កីឡាជាតិ
ជាតិ
Asian Games៖ អត្ត​ព​លិ​ក​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​អស់​ឱកាស​ឡើងទៅ​វគ្គ​១/៤
28, Aug 2018 , 9:58 pm        
រូបភាព
ដោយ:

ក្រុម​អត្ត​ព​លិ​ក​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បាន​រង​ការខកចិត្ត​សម្រាប់​ការប្រកួត​បើកឆាក​ក្នុង​ព្រឹត្តិការណ៍ Asian Games លើក​ទី​១៨ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ក្រោយ​អស់​ឱកាស​ឡើង​វគ្គ​បន្ត​លើ​វិញ្ញាសា​វាយ​ឯកត្តជន​។ ប៉ុន្តែ​ក្រុម​អត្ត​ព​លិ​ក​ទាំងនេះ មិនទាន់​ចប់​បេសកកម្ម​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​នេះ​នៅឡើយ​ទេ​។​

 
​សូ​ហ្វ​តិ​ន្នី​ស ដែលជា​កីឡា​សក្តានុពល​របស់​ក​ម្ពុ​ជា មិនទាន់​បង្ហាញ​សញ្ញា​ល្អ​ណាមួយ ក្នុងការ​ស្វែងរក​មេដាយ​ពី​ព្រឹត្តិការណ៍ Asian Games លើក​ទី​១៨ នៅ​ឥណ្ឌូណេស៊ី​នៅឡើយ​។ សម្រាប់​ការប្រកួត​បើកឆាក​លើ​វិញ្ញាសា​វាយ​ឯកត្តជន នៅ​ថ្ងៃទី​១៨ ខែសីហា​នេះ ទាំង​កីឡាការិនី ម៉េ​ត ម៉ា​រី​យ៉ាន​, រិ​ន សុធា​រី​, កីឡាករ កាន់ សោ​ភ័​ណ្ឌ និង ឌឹ​ម សំ​សុជា​ភា​រុណ សុទ្ធតែ​អស់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​។  
 
​ក្នុងចំណោម​ពួកគេ​ទាំងនេះ មានតែ​កីឡាការិនី ម៉េ​ត ម៉ា​រី​យ៉ាន ម្នាក់​ប៉ុណ្ណោះ ដែល​បានផ្តល់​ក្តីសង្ឃឹម​ដល់​ប្រជាពលរដ្ឋ​កម្ពុជា តាមរយៈ​ជ័យជម្នះ ៤-៣ លើ​កីឡាការិនី​ឥណ្ឌា Namita Seth ក្នុងជំនួប​បើកឆាក​ពូ​ល H​។ ប៉ុន្តែ​កីឡាការិនី​វ័យ​១៤​ឆ្នាំ​រូបនេះ បាន​ប្រកួត​ចាញ់​កីឡាការិនី​ឥណ្ឌូណេស៊ី Pitri Dwi Rahayu វ័យ​២៥​ឆ្នាំ ក្នុង​លទ្ធផល ៤-០ ដែល​នាំ​ឲ្យ​នាង​ធ្លាក់​ពី​ការប្រកួត​។  
 
​ជាមួយគ្នានេះ កីឡាការិនី រិ​ន សុធា​រី ដែល​ស្ថិតនៅក្នុង​ពូ​ល D បាន​ចាញ់​កីឡាការិនី​កូរ៉េខាងត្បូង Kim Jiyeon ៤-០ ហើយ​បន្ត​ចាញ់​កីឡាការិនី​ម្ចាស់ផ្ទះ Kusrini Dede Tari ក្នុង​លទ្ធផល​៤-១​។  ចំណែក​កីឡាករ កាន់ សោ​ភ័​ណ្ឌ ដែល​ស្ថិតនៅ​ពូ​ល E បាន​ចាញ់​កីឡាករ​ថៃ Uayporn Sorrachet ៤-១ និង​ចាញ់​កីឡាករ​ឥណ្ឌា Meena Jay ៤-៣​។ 
 
​ដោយឡែក កីឡាករ ឌឹ​ម សំ​សុជា​ភា​រុណ ចាញ់​កីឡាករ​ឥណ្ឌូណេស៊ី Sie Alexander Elbert ៤-០ តែ​ឈ្នះ​កីឡាករ​វៀតណាម Le Phuoc Vinh ៤-២ និង​ឈ្នះ​កីឡាករ​ឡាវ Vannasak Samxay ៤-១​។ ប៉ុន្តែ​លទ្ធផល​នេះ មិនអាច​ជួយ​ឲ្យ​រូបគេ​ឡើងទៅ​វគ្គ​បន្ត​បានឡើយ ដោយ​ចាញ់​ពិន្ទុ​កីឡាករ​ម្ចាស់ផ្ទះ Sie Alexander Elbert ដែល​ឈ្នះ​ទាំង​៣​ប្រកួត​៕ 

Tag:
 ម៉េ​ត ម៉ា​រី​យ៉ាន​
 Asian Games
 សូ​ហ្វ​តិ​ន្នី​ស​
 ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com