ពីនេះ ពីនោះ
កុមារ​រស់នៅក្នុង​បឹង​ទន្លេសាប ចេះ​អុំទូក និង​ចេះ​ហែល​ទឹក​យ៉ាង​ស្ទាត់ជំនាញ
29, Aug 2018 , 7:19 pm        
រូបភាព
 ​កុមារី​កំពុង​អុំទូក​ម្នាក់ឯង​សំដៅទៅ​ផ្ទះ ក្នុងភូមិ​បណ្តែត​ទឹក​មួយ​ក្នុង​បឹង​ទន្លេសាប​។ រូបភាព​៖ ឈុត ឈា​ណា​
​កុមារី​កំពុង​អុំទូក​ម្នាក់ឯង​សំដៅទៅ​ផ្ទះ ក្នុងភូមិ​បណ្តែត​ទឹក​មួយ​ក្នុង​បឹង​ទន្លេសាប​។ រូបភាព​៖ ឈុត ឈា​ណា​
ដោយ:
​​ក្មេងស្រី​តូច​នេះ កំពុង​អុំទូក​ម្នាក់ឯង​សំដៅ​ទៅផ្ទះ​នៅក្នុង​ភូមិ​បណ្តែត​ទឹក​។ នៅក្នុង​បឹង​ទន្លេសាប ទូក​គឺជា​មធ្យោបាយ​ធ្វើដំណើរ​ដ៏​ចាំបាច់​មិនអាច​ខ្វះ​បាន​មួយ​។ កុមារ​តូចៗ ភាគច្រើន ពួកគេ​អាចមាន​សមត្ថភាព​អុំទូក​ដើម្បី​ធ្វើដំណើរ​ទៅ​សាលារៀន ឬ​ទៅ​គោលដៅ​ណាមួយ​ជាក់លាក់ ដោយ​ខ្លួនឯងបាន​។ ក្រៅពី​ចេះ​អុំទូក កុមារ​ទាំងនោះ ក៏​ចេះ​ហែល​ទឹក​យ៉ាង​ស្ទាត់ជំនាញ​ផងដែរ​។ ម្តងម្កាល ក្រោយពី​ពេលទំនេរ​ពី​ការសិក្សា ពួកគេ​អាចជួយ​ឪពុកម្តាយ​ចេញទៅ​នេសាទ​ផងដែរ​។ ពួកគេ​អាចជួយ​ការងារ​ស្រាលៗ ដូចជា​ទប់​ច​ង្កួ​ត​ទូក ពេល​ឪពុកម្តាយ​របស់គេ​សារ​មង ឬ​ជួយ​រើស​ត្រី ដោះ​ត្រី​ចេញពី​មង​ផងដែរ​។

 
​កុមារា​ម្នាក់ និង​ប្អូនស្រី​របស់គេ កំពុង​អុំទូក​នៅក្នុង​ភូមិ​បណ្តែត​ទឹក​មួយ​ក្នុង​បឹង​ទន្លេសាប​។ រូបភាព​៖ ឈុត ឈា​ណា​
 
​មិនតែប៉ុណ្ណោះ ពួកគេ​មាន​សមត្ថភាព​ស្គាល់​ប្រភេទ​ត្រី​មួយចំនួន​ផងដែរ​។ មាន​កុមារ​មួយចំនួន មិន​ទទួលបាន​ការអប់រំ​នៅ​សាលា​ទេ ដោយសារ​ឪពុកម្តាយ​របស់​ពួកគេ ជា​អ្នកនេសាទ​ចំណាកស្រុក​។ ដោយសារតែ​ចំនួន​ត្រី​មានការ​ធ្លាក់ចុះ បង្ក​ឲ្យ​មាន​បញ្ហា​សន្តិសុខ​ស្បៀង កុមារ​មួយចំនួន បាន​បោះបង់​ការសិក្សា​ចោល ហើយ​ចេញទៅ​នេសាទ​ជាមួយ​ឪពុកម្តាយ​របស់​ពួកគេ​។ 
 
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការប្រែប្រួល​អាកាសធាតុ ការទន្ទ្រាន​កាប់ឆ្ការ ដុតបំផ្លាញ​ព្រៃ​លិច​ទឹក ដើម្បី​យក​ធ្វើជា​ដី​កសិកម្ម ការនេសាទ​ហួស​កម្រិត ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​គ្រប់​ប្រភេទ​នៅក្នុង​បឹង​ទន្លេសាប ពិសេស​ក្នុង​រដូវ​ត្រី​ពង​-​កូន និង​ធំធាត់ បានធ្វើ​ឲ្យ​មច្ឆជាតិ​គ្រប់​ប្រភេទ មាន​និន្នាការ​ធ្លាក់​យ៉ាងខ្លាំង និង​មាន​ប្រភេទ​ខ្លះ ឈានទៅ​ផុត​ពូជ​តែម្តង​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com