អន្តរជាតិ
សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​កើនឡើង​ខ្ពស់ជាង​ការព្យាករណ៍​បន្តិច​
30, Aug 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​បាន​កើនឡើង ៤,២ ភាគរយ​ដែលជា​អាត្រា​ប្រចាំឆ្នាំ​ក្នុង​ខែមេសា ឧសភា និង​ខែមិថុនា​។ កំណើន​សម្រាប់​ត្រីមាស​ទី​ពីរ​នេះ​បង្ហាញ​ពី​ការកើនឡើង​១​ភាគ​១០ នៃ​មួយ​ភាគរយ​ខ្ពស់ជាង​ការព្យាករណ៍​។​

 
​យោងតាម​នាយក​សេដ្ឋកិច្ច​របស់​ធនាគារ PNC លោក Gus Faucher បានបញ្ជាក់​ប្រាប់ថា «​ស្ថានភាព​សេដ្ឋកិច្ច​មាន​លក្ខណៈ​ល្អប្រសើរ​»​។ លោក​បាន​សរសេរ​រៀបរាប់ថា ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លងមកនេះ សេដ្ឋកិច្ច​នៅ​ឆ្នាំនេះ​បាន​កើនឡើង​ល្អ​បំផុត​»​។​
 
​ក៏ប៉ុន្តែ​លោក Faucher ក៏បាន​ថ្លែង​ផងដែរ​ថា កំណើន​ជាង​៤​ភាគរយ​នេះ​នឹងមិន​ស្ថិតស្ថេរ​នោះទេ ហើយ​កំណើនសេដ្ឋកិច្ច​នឹង​អាច​ធ្លាក់ចុះ​នៅពេល​ណាមួយ​ក្នុងអំឡុង​ពាក់កណ្តាល​ឆ្នាំ​២០១៨​នេះ គឺអាច​ធ្លាក់​មក​នៅត្រឹម​៣,៤ ភាគរយ​រហូតដល់​ចុងឆ្នាំ​។ លោក​បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​នឹងមាន​កំណើន​យឺត​នៅក្នុង​ឆ្នាំ​២០១៩ និង​ក្នុង​ឆ្នាំ​២០២០ ដោយសារ​ការកាត់បន្ថយ​ពន្ធគយ និង​ការកាត់បន្ថយ​ចំណាយ​។​
 
​ក្រសួងពាណិជ្ជកម្ម​សហ​រដ្ឋ​អាមេរិក​បានចេញ​របាយការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ដែលជា​របាយកាណ៍​ត្រួតពិនិត្យ​ឡើងវិញ​បន្ទាប់ពី​រកបាន​ទិន្នន័យ​គ្រប់គ្រាន់​។ តួលេខ​នៃ​កំណើន​នេះ​បានមក​ដោយសារ​ការធ្លាក់​ចុះ​នៃ​ការ​នាំចូល​ទំនិញ ជាពិសេស​គឺ​ការ​នាំចូល​ប្រេង និង​ដោយសារ​កត្តា​បណ្តោះអាសន្ន​មួយចំនួន​។ ការកើនឡើង​នៃ​ការនាំចេញ​សណ្តែកសៀង​គឺជា​កត្តា​មួយ​ក្នុងចំណោម​កត្តា​នានា ដែល​បាន​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច ដើម្បី​យកឈ្នះ​លើ​ការកំណត់​ពន្ធគយ​លើ​ទំនិញ​សហរដ្ឋ អាមេរិក​ដោយ​ប្រទេស​ចិន ដែលជា​ការសង​សឹក​ត្រឡប់​ទៅវិញ​លើ​ការកំណត់​ពន្ធគយ​ដោយ​រដ្ឋបាល​លោក Trump លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ចិន​។​
 
​អាត្រា​កំណើន​ក្នុង​ត្រីមាស​ទី​ពីរ​គឺ​កើនឡើង​ជិត​ពីរដង​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​ខែមករា កុម្ភៈ និង​ខែមីនា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com