កីឡាករបាល់ទាត់វ័យក្មេងរបស់កម្ពុជា ដែលមានទេពកោសល្យពីររូប ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីបោះជំរំហ្វឹកហាត់បាល់ទាត់ MILO Camp ។ កម្មវិធីនេះ មានរយៈពេល៤ថ្ងៃ ដោយពួកគេនឹងទទួលបានការបណ្តុះបណ្តាលដោយគ្រូបង្វឹកមកពីប្រទេសថៃ និងមកពីក្លិប FC Barcelona ជាក្លិបបាល់ទាត់មួយ ដែលការប្តេជ្ញាចិត្តរបស់ចូលរួមអភិវឌ្ឍយុវជន តាមរយៈវិស័យកីឡា។
ផ្តើមចេញពីការបង្កើតភាពជាដៃគូរវាង ម៉ៃឡូ នៃក្រុមហ៊ុន Nestlé និង FC Barcelona ការបោះជំរំហ្វឹកហាត់នេះ គឺជាឱកាសថ្មី និងវិសេសវិសាលមួយទៀត សម្រាប់កីឡាករវ័យក្មេងចំនួន៥២នាក់ បានរៀនសូត្រពីគ្រូបង្វឹកក្លិប FC Barcelona លំដាប់ថ្នាក់ពិភពលោក ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ។
កម្មវិធីបោះជំរំ MILO Camp នឹងត្រូវធ្វើឡើងនៅក្លិប PTT Bluewave Chonburi Futsal Club ក្នុងខេត្ត Chonburi ប្រទេសថៃ។ ដោយមានការគាំទ្រពី ម៉ៃឡូ អត្តពលិកកម្ពុជាទាំង២រូបនេះ នឹងធ្វើដំណើរទៅប្រទេសថៃ ជាមួយតំណាងចូលរួមមកពីក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ម៉ៃឡូ គឺជាស្ថាប័នដ៏សកម្មមួយ ក្នុងការលើកកម្ពស់វិស័យកីឡានៅកម្ពុជា ហើយដែលតែងតែបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការឧបត្ថម្ភជាសម្ភារ និងសម្លៀកបំពាក់កីឡា គ្រឿងបរិក្ខារកីឡា និងសម្ភារសិក្សាជាច្រើនទៀត។
ឯកឧត្តម អ៊ុក សិទ្ធីជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថាលោកពិតជាសប្បាយចិត្តណាស់ ដែលបានឃើញអត្តពលិកកម្ពុជា ត្រូវបានផ្តល់ឱកាសឱ្យចូលរួមក្នុងកម្មវិធីនេះជាលើកដំបូង។ លោកជឿជាក់ថា អត្តពលិកវ័យក្មេងរបស់កម្ពុជាទាំង២រូបនេះ នឹងទទួលបានភាពរីកចម្រើន និងជោគជ័យ នៅក្នុងកម្មវិធីបោះជំរំ ម៉ៃឡូនេះ។ «បាល់ទាត់ ជាកីឡាមួយប្រភេទដែលកំពុងមានការរីកចម្រើនខ្លាំងនៅកម្ពុជា និងត្រូវបានជ្រើសរើសជាប្រភេទកីឡាម្យ៉ាង សម្រាប់បង្រៀនក្មេងៗនូវ បំនិនជីវិតសំខាន់ៗជាច្រើន។ យើងមានបំណងលើកទឹកចិត្តគ្រប់ការអភិវឌ្ឍទាំងអស់ នៅក្នុងវិស័យនេះ ហើយក៏ចង់ឃើញកីឡាករកម្ពុជា ត្រូវបានផ្តល់ឱកាសក្នុងការអភិវឌ្ឍជំនាញរបស់ពួកគេ ក្រោមការបង្ហាត់បង្រៀនកម្រិតខ្ពស់បំផុតបែបនេះដែរ»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម អ៊ុក សិទ្ធីជាតិ។
កម្មវិធីហ្វឹកហាត់នេះ អាចកើតមានឡើងក៏ដោយសារភាពជាដៃគូ រវាងម៉ៃឡូ នៃក្រុមហ៊ុនNestlé និង FC Barcelona ដើម្បីជំរុញ និងលើកទឹកចិត្តកុមារទាំងអស់នៅទូទាំងពិភពលោក ឱ្យចូលរួមលេងកីឡាឲ្យបានច្រើន ក៏ដូចជាដើម្បីជួយលើកតម្កើង និងឱ្យតម្លៃដល់ក្លិប FC Barcelona ចំពោះការខិតខំប្រឹងប្រែង ការគោរព ការធ្វើការងារជាក្រុម ការចេះបន្ទាបខ្លួន និងមហិច្ឆតា ដែលផ្តល់ឱ្យពួកគេនូវការចាប់ផ្តើមប្រឈមទៅ និងបញ្ហា ហើយរៀនពីរបៀបដោះស្រាយបញ្ហានៅក្នុងជីវិត។
គួរបញ្ជាក់ថា កម្មវិធីនេះបង្កើតឡើងដោយ ម៉ៃឡូនៅឆ្នាំ២០១៧ ដើម្បីផ្តល់ឱកាសនិងបណ្តុះបណ្តាល ដល់កុមាររាប់ពាន់នាក់ មកពីបណ្តាប្រទេសនានានៅទូទាំងពិភពលោក និងដើម្បីជួយសម្រួចរបៀបលេងកីឡាសម្រាប់កុមារ ដែលវាជំរុញឱ្យពួកគេកាន់តែមានភាពរឹងមាំផ្នែករាងកាយ និងមានភាពរហ័សរហួន តាម រយៈការផ្តល់ឱ្យពួកគេនូវអត្ថប្រយោជន៍ជាច្រើន ពីឱកាសដ៏ពិសេសនេះ ក៏ដូចជាភាពរីករាយ និងការទទួលយកការហ្វឹកហ្វឺនកម្រិតពិភពលោកដ៏ស្រួចស្រាល់មួយនេះ។
លោក Mang Kunno នាយកគ្រប់គ្រងការអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុន Nestlé ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ម៉ៃឡូ បានគាំទ្រចំពោះសុខភាព និងជាអាហារូបត្ថម្ភរបស់កុមារនៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៧ ហើយភាពជាដៃគូជាមួយក្លិប FC Barcelonaនេះ គឺជាផ្នែកមួយដ៏សំខាន់ នៃគោលដៅនេះ។ លោក Mang Kunno បន្តា៖«ការជំរុញ ការលើកទឹកចិត្ត និងការគាំទ្រកុមារកម្ពុជា ឱ្យទទួលបានភាពរីកចម្រើន តាមរយៈវិស័យកីឡា បានឆ្លុះបញ្ចាំងពីគោលបំណងរបស់ក្រុមហ៊ុន Nestlé ក្នុងការជួយប្រជាជន ឱ្យមានជីវភាពរស់នៅកាន់តែប្រសើរឡើង តាមរយៈការផ្តល់ជូននូវអាហារូបត្ថម្ភកាន់តែប្រសើរ សុខភាពកាន់តែល្អ និងសេចក្តីសុខសាន្ត»។
កីឡាករវ័យក្មេងទាំងពីររូបនេះ ដែលមានអាយុ១០ឆ្នាំ ត្រូវបានជ្រើសរើសចេញពីក្នុងចំណោមក្មេងៗ ដែលមានទេពកោសល្យទាត់បាល់ល្អបំផុត ក្នុងប្រទេសកម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះ នឹងជួយពួកគេក្នុងការអភិវឌ្ឍជំនាញ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ហើយពួកគេអាចចែករំលែកនូវចំណេះដឹង ជំនាញដែលទទួលបាននេះ ទៅដល់មិត្តភក្តិ និងមិត្តរួមក្រុម ក្រោយពេលដែលពួកគេត្រឡប់មកកាន់មាតុភូមិវិញ។
សម្រាប់កម្មវិធីបោះជំរំ MILO Camp នេះ ពួកគេនឹងចូលរួមជាមួយក្រុមកីឡាករវ័យក្មេងចំនួន ៥២នាក់ ទៀត ដែលសុទ្ធសឹងតែជាកីឡាករឆ្នើមៗ ដែលត្រូវបានចម្រាញ់មកពីការប្រកួត MILO Futsal 2018 ក្នុងឆ្នាំនេះ។ ក្នុងកម្មវិធី «ស្ថិតលើផ្លូវឆ្ពោះទៅកាន់ក្លិប Barcelona»ឬ The Road to Barcelona កីឡាករចំនួន ៨នាក់ ក្នុងចំណោមកីឡាករ ៥២នាក់ ក្នុងជំរំ MILO Camp ដែលមានអាយុចន្លោះពី ៧-១២ឆ្នាំ នឹងត្រូវបានជ្រើសរើស ដើម្បីមានឱកាសធ្វើដំណើរទៅកាន់ Barcelona នាខែតុលាខាងមុខ សម្រាប់វគ្គហ្វឹកហាត់ ដែលធ្វើឡើងដោយគ្រូបង្វឹកលំដាប់កំពូលៗ របស់ក្លិបមួយនេះ។
លោក Xavier Closas ប្រធានគ្រូបង្វឹកក្លិបបាល់ទាត់ Barcelona បានមានប្រសាសន៍ នៅក្នុងពិធីសម្ពោធ MILO Futsal 2018 Road to Barcelona tournament កាលពីដើមឆ្នាំនេះថា ខ្លួនពិតជារីករាយណាស់ ក្នុងការនាំយកគ្រូបង្វឹកដែលមានជំនាញវិជ្ជាជីវៈពីក្លឹប FC Barcelona ដើម្បីផ្តល់បទពិសោធបង្វឹកថ្នាក់ពិភពលោក នៅជំរំ ម៉ៃឡូ សម្រាប់កីឡាករវ័យក្មេងទាំង ៥២នាក់នេះ។ បន្ទាប់ទៀតក្លិបរបស់ខ្លួន នឹងត្រូវស្វាគមន៍កីឡាករវ័យក្មេងចំនួន៨នាក់ ដែលនឹងត្រូវជ្រើសរើស ដើម្បីបន្តអភិវឌ្ឍជំនាញបាល់ទាត់របស់ពួកគេ រយៈពេល២ថ្ងៃទៀត នៅBarca Academy ជាមួយនឹងយុវជនដែលត្រូវបានជ្រើសរើស ពីគម្រោង ម៉ៃឡូ នៅតាមបណ្តាប្រទេសដទៃទៀត។ នេះជាការបន្ថែមរបស់លោក Xavier Closas ដោយបន្តជឿជាក់ថា ឱកាសនេះ នឹងក្លាយជាពេលវេលាដ៏ល្អបំផុតមួយ នៅក្នុងជីវិតរបស់ពួកគេ ហើយនឹងជំរុញពួកគេ ឱ្យមានការរីកចម្រើនបន្ថែមទៀត ជាមួយវិស័យកីឡា។ ប្រធានគ្រូបង្វឹកក្លិបបាល់ទាត់ Barcelona បញ្ជាក់ទៀតដូច្នេះ៖« នៅក្លិបបាល់ទាត់ Barcelona យើងជឿថាកុមារនឹងអាចទទួលបានអត្ថប្រយោជន៍ជាច្រើន តាម រយៈការរៀនសូត្រពីតម្លៃនៃកីឡា រួមមានកិច្ចខិតខំប្រឹងប្រែង ការគោរពខ្លួនឯង ការគោរពដល់ដៃគូប្រកួតប្រជែង និងការគោរពវិន័យការងារ ឬការប្រកួត ការចេះធ្វើការងារជាក្រុម ការចេះបន្ទាបខ្លួន និងការជឿជាក់ ក្នុងការសម្រេចឲ្យបានបាននូវមហិច្ឆតារបស់ពួកគេ»។
ក្រុមអត្តពលិក និងតំណាងក្រសួង បានចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ដើម្បីទៅចូលរួមកម្មវិធីបើកជាផ្លូវការ នៅខេត្ត Chonburi ដែលនឹងចាប់ផ្តើមពីថ្ងៃទី៣០ ខែសីហា។ ការហ្វឹកហាត់ផ្លូវការ នឹងចាប់ផ្តើម នៅថ្ងៃទី៣១ ខែសីហា ដោយមានគ្រូបង្វឹកមកពីប្រទេសថៃ រួមជាមួយគ្រូបង្វឹកនាំមុខគេ មកពីក្លឹប FC Barcelona៕