ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្បួន​របប​អាហារ​ដើម្បី​បន្ថយ​ការកើត​ដុំ​សាច់​ក្នុង​ស្បូន​
30, Aug 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ត្រី​ម្នាក់ៗ​គឺមាន​ភាគរយ​ខ្ពស់​ណាស់​ក្នុង​ការកើត​ដុំ​សាច់​ក្នុង​ស្បូន​ជាពិសេស​នៅពេល​ពួកគេ​អាយុ​បាន ៥០​ឆ្នាំ​។ តាម​ស្ថិតិ​បាន​បង្ហាញថា ប្រហែល ៧០​ភាគរយ​នៃ​ស្ត្រី​ស្បែ​កស និង​៨០ ទៅ​៩០​ភាគរយ​នៃ​ស្ត្រី​ជនជាតិ​អាហ្វ្រិក កាត់​អាមេរិក កើត​ជំងឺ​នេះ​។ អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺថា មាន​មនុស្ស​តិចតួច​ណាស់​ដែល​ដឹង​អំពី​រឿងនេះ​។ ក្រៅពីនេះ ស្ត្រី​ភាគច្រើន​មិនបាន​ដឹងថា ការកើត​ដុំ​សាច់​នេះ​មាន​ទំនាក់ទំនង​រវាង​សកម្មភាព​រាងកាយ របប​អាហារ និង​ស្ត្រេ​ស​ទេ​។ ដុំ​សាច់​នេះ​គឺ​ច្រើនតែ​កើតមាន​ជាមួយនឹង​ការឈឺចាប់ ព្រមទាំង​បញ្ហា​សុខភាព​ជាច្រើន​ទៀត​ដែល​អ្នក​ត្រូវ​ដោះស្រាយ​។ យ៉ាងណាមិញ អ្នក​អាច​ចាប់ផ្តើម​ផ្លាស់ប្តូរ​របប​អាហារ និង​ធ្វើ​ទៅតាម​ក្បួន​ដូចខាងក្រោម​នេះ​ដើម្បី​បន្ថយ​ការកើត​ជំងឺ​ដុំ​សាច់​ក្នុង​ស្បូន​បាន​។​

 
​បង្កើន​ការ​ញ៉ាំ​អាហារ​ដែល​ជម្រុញ​ដល់​តុល្យភាព​អ័រម៉ូន​
 
​ការ​ដែលមាន​ចំនួន​ខ្ពស់​របស់​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​អាចធ្វើ​ឲ្យ​អតុល្យភាព​ដល់​អ័រម៉ូន​ជាច្រើន​ក្នុង​ខ្លួន ដែល​អាច​បង្កើន​ការ​ប្រឈម​នឹង​ដុំ​សាច់​ក្នុង​ស្បូន​បាន​។ យ៉ាងណាមិញ វា​ត្រូវបាន​គេ​រកឃើញថា រឿងនេះ​កើតឡើង​ដូចគ្នា​ដែរ​នៅពេល​អ័រម៉ូន​មួយ​នេះ​ចុះ​ទាប​។ វិធី​ដ៏​ល្អ​បំផុត​ដែល​អាច​បន្ថយ​ចំនួន​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​ក្នុង​រាងកាយ គឺ​សម្រក​ទម្ងន់ ព្រមទាំង​បន្ថែម​របប​អាហារ​សម្បូរ​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន​។ សម្រាប់​របប​អាហារ​បែប​បន្លែ និង​ផ្លែឈើ ក៏​ល្អ​ចំពោះ​សុខភាព​ទូទៅ​ដែរ​ក្នុងការ​ជម្រុញ​ដល់​តុល្យភាព​អ័រម៉ូន​។​
 
​លុបបំបាត់​អាហារ​បង្ក​អា​ឡែ​ហ្ស៊ី​
 
​ដើម្បី​បន្ថយ​ការកើត​ដុំ​សាច់​ក្នុង​ស្បូន អ្នក​គួរតែ​បន្ថយ​ការ​ញ៉ាំ​អាហារ​ណា​ដែល​បង្ក​អា​ឡែ​ហ្ស៊ី​។ នៅពេល​រាងកាយ​មានប្រតិកម្ម​នឹង​អ្វីដែល​អ្នក​បាន​ញ៉ាំ នោះ​វា​នឹង​បង្ក​ការ​រលាក​ដែល​នឹងមិន​បាត់ទៅ​វិញ​ឡើយ​។ រឿងនេះ​អាច​បង្កើន​ការ​ប្រឈម​នឹង​ការលូតលាស់​ដុំ​សាច់​ក្នុង​ស្បូន​បាន​។ មាន​មធ្យោបាយ​ច្រើនណាស់​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​លុបបំបាត់​អាហារ​បង្ក​ការ​រលាក​ពីរ​បប​អាហារ​បាន​។ 
 
​ញ៉ាំ​សណ្តែក​ឲ្យ​បាន​ច្រើន​
 
​នៅពេល​និយាយ​ដល់​ការបន្ថយ​ទំហំ​របស់​ដុំ​សាច់​ក្នុង​ស្បូន យក​ល្អ​គួរតែ​គួរ​បន្ថែម​សណ្តែក​ទៅក្នុង​របប​អាហារ​ឲ្យ​បាន​ច្រើន​។ ក្រៅពី​មាន​កាឡូរី​ទាប វា​ក៏​សម្បូរ​ជាតិ​សរសៃ ដែឡមាន​ប្រយោជន៍​ក្នុង​ការជួយ​សម្រក​ទម្ងន់​ដែ​ឬ​។ ក្រៅពីនេះ ប្រភេទ​សណ្តែក​មាន​សំបក​គឺមាន​ជាតិ​ស្ករ​ទាប ដែល​មិន​ប៉ះពាល់​ដល់​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើយ​។ ការសិក្សា​បានបង្ហាញ​ថា ការផ្លាស់ប្តូរ​កម្រិត​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ពី​ក្នុង​អាហារ​ពណ៌​ស​រហូតដល់​សណ្តែក​នេះ អាចមាន​ឥទ្ធិពល​វិជ្ជមាន​ចំពោះ​ដុំ​សាច់​ក្នុង​ស្បូន​បាន​។ 
 
​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​
 
​បើសិនជា​អ្នក​ចង់​បញ្ឈប់​ការលូតលាស់​របស់​ដុំ​សាច់​ក្នុង​ស្បូន វិធី​ដំបូង​គឺ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​សិន​។ មានន័យថា អ្នក​ត្រូវតែ​ហាត់ប្រាណ​ជា​ទៀងទាត់ និង​រាល់ថ្ងៃ ឈប់​ជ​គ់​បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង ព្រមទាំង​ញ៉ាំ​តែ​អាហារ​ណា​ដែល​ផ្តល់​សុខភាព​ដូចជា បន្លែ ផ្លែឈើ និង​ជម្រើស​អាហារ​ផ្តល់​សុខភាព​ផ្សេងៗ​ទៀត​។ កាលណា​អ្នក​យកចិត្តទុកដាក់​ចំពោះ​រាងកាយ​កាន់តែច្រើន រាងកាយ​នឹង​កាន់តែ​បញ្ឈប់​ការលូតលាស់​ដុំ​សាច់​ក្នុង​ស្បូន​កាន់តែ​ល្អ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com