កីឡាជាតិ
ជាតិ
បួន ច័ន្ទ​ថា​រ៉ាត់ ប្រឹង​ជម្នះ​អារម្មណ៍​តានតឹង​រហូតដល់​បាន​មេដាយប្រាក់ ITF ពិភពលោក
30, Aug 2018 , 10:19 pm        
រូបភាព
ដោយ:
ម្ចាស់​មេដាយប្រាក់​កីឡាករ បួន ច័ន្ទ​ថា​រ៉ាត់ ហាក់​បង្ហាញ​ការហួសចិត្ត​ដោយ​មិន​នឹកស្មានថា រូបគេ​អាច​ទទួលបាន​លទ្ធផល​ល្អ​បែបនេះ​ឡើយ​។ មុន​ការប្រកួត​មកដល់ ច័ន្ទ​ថា​រ៉ាត់ មិនមាន​ទំនុក​លើ​សមត្ថភាព​រប​ស់​ខ្លួន​នោះទេ​។ លោក បួន ហ៊ីង​សុធី​យ៉ា ប្រធាន​ប្រតិភូ​និយាយថា ការប្រកួត​ជើងឯក​ពិភពលោក​នៅ​បេឡា​រុស មាន​ភាពស្វិតស្វាញ​និង​តានតឹង​មែនទែន ព្រោះ​មាន​កីឡាករ​ខ្លាំងៗ​ជាច្រើន​ប្រទេស​ចូលរួម​។ តែ​យ៉ាងណា កម្ពុជា​ទទួលបាន​បទ​ពិសោធ​ថ្មីៗ​ជាច្រើន​។​

 
​កីឡាករ​តេ​ក្វាន់​ដូ ITF វ័យ​១៤​ឆ្នាំ បួន ច័ន្ទ​ថា​រ៉ាត់ បាន​បង្កើត​ភាពល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​ជូន​កម្ពុជា តាមរយៈ​ការដណ្តើម​បាន​មេដាយប្រាក់​ពី​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​បេឡា​រុស​។ មេដាយប្រាក់​នេះ ច័ន្ទ​ថា​រ៉ាត់ ទទួលបាន​លើ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៤៥​គីឡូក្រាម ក្រោយ​ចាញ់​កីឡាករ​រុស្ស៊ី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។  


 
​កីឡាករ បួន ច័ន្ទ​ថា​រ៉ាត់ បាន​និយាយថា មុន​ចេញដំណើរ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ខាងលើ រូបគេ​ពុំមាន​ជំនឿ​ចិត្ត​ថា ខ្លួន​អាចធ្វើ​បានល្អ​បែបនេះ​ឡើយ​។ ថា​រ៉ាត់ ដែល​ទើប​ចូលរួម​ប្រកួត​លើកដំបូង បានបង្ហាញ​អារម្មណ៍​រំភើប​សប្បាយរីករាយ​យ៉ាងខ្លាំង​ចំពោះ​លទ្ធផល​លើស​ការរំពឹងទុក​មួយ​នេះ​។ 
 
​ប៉ុន្តែ​កីឡាករ​វ័យ​១៤​ឆ្នាំ​រូបនេះ បាន​ត្អូញត្អែរថា ការប្រកួត​នេះ​មានការ​លំបាក​ខ្លាំង​មែនទែន ព្រោះ​រូបគេ​ត្រូវ​ប្រជែង​ជាមួយ​កីឡាករ​ជើង​ខ្លាំង​មកពី​បណ្តា​ប្រទេស​ផ្សេងៗ ដែលមាន​មាឌធំ និង​កម្ពស់​ខ្ពស់​។ បើសិន​មានឱកាស​ចូលរួម​ប្រកួត​លើក​ក្រោយ ម្ចាស់​មេដាយប្រាក់​រូបនេះ​ប្តេជ្ញា​ថា រូបគេ​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ក្នុងការ​ស្វែងរក​មេដាយ​មាស​ជូន​ជាតិ​មាតុភូមិ​។​


 
​លោក បួន ហ៊ីង​សុធី​យ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​សង្កេតឃើញថា ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ពិភពលោក​នៅ​បេឡា​រុស មានការ​ប្រកួតប្រជែង​គ្នា​ស្វិតស្វាញ​និង​តានតឹង​បំផុត ព្រោះ​មាន​កីឡាករ​មកពី​ប្រទេស​ជាច្រើន​ចូលរួម ទាំង​តំបន់​អឺរ៉ុប និង​អាស៊ី​។ 
 
​ក្រៅពី​ទទួលបាន​បច្ចេកទេស និង​បទពិសោធ​ថ្មីៗ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ស​ម្រា​ប់​កីឡាករ លោក បួន ហ៊ីង​សុធី​យ៉ា ដែលជា​ប្រធាន​ប្រតិភូ​ផង​នោះបាន​អះអាងថា តាមរយៈ​ការចូលរួម​នេះ​កម្ពុជា​ទទួល​បទពិសោធ​ថ្មី​បន្ថែមទៀត គឺ​ផ្នែក​បច្ចេកទេស​រៀបចំ​ការ​ប្រកួត​។ ពាក់ព័ន្ធ​បញ្ហា​នេះ​លោក​បាន​រៀបរាប់ថា​៖«​សម្រាប់​ការប្រកួត​នេះ គឺ​គេ​បាន​បង្កើត​ក្បូន​ច្បាប់​ថ្មី​ដែល​យើង​មិន​ធ្លាប់​ឆ្លងកាត់​។ ពីមុន​ការប្រកួត​លើ​វិញ្ញាសា​ប្រយុទ្ធ​យើង​បែង​ចែកជា​មែកធាង ប៉ុន្តែ​គេ​បែង​ចែង​ជា​ពូ​ល បន្ទាប់មក​គេ​យក​កីឡា​ករលេខ​១​និង​លេខ​២​ក្នុង​ពូ​ល បែង​ចែកជា​មែកធាង​ប្រកួត​»​។ 


 
​ជាមួយគ្នានេះ លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​បាន​ក្រើនរំលឹក​ដល់​កីឡាករ​ដែល​ទទួលបាន​ជ័យជម្នះ​ថា កុំ​ឲ្យ​មាន​មោទកភាព​លើ​ខ្លួនឯង​ខ្លាំងពេក គឺ​ត្រូវ​បន្ត​ខិតខំ​ប្រឺ​ង​ប្រែង​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែខ្លាំង​ថែមទៀត ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​នៅលើ​ក​ក្រោយៗ​ទៀត​។   
 
​ក្រុម​ប្រតិភូ​កីឡា​តេ​ក្វាន់​ដូ ITF បាន​នាំយក​មេដាយប្រាក់ និង​សំរឹទ្ធ​ពិភពលោក​នៅ​បេឡា​រុស មកដល់​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៨​។ ប្រតិភូ​កីឡា​តេ​ក្វាន់​ដូ ITF ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា និង​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា រួម​នឹង​ថ្នាក់ដឹកនាំ​ជាច្រើនរូប​ទៀត នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​៕ 
 

Tag:
 តេ​ក្វាន់​ដូ ITF
  បួន ច័​ន្ធ​ថា​រ៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com