ជាតិ
ក្រុង​បាត់ដំបង​ទទួល​រៀបចំ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី​២
28, Aug 2018 , 7:59 pm        
រូបភាព
File Photo: មហោស្រពអក្សរសិល្ប៍ខ្មែរ​លើកទី១ បាន​រៀបចំឡើងនៅ​ខេត្តសៀមរាប​។ (រូបផ្តល់ឲ្យ)
File Photo: មហោស្រពអក្សរសិល្ប៍ខ្មែរ​លើកទី១ បាន​រៀបចំឡើងនៅ​ខេត្តសៀមរាប​។ (រូបផ្តល់ឲ្យ)
ដោយ: VOA
​ភ្នំពេញ ៖ កម្មវិធី​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​ឆ្នាំ​ទី​២ នឹង​វិល​ត្រឡប់មកវិញ​ក្នុង​ខែកញ្ញា​ខាងមុខ ជាមួយនឹង​ការរៀបចំ​នៅតាម​ទីតាំង​ល្បីល្បាញ​នានា​ក្នុង​ទី​រួម​ខេត្តបាត់ដំបង ក្រោយ​ទទួលបាន​ជោគជ័យ​កាលពី​ឆ្នាំទៅ​មិញ ដែល​ប្រារព្ធ​ឡើង​នៅ​ខេត្តសៀមរាប​។​

 
​កម្មវិធី​ឆ្នាំនេះ​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ២១ ដល់​ថ្ងៃទី​២៣ ខែកញ្ញា ហើយ​រួមមាន​សកម្មភាព​ជាច្រើន​ដែល​នឹងមាន​ការចូលរួម​ពី​សំណាក់ កវី អ្នកនិពន្ធ និង​មិត្ត​អ្នក​និយម​តាមដាន​អក្សរសិល្ប៍​ខ្មែរ ដើម្បី​ពិភាក្សា និង​លើកកម្ពស់​ការនិពន្ធ​អត្ថបទ​អក្សរសិល្ប៍​ខ្មែរ និង​កំណាព្យ​។ នេះ​បើ​យោងតាម​សំដី​របស់​អ្នករៀបចំ​កម្មវិធី​។​
 
​អ្នកនិពន្ធ សូ ភី​ណា ដែលជា​សមាជិក​ស្ថាបនិក​នៃ​កម្មវិធី​មហោស្រព​អក្សរសាស្ត្រ​ខ្មែរ​បាន​និយាយថា សកម្មភាព​ទាំងអស់​នឹងត្រូវ​ធ្វើឡើង​ក្នុង​រូបភាព​ចំរុះ ទាំង​សកម្មភាព​ពិភាក្សាគ្នា​ក្នុង​សាលប្រជុំ និង​សកម្ម​ភាពរស់រវើក​នៅ​ទីវាល តាម​ទី​ស្ថាន​ល្បី​នានា​ក្នុង​ទី​រួម​ខេត្តបាត់ដំបង​តែម្ដង​។​
 
​នៅក្នុង​បន្ទប់​សហ​សិក្សា​ដែលមាន​អម​សងខាង​ដោយ​ទូ​សៀវភៅ​រាប់រយ​ក្បាល ដែល​និយាយ​អំពី​សិល្បៈ និង​អក្សរសិល្ប៍ ក្នុង​ការិយាល័យ​របស់​ខ្លួន​ក្នុង​សង្កាត់​ទន្លេបាសាក់ រាជធានី​ភ្នំពេញ អ្នកស្រី សូ ភី​ណា បាន​ប្រាប់ VOA​យ៉ាង​ដូច្នេះ​ថា​៖
 
«​ព្រោះ​យើង​ដឹង​ហើយ​ថា​ខេត្តបាត់ដំបង​វា​មាន​ភាព​សំបូរបែប ខាង​ផ្នែក​ប្រវត្តិសាស្ត្រ ខាង​ផ្នែក​វប្បធម៌ ហើយ​និង​ធនធានមនុស្ស​។ ចឹ​ង​យើង​គិតថា​វា​ជា សក្តានុពល​មួយ​ដែល​ធំ ដែល​យើង​ធ្វើ​នៅ​ខេត្ត​ដែលមាន​សក្តានុពល​ស្រាប់​ហើយ វា​ធ្វើអោយ​មហោស្រព​យើង​កាន់​តែមាន​ប្រសិទ្ធភាព​»​។​


អ្នកនិពន្ធ​ខ្មែរ​អ្នកស្រី សូ ភី​ណា ដែល​ដឹកនាំ​ការនិពន្ធ​សៀវភៅ «​ប៊ុនធឿន ២០១៧ និង​រឿង​ខ្លី​ដទៃទៀត​» ដែល​សម្ភោ​ធ​ក្នុង​កម្មវិធី ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​៦, នៅ​រាជធានី​ភ្នំពេញ​, នៅ​ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ​២០១៨​។ (​ខាន់ សុ​គុំ​មនោ​/ VOA)​

​អ្នកស្រី សូ ភី​ណា ក៏បាន​បន្ថែមថា កម្មវិធី​នៅ​បាត់ដំបង​នេះ​នឹងមាន​បូករួម​បញ្ចូល​ការប្រកួត កង់​ឌុប និង​កំណាព្យ ជុំវិញ​ប្រធានបទ​នានា​ដែល​ទាក់ទង​នឹង​ខេត្តបាត់ដំបង ឬ​អំពី​បទពិសោធ​ស​ញ្ចេ​ត​នា​កម្រិត​បុគ្គល​របស់​បេក្ខជន​ផ្ទាល់​ដែល​ជាប់ជំពាក់​វា​ក់វិន​នឹង​ខេត្ត​មួយ​នេះ​។​
 
«​ដោយសារ​យើង​ចង់​ឲ្យ​វា​មានការ​កំសាន្ត​ដែល មិនមែន​គ្រាន់តែ​ទៅ​គឺ ដើម្បី​តែ​អក្សរសិល្ប៍ៗ​ពេក​ទេ អ៊ីចឹង យើង​ចង់​ឲ្យ​វា​ផ្សំគ្នា​ជាមួយ​កម្មវិធី​សប្បាយ ហ្នឹង​ទៅ យើង​មាន​អ្នកចូលរួម ហើយ​យើង​លើកកម្ពស់​គុណ​តម្លៃ​នៃ​កំណាព្យ​ទៀត​»​។​
 
​អ្នកនិពន្ធ​រូបនេះ បាន​បន្ត​យ៉ាង​ដូច្នេះ​ទៀតថា​៖
 
«​ហើយ​កម្មវិធី​មួយទៀត​គឺ ទាក់ទង​ទៅនឹង​ឆ្នាំមុន​យើង​អត់​មានការ​ប្រកួត​ប្រលងប្រជែង​ស្នាដៃ​អក្សរសិល្ប៍​ទេ តែ​ឆ្នាំនេះ​យើង​មាន អ៊ីចឹង​យើង​មាន​ប្រភេទ​រឿង​ខ្លី និង​កំណាព្យ​។ ហើយ​មួយទៀត បង​គិតថា​អ្វីដែល​ពិសេស​នោះ​គឺ យើង​បញ្ចូល​កម្មវិធី​សិល្បៈ​ច្រើនជាង​មុន ឆ្នាំនេះ​យើង​មាន កង់​នេះ​ផង សិល្បៈ​ចំរុះ មាន​របាំ មាន​តន្ត្រី មាន​ល្ខោននិយាយ មាន​គែន និង​ខ្សែ​ដៀវ​ទៀត​»​។​
 
​កម្មវិធី​ឆ្នាំមុន​ដែលជា​ឆ្នាំ​ដំបូង នៃ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើកទីមួយ តាំងទី​រៀបចំឡើង​នៅក្នុង មជ្ឈមណ្ឌល​ខេ​មរ​សិក្សា​(CKS)​ដែល​ស្ថិតនៅក្នុង​បរិវេណ​វត្ត​ដំណាក់​នៃ​ខេត្តសៀមរាប និង​ដែល​បានទទួល​ការចូលរួម​ពី​សំណាក់ អ្នកនិពន្ធ និង​អ្នកអាន​ប្រមាណ ៥០០​នាក់​។​


 General photo of Khmer Literature Festival in 2017 at Siem Reap Province, Cambodia. (Courtesy image)
​ទីតាំង​ដែល​ត្រូវ​ទទួល​រៀបចំ​កម្មវិធី​នានា​របស់​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​ឆ្នាំនេះ រួមមាន អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ ដើម​ដូង​ទី​១០ មុខ​វត្ត​ពោធិ៍​វាល វត្ត​កណ្ដាល វត្ត​ដំរី​ស សាលាខេត្ត​ចាស់ និង​ស្ពានថ្ម​ចាស់​ជាដើម​។​
 
​អ្នកស្រី សូ ភី​ណា បាន​ប្រាប់ថា​៖
 
«​ទីតាំង​ដែល​យើង​រើស​ច្រើន​កន្លែង​ហ្នឹង ពីព្រោះ​ដោយសារតែ​យើង​ចង់​ឲ្យ អ្នកចូលរួម​របស់​យើង​ស្គាល់​អំពី ហេដ្ឋារចនាសម្ព័ន្ធ​វប្បធម៌ ដែលមាន​ស្រាប់​នៅ​ខេត្តបាត់ដំបង​។ ហើយ​យើង​អាច​ទាក់ទាញ​ការចាប់អារម្មណ៍​ឡើងវិញ​អំពី​គុណ​តម្លៃ​នៃ​កន្លែងៗ​ទាំងអស់​ហ្នឹង ព្រោះ​ដោយសារ​កន្លែង​មួយៗ​វា​មាន​ប្រវត្តិ​របស់​វា វា​មានឈ្មោះ អត្ថន័យ​អ៊ីចឹង​»​។​
 
​ដោយឡែក កញ្ញា ថុ​ន ថាវ​រី ដែលជា​អ្នកនិពន្ធ​សៀវភៅ​«​នារី​ប្រពៃ​»​បាន​និយាយថា ក្នុង​កម្មវិធី​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី​២​នេះ ខ្លួន​រំពឹងថា​នឹង​ទទួលបាន​អ្វីដែល​ថ្មី​ច្រើន លើសពី​កម្មវិធី​ឆ្នាំមុន​នៅ​ខេត្តសៀមរាប​ទៅទៀត​។​
 
«​និយាយ​រួម​ទៅ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយរីករាយ ដោយ​សារបាន​ជួបជុំ​អ្នកនិពន្ធ​ចាស់ៗ និង​អ្នកនិពន្ធ​ផ្សេងៗ​ជាច្រើន​មក​ផ្តុំគ្នា​»​។​
 
​កញ្ញា ថាវ​រី បាន​និយាយ​បន្ថែម​ប្រាប់​VOA​យ៉ាង​ដូច្នេះ​ថា​៖
 
«​ដោយសារ​ខ្ញុំ​ជា​អ្នកនិពន្ធ​ដែរ ហើយ​ខ្ញុំ​ចង់​ចូលរួមចំណែក​ក្នុងការ​លើកស្ទួយ​អក្សរសិល្ប៍​ខ្មែរ​នៅក្នុង​ប្រទេស​កម្ពុជា អ៊ីចឹង​អាច​លើកកម្ពស់​ឡើង​បាន ក្នុងនាម​ជា​អ្នកនិពន្ធ ទាល់តែ​យើង​ទៅ​ចូលរួម ទៅ​ជួយ​ផ្សព្វផ្សាយ ទៅ​ចែករំលែក​ពីបទ​ពិសោធ ក្នុងនាម​ជា​អ្នកនិពន្ធ ហើយ​ទៅ​រៀន​ពី​រៀមច្បង​ផ្សេងៗ ក្នុង​កំឡុង​២​ទៅ​៣​ថ្ងៃ​ហ្នឹង​ដែរ​»​។​


General photo of Khmer Literature Festival in 2017 at Siem Reap Province, Cambodia. (Courtesy image)

​កញ្ញា សែត ហត្ថា ដែលជា​ម្ចាស់​និពន្ធ​សៀវភៅ​«​វិញ្ញាសា​ជីវិត​»​បាន​សម្ដែង​មតិ​លើកឡើង​ដូចជា​ការលើកឡើង​រប​ស់​អ្នកនិពន្ធ ថុ​ន ថាវ​រី ដែរ ដោយ​គាត់​យល់ឃើញថា ការចូលរួម​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​កាលពី​ឆ្នាំមុន​គឺ​ល្អ​ខ្លាំង​មែនទែន​។​
 
​កញ្ញា ហត្ថា ដែល​គេ​ស្គាល់​តាមរយៈ​នាម​លើ​ស្លាប​ប៉ា​កា​ថា​ជា​«​កូនចាប​មាស​»​នោះ បាន​ប្រាប់ VOA​ថា​៖
 
«​ពីព្រោះ​ពេលដែល​ខ្ញុំ​ចាប់ផ្តើម​សរសេរ​សៀវភៅ​ហ្នឹង​ភ្លាម ក៏​គេ​បង្កើត​កម្មវិធី​ហ្នឹង ក្រោម​ប្រធានបទ​ថា ការបង្ហាញ​នូវ​ស្នាដៃ​ថ្មី ដែល​រៀបនឹង​ចេញផ្សាយ ហើយ​វា​គឺជា​ផល​ល្អ​មួយ​ដែរ ដោយសារតែ​ពេល​ចូលរួម​ក្នុង​កម្មវិធី​ហ្នឹង​ទៅ យើង​បាន​និយាយ​អំពី​ស្នាដៃ​របស់​យើង​រៀបចំ​នឹង​ចេញផ្សាយ ហ្នឹងហើយ​ចឹ​ង​ក៏​ធ្វើឱ្យមាន​អ្នក​កាន់តែ​ស្គាល់​ច្រើន ជាពិសេស​គឺ​អ្នកនិពន្ធ​ដែល​ខ្ញុំ​អត់​ធ្លាប់បាន​ស្គាល់​ពីមុន ឬក៏​អ្នកខ្លះ​គឺ​យើង​ស្គាល់ឈ្មោះ​តែ​អត់​ដែល​បាន​ជួប ក៏បាន​ទៅ​ជួបគ្នា​នៅ​ទីនោះ​»​។​
 
​សម្រាប់​កម្មវិធី​ឆ្នាំ​ទី​២ នៃ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​នេះ ដែល​រៀបចំឡើង​នៅ​ខេត្តបាត់ដំបង អ្នករៀបចំ​រំពឹងថា​មាន​អ្នកចូលរួម​ប្រមាណ ១​ពាន់​នាក់ ពោលគឺ​កើនឡើង​មួយ​គុណ​នឹង​ពីរ បើ​ធៀប​នឹង​កម្មវិធី​ឆ្នាំមុន​នៅ​ខេត្តសៀមរាប​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com