ជាតិ
សេដ្ឋកិច្ច
ក្រុង​បាត់ដំបង សម្ពោធ​ផ្សារ​រាត្រី​ថ្មី​ជា​ផ្លូវការ​
30, Aug 2018 , 8:59 pm        
រូបភាព
ដោយ:
​បាត់ដំបង​៖ ផ្សារ​រាត្រី​ថ្មី ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន ត្រូវបាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃទី​៣០​ខែសីហា​។​


 
​ផ្សារ​រាត្រី​នេះ ស្ថិតក្នុង​សង្កាត់​ស្វាយប៉ោ និង​នៅ​ចំ​កណ្ដាល​ក្រុង​បាត់ដំបង ចន្លោះ​រវាង​សាលាខេត្ត និង​ដងស្ទឹង​សង្កែ​។ ផ្សារ​នេះ​ត្រូវបាន​សាងសង់​ចាប់ពី​ខែសីហា​ឆ្នាំ​២០១៧ និង​រួចរាល់​នៅ​ខែមេសា​ឆ្នាំ​២០១៨ នៅលើ​ផ្ទៃដី ៣០៦៤​ម៉ែត្រក្រឡា ដោយ​ចំណាយ​ថវិកា​ចំនួន​ជាង ៣០​ម៉ឺន​ដុល្លារ​អាមេរិក ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​ជប៉ុន​។​


 
​ការកសាង​ផ្សារ​រាត្រី​ក្រុង​បាត់ដំបង​នេះ គឺ​ស្ថិតក្នុង​គម្រោង​អភិវឌ្ឍន៍​ក្រុង​របៀង​សម្រាប់​លើកស្ទួយ​ជីវភាព​របស់​ពលរដ្ឋ ដែល​ត្រូវ​បានផ្ដល់​ហិរញ្ញប្បទាន​ដោយ​មូលនិធិ​ជប៉ុន​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​។​


 
​គម្រោង​នេះ​មានបំណង​សាកល្បង​ការអភិវឌ្ឍ​ទីផ្សារ​ហើយ​ជា​វិធីសាស្ត្រ​មួយ ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​រស់នៅ​តាម​តំបន់​ជុំវិញ​ទន្លេមេគង្គ​។ ក្រុមអាជីវករ​ក្រីក្រ​ចំនួន ១៥២​នាក់ ដែល​នឹង​លក់ដូរ​ក្នុង​ផ្សារ​នេះ ត្រូវបាន​ចងក្រង​ជា​សមាគម​អាជីវករ ដែល​គ្រប់គ្រង​ដោយ​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​រាត្រី ដែល​ដឹកនាំ​ដោយ​អភិបាលក្រុង​។ អ្នក​ទាំងនេះ ទទួលបាន​ការបណ្ដុះបណ្ដាល និង​ថវិកា​សម្រាប់​អាជីវកម្ម​របស់​ពួកគាត់ ដែល​គាំទ្រ​ដោយ​គម្រោង​នេះ​។​
 

Tag:
 ផ្សារ​រាត្រី​
  ក្រុង​បាត់ដំបង​
© រក្សាសិទ្ធិដោយ thmeythmey.com