កីឡាជាតិ
ជាតិ
ពានរង្វាន់បាល់ទាត់សម្តេច ហេង សំរិន លើកទី២គ្រោងចំណាយជាង២០០លានរៀល
× ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហេង សំរិន លើកទី២បានបើកការប្រកួតកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ដោយឆ្នាំនេះមាន២១ក្រុមចូលរួម កើនឡើង៥ក្រុមបើធៀងនឹងលើកទី១។ មិនត្រឹមតែចំនួនក្រុមនោះទេ ប្រាក់រង្វាន់លើកទឹកចិត្តក៏កើនឡើងដែរ។ ការកើនឡើងនេះ បានធ្វើឲ្យការចំណាយលើការរៀបចំការប្រកួតមានទំហំកាន់កាន់តែធំ។ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់ថវិកាចំនួន២០លានរៀល ដើម្បីទ្រទ្រង់ដល់ការរៀបចំ។
ពានរង្វាន់បាល់ទាត់សម្តេច ហេង សំរិន លើកទី២ឆ្នាំនេះ គ្រោងចំណាយថវិកាចំនួន២០២,៧០៤,០០០រៀល (ប្រហាក់ប្រហែល៥០,៦៧៦ដុល្លារ)។ ថវិកាទាំងនេះ ត្រូវចំណាយលើការរៀបចំការប្រកួត និងប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់ម្ចាស់ជ័យលាភី និងចំណាយផ្សេងៗ។ នេះបើតាមលោក ធុល នាង ទីប្រឹក្សាសម្តេច ហេង សំរិន និងជាប្រធានគណៈកម្មការរៀបចំការប្រកួត។
ទំហំចំណាយនេះ មានការកើនឡើងជិត២០ភាគរយបើធៀបនឹងលើកទី១។ ការចំណាយរីកកាន់តែធំនេះ បន្ទាប់ពីគណៈកម្មការរៀបចំការប្រកួតបានដំឡើងប្រាក់រង្វាន់លើកទឹកចិត្តដល់ក្រុមជ័យលាភី និងពានរង្វាន់ឯកជនផ្សេងៗ។ ម្យ៉ាងទៀត ដោយសារឆ្នាំនេះក្រុមចូលរួមមានការកើនឡើង ដោយឆ្នាំនេះមាន២១ក្រុម ខណៈឆ្នាំមុនមានតែ១៦ក្រុមប៉ុណ្ណោះ។
ដើម្បីជួយសម្រួលដល់ការចំណាយក្នុងការរៀបចំពានរង្វាន់នេះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃបើកការប្រកួតកាលពីថ្ងៃទី២៦ ខែសីហា នៅពហុកីឡដ្ឋានជាតិ បានផ្តល់ថវិកាចំនួន២០លានរៀលដល់គណៈកម្មការរៀបចំការប្រកួត។ ជាមួយគ្នានេះ លោកស្នើឲ្យកីឡាករទាំងអស់ខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ដោយឈរលើគោលការណ៍ Fair Play និងមានអធ្យាស្រ័យខ្ពស់។
បើយោងតាមលោក ធុល នាង ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណង ជួយរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជា ពិសេសបំផុតស្មារតីឲ្យយុវជនចាប់អារម្មណ៍វិស័យកីឡានេះកាន់តែច្រើន។ លើសពីនេះ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងសុខភាព។ ដើម្បីបង្កើនការទាក់ទាញដល់ទស្សនិកជន និងធ្វើឲ្យការប្រកួតកាន់តែស្វិតស្វាញជាងមុន គណៈកម្មការរៀបចំបានអនុញ្ញាតឲ្យក្រុមនីមួយៗដាក់កីឡាករអាជីព២រូបពីក្របខណ្ឌលីគកំពូល និង២រូបលំដាប់ទី២រូប៕
Tag:
Heng Samrin Cup
ធុល នាង
© រក្សាសិទ្ធិដោយ thmeythmey.com