កីឡាជាតិ
ជាតិ
Asian Games៖ សូ​ហ្វ​តិ​ន្នី​ស​បន្ត​ស្វែងរក​មេដាយ​លើ​វិញ្ញាសា​វាយ​គូ​
29, Aug 2018 , 11:47 am        
រូបភាព
ដោយ:
​ក្រោយ​ខក​ឱកាស​ក្នុងការ​ដណ្តើម​មេដាយ​លើ​វិញ្ញាសា​វាយ​ឯកត្តជន​ក្នុង​ថ្ងៃ​បើកឆាក ក្រុម​អត្ត​ព​លិ​ក​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា ត្រូវ​បន្ត​ប្រជែង​ស្វែងរក​មេដាយ​លើ​វិញ្ញាសា​វាយ​គូ​បុរស​-​នារី នា​ការប្រកួត Asian Games លើក​ទី​១៨​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ អត្ត​ព​លិ​ក ដែល​ត្រូវ​ទទួល​ភារកិច្ច​ដ៏​ធំ​នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៨​នេះ មាន​ចំនួន​ពីរ​គូ​។

 
​កីឡាករ យី សរ​សារិទ្ធ ចាប់​ដៃគូ​ជាមួយ​កីឡាការិនី ម៉េ​ត ម៉ា​រី​យ៉ាន ប្រជែង​ជាមួយ​ថៃ ដែលមាន​កីឡាករ Ratthapobkorrapak Worranun និង​កីឡាការិនី Naree Sawitre​។ ការប្រកួត​នេះ​ស្ថិតនៅក្នុង​ពូ​ល A ដោយ​រៀបចំ​នៅ​ទីលាន​សូ​ហ្វ​តិ​ន្នី​ស​ក្នុង​ទីក្រុង​ប៉ា​ឡាំ​ប៉ាង​ប្រទេស​ឥណ្ឌូណេស៊ី​។ 
 
​គូប្រកួត​របស់​កម្ពុជា កីឡាករ Ratthapobkorrapak Worranun បានបញ្ចប់​ក្នុង​ចំណាត់​លេខ​៥​លើ​វិ​ញ្ញា​វាយ​គូ នា​ការប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​កូរ៉េខាងត្បូង​កាលពី​ឆ្នាំ​២០១១​។ ចំណែក​កីឡាការិនី Naree Sawitre ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​លើ​វិញ្ញាសា​វាយ​ឯកត្តជន ក្នុង​ព្រឹត្តិការណ៍ World Championship 2011 នៅ​ប្រទេស​កូរ៉េខាងត្បូង​។ 
 
​ជាមួយគ្នានេះ​កីឡាករ អន សម្បត្តិ ចាប់​ដៃគូ​ជាមួយ​កីឡាការិនី រិ​ន សុធា​រី ត្រូវ​ប្រជែង​ក្រុម​ហ្វីលីពីន​នា​ជំនួប​ពូ​ល E ដែលជា​ការចាប់​គ្នា​រវាង​កីឡាករ Damian Noel Jr ជាមួយ​កីឡាការិនី Manalac Noelle Conchita Corazon​។ គូប្រជែង​របស់​កម្ពុជា​មិនសូវមាន​ប្រវត្តិ​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​ប៉ុន្មាន​នោះទេ ពោលគឺ​កីឡាការិនី Manalac Noelle Conchita Corazon ធ្លាប់​ចូលរួម​ព្រឹត្តិការណ៍ Asian Championship ម្តង​នៅ​ជប៉ុន​កាលពី​ឆ្នាំ​២០១៦ ដោយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣៕     

Tag:
 សូ​ហ្វ​តិ​ន្នី​ស​
  Asian Games
  ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com