លោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងសកម្មជន១៣នាក់ទៀត ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលែងទោស តាមសំណើរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ត្រូវបានផ្សព្វផ្សាយនៅម៉ោងជាង១០យប់ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ។
លោក សំ សុគង់ មេធាវីការពារក្តីឲ្យអ្នកទាំង១៤ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅយប់ថ្ងៃនេះ យ៉ាងដូច្នេះថា៖«ខ្ញុំបានឃើញព្រះរាជក្រឹត្យលើកលែងទោសឲ្យពួកគាត់ហើយ។ ឥឡូវខ្ញុំកំពុងធ្វើដំណើរទៅទទួលពួកគាត់»។
ការទទួលបានការលើកលែងទោសនេះ បន្ទាប់ពីអ្នកទាំងនោះ សរសេរលិខិតចេញពីពន្ធនាគារ ផ្ញើជូនសម្តេច ហ៊ុន សែន ចំនួន២លើក ដើម្បីសុំឲ្យជួយអន្តរាគមន៍ ឲ្យពួកគេ បានរួចផុតពីការឃុំឃាំង។
តាមរយៈលិខិលើកទី២ ដែលពួកគេ បានសរសេរទៅនាយករដ្ឋមន្ត្រីកម្ពុជា ពួកគេ បានសម្តែងការសោកស្តាយចំពោះទង្វើរបស់ខ្លួន ដែលបានធ្វើបាតុកម្មនៅក្បែរស្ពាននាគ ម្តុំវត្តភ្នំ កាលឆ្នាំ២០១៣។ ពួកគេ បានសន្យាជាមួយប្រមុខរដ្ឋាភិបាល យ៉ាងដូច្នេះថា៖«ចាប់ពីថ្ងៃនេះទៅ យើងខ្ញុំទាំងអស់គ្នា មិនចូលរួមធ្វើបាតុកម្ម ឬធ្វើសកម្មភាពណាមួយដោយគ្មានការពិចារណាឡើយ»។
ក្រៅពីសន្យាបែបនេះ អ្នកទាំងនោះ ក៏សម្តែងអារម្មណ៍នឹកក្រុមគ្រួសារផងដែរ ដោយរាយរាប់ពីក្តីអាណិតរបស់ពួកគេ ចំពោះឪពុកម្តាយ ដែលចាស់ជរា ហើយកូនៗរបស់ពួកគេ ថែមទាំងបោះបង់ការសិក្សាថែមទៀត។
ក្នុងចំណោមអ្នកទាំង១៤នាក់ មាន៣នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនគាររយៈពេល២០ឆ្នាំ ក្រោមបទចោទដឹកនាំធ្វើកុបកម្ម ហើយ១១នាក់ទៀត ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ក្រោមបទចោទចូលរួមក្នុងចលនាកុបកម្ម ដែលពួកគេបានប្រព្រឹត្តក្រោយបោះឆ្នោតកាលពី២០១៣ នៅទីលានប្រជាធិបតេយ្យ ម្តុំវត្តភ្នំ។
៣នាក់ ដែលជាប់ទោស២០ឆ្នាំក្នុងម្នាក់ៗ រួមមាន លោក មាជ សុវណ្ណារ៉ា លោក អឿ ណារិទ្ធ និងលោក ឃីន ជំរឿន។ ចំណែក ១១នាក់ ដែលជាប់ទោស៧ឆ្នាំ ក្នុងម្នាក់ៗ រួមមាន ស៊ុំ ពុទ្ធី លោក នាង សុឃុន លោក សាន គីមហេង លោក ទេព ណារិន លោក សាន សីហៈ លោក អាន បឋម លោក អ៊ុក ពេជ្រសំណាង លោក កែ ឃីម លោក យា ថុង លោក យន់ គឹមហួរ និងលោក រឿន ចិត្រា។
អ្នកទាំង១៤នាក់ខាងលើ ត្រូវបានឃុំខ្លួនតាំងពីអំឡុងខែកក្កដា ឆ្នាំ២០១៥មក។ ក្រោយជាប់ពន្ធនាគារបានជាង៣ឆ្នាំ ពួកគេ ក៏បានរួចទោសក្នុងថ្ងៃនេះ ក្រោមអំណាចព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដោយមានសម្តេច ហ៊ុន សែន ជាអ្នកស្នើសុំ។
ការដោះលែងលោក មាជ សុវណ្ណារ៉ា និងសកម្មជនទាំង១៣នាក់របស់គណបក្សប្រឆាំង គឺក្រោយការប្រកាសរបស់សម្តេច ហ៊ុន សែន តែ២-៣ថ្ងៃប៉ុណ្ណោះ។ កាលពីប៉ុន្មានថ្ងៃមុន ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសពីគម្រោងនៃការដោះលែងអ្នកទោសក្នុងលក្ខណទ្រង់ទ្រាយធំ។
យ៉ាងណាក៏ដោយ មេដឹកនាំកម្ពុជារូបនេះ បានប្រាប់ថា ការលើកលែងទោសឲ្យអ្នកទាំងនោះ ពុំមែនដោយសារតែរងសម្ពាធពីសហគមន៍អន្តរជាតិឡើយ តែវាជាទឹកចិត្តរបស់ខ្លួន ក្នុងនាមជានាយករដ្ឋមន្ត្រី។
ថ្មីៗនេះ មនុស្សមួយចំនួន ដែលគេដឹងថាមិនសូវគាំទ្ររដ្ឋាភិបាល ត្រូវបានដោះលែងជាហូរហែ។ អ្នកទាំងនោះ រួមមាន លោក គឹម សុខ អ្នកវិភាគនយោបាយ លោកស្រី ទេព វន្នី សកម្មជនបឹងកក់ លោក អ៊ួន ឈិន-លោក យាង សុជាមេត្តា អតីតអ្នកកាសែតនៃវិទ្យុអាស៊ីសេរី លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ និងលោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។
នៅសល់តែលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិតែម្នាក់ទៀតប៉ុណ្ណោះ ដែលកំពុងជាប់ឃុំ។ បើមើលតាមស្ថានការណ៍នយោបាយបច្ចុប្បន្ន ដែលកំពុងមានភាពល្អប្រសើរឡើងបន្តិចម្តងៗបែបនេះ គេ រំពឹងទុកថា លោក កឹម សុខា ក៏អាចនឹងត្រូវបានដោះលែងដែរ ក្នុងពេលឆាប់ៗខាងមុខ៕