណែ​វិញ្ញាសា​នីមួយៗ​នៅតាម​មណ្ឌល​កំណែ​ទាំង​១០ បាន​បន្តធ្វើ​កំណែ​លើ​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡង​បាក់​ឌុប ដោយ​ការយកចិត្តទុកដាក់​បំ​ផុត ក្រោម​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដោយ​មិនបាន​ភ្ជាប់​មកជា​មួយ​នូវ​ទូរ​សព្ទ​ដៃ និង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​ចូល​បន្ទប់​កំណែ​ឡើយ​។ 
 
​តាមរយៈ​ខ្លឹមសារ និង​រូបភាព​បាន​ពី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សមាជិក​នៃ​គណៈកម្មការ​ក្រុម​មុខវិជ្ជា គណៈកម្មការ​ប្រចាំការ​មណ្ឌល​កំណែ គណៈកម្មការ​បែងចែក​សន្លឹក​កិច្ចការ និង​ក្រុម​មុខវិជ្ជា​នីមួយៗ ដែល​បាន​យក​សម្ភារ​ជាប់​ខ្លួន ត្រូវបាន​រក្សាទុក​ដាច់​ដោយឡែក ។ ការធ្វើ​បែបនេះ ដើម្បី​ជៀសវាង​ការ​បង្ហោះ​សំណៅ​កិច្ចការ​បេក្ខជន ឬ​អត្រាកំណែ​តាម​បណ្ដាញ​សង្គម ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​កំណែ​លទ្ធផល​ប្រឡង​។​
 
​ជាមួយគ្នានេះ ក្រសួង​អប់រំ  បានចេញ​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​២៧​សីហា ព្រមាន​ចំពោះ​ជន​ណា​ដែល​បង្ហោះ​វិញ្ញាសា និង​អត្រាកំណែ​នៃ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨ នឹង​ទទួលខុសត្រូវ​នូវ​ទង្វើ​របស់ខ្លួន​តាម​ផ្លូវច្បាប់​យ៉ាង​តឹងរឹង​បំផុត​៕
 

Tag:
 អប់រំ​
  បាក់​ឌុប​
  ប្រឡង​
  ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com