ជាតិ
ពីនេះ ពីនោះ
តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «ស្ទាវ» ប្រើចំពោះ​តែ​សត្វតិរច្ឆាន
07, Jan 2023 , 7:29 am        
រូបភាព
​ការពិត​ពាក្យ «​ស្ទាវ​» នេះ មិនមែនជា​ពាក្យ​ដែល គេ​ទើបតែ​បង្កើត​ថ្មី ឬ​ជា​ពាក្យ​កម្ចី​ពី​បរទេស​នោះទេ គឺជា​ពាក្យ​ដែលមាន​នៅក្នុង​វចនានុក្រម​ខ្មែរ​ជា​យូរ​មកហើយ​។ ពាក្យ «​ស្ទាវ​»  បានធ្វើ​ឲ្យ​យុវវ័យ​ខ្លះ​គិតថា ជា​ពាក្យ​មួយ​ដែល​សំដៅលើ​ក្មេងស្ទាវ គឺ​ក្មេង​ចូលចិត្ត​ដើរលេង​ហ៊ឺហា ចូលចិត្ត​បង្ហោះ​ម៉ូតូ​ជាដើម​។ ប៉ុន្តែ​បើ​យោងតាម​ការបកស្រាយ​ពី​សម្តេចព្រះសង្ឃរាជ ជួន ណាត «​ស្ទាវ​» សំដៅលើ​​ជំទង់​។



តាមវចនានុក្រម គុណសព្ទ «ស្ទាវ» មានន័យថា ជំទង់ ដែលប្រើ​ចំពោះតែសត្វតិរច្ឆានឈ្មោលពួកខ្លះ។ គោស្ទាវ, មាន់ស្ទាវ។ 

បច្ចុប្បន្ន ពាក្យ​«​ស្ទាវ​» នេះ បាន​ក្លាយជា​ភាសា​ដ៏ពេញនិយម​របស់​យុវវ័យ។ ពួកគេ​តែង​និយាយថា សម័យ​នេះហើយ ដើរលេង​ដាច់​យប់ ទើប​ស្ទាវ​, លួច​ស្រឡាញ់​គេ​ម្នាក់ឯង ទើប​ស្ទាវ​, ប្រឡង​ធ្លាក់ ហើយ​ប្រឡង​សង ទើប​ស្ទាវ​, ចេះ​ផឹកស្រា ចូល​ក្លឹប ទើប​ស្ទាវ​, យំ​ព្រោះ​បែក​គ្នា​ជាមួយ​សង្សារ ម៉េច​ស្ទាវ​ទៅ​។​ល​។ 
 
​កាលពីមុន គេ​ប្រើពាក្យ «​ស្ទាវ​» នេះ​ជា​ពាក្យបន្តុះបង្អាប់​ទៅកាន់​ក្មេង​ជំទង់ ដែល​មិន​ចូល​សាលារៀន មិន​រៀនសូត្រ ចូលចិត្ត​ដើរលេង បង្ហោះ​ម៉ូតូ ផឹកស្រា លេងល្បែង ប្រើប្រាស់​គ្រឿងញៀន ជាដើម​។ រហូតមកដល់​ឥឡូវ យុវវ័យ​ភាគច្រើន គិតថា​ពាក្យ​នេះ មិន​សំដៅលើ​មនុស្ស​ដូច្នោះ​ទេ​។ ពួកគេ ប្រើពាក្យ​«​ស្ទាវ​» ដើម្បី​បង្ហាញ​ពី​ភាព​អស្ចារ្យ​ទៅវិញ​។ កាត់សក់​អ៊ីចឹង ស្ទាវ​នៅ​? ជាដើម​។ 
 
​ពាក្យ​ប្លែកៗ​ជាច្រើន​ដែល​យុវវ័យ​សម័យ​ឌីជីថល ដែល​កំពុងតែ​ពេញនិយម​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​សម្រាប់​និយាយ​តៗ​គ្នា នោះ​គឺ ស្ទាវ​, លក់​សណ្តែកដី​, បែក​ស្លុយ​, កប់​លូ​,​ឡួ​យក​ប់​លូ​, ឃ្យូ​ត​សន្លប់​, ឃ្យូ​ត​កិប​, កប់​សេរី​, ណ​ប់ៗ​, ហាន់​នី​ប៊ូ​គូក ជាដើម​៕ 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com