ជាតិ
កម្ពុជា -​រុស្ស៊ី បាន​ឯកភាពគ្នា​៥​ចំណុច លើ​គម្រោង​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​
31, Aug 2018 , 9:19 am        
រូបភាព
រូបពីរាជបណ្ឌិត្យសភា
រូបពីរាជបណ្ឌិត្យសភា
​ភ្នំពេញ​៖ កម្ពុជា -​រុស្ស៊ី បាន​ឯកភាពគ្នា​៥​ចំណុច លើ​ការសាងសង់​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ នៅ​កម្ពុជា​។ ភាគី​ទាំងពីរ​នេះ បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី​ការបង្កើត​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នេះ កាលពី​ឆ្នាំ​២០១៦​។​

 
​អស់​រយៈពេល​ជាង​៣​ឆ្នាំ​ហើយ ដែល​កម្ពុជា​-​រុស្ស៊ី បាន​ពិភាក្សា និង​សិក្សា​រួមគ្នា​លើ​ការសាងសង់​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ នៅ​កម្ពុជា​។ តាមរយៈ​ការពិភាក្សាគ្នា​នេះ​ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​ចំនួន​៥​ចំណុច ក្នុងការ​ត្រៀមខ្លួន​បង្កើត​មជ្ឈមណ្ឌល​មួយ​នេះ​។ 
 
​មន្ត្រី​ជំនាញ​របស់​រាជបណ្ឌិត្យ​សភា ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​រវាង កម្ពុជា​-​រុស្ស៊ី សម្រាប់​សម្របសម្រួល​កិច្ចសហប្រតិបត្តិការ ក្នុងការ​ប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ បាន​បញ្ជាក់ថា ចំណុច​រួមទាំង​៥ ដែល​ភាគី​ទាំងពីរ​ឯកភាពគ្នា​នេះ រួមមាន​ទី​១ ការបង្កើត​ព្រឹត្តិការណ៍​លើកទីមួយ​ដែល​នឹងត្រូវ​ធ្វើ​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្របតាម​ទម្រង់​មេរៀន​ស្តីពី បច្ចេកទេស​នុយក្លេអ៊ែរ​នៅក្នុង ITC​។ ទី​២ ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ព្រមព្រៀង​បកប្រែ​ខ្លឹមសារ​នុយ​ក្លែ​អ៊ែរ ABC រហូតដល់​ចុងខែ​កញ្ញា ឆ្នាំ​២០១៨ ហើយ​ភាគី​ខាង​រុស្ស៊ី នឹង​រៀបចំ​ធ្វើ​បទ​បង្ហាញ​មេរៀន​នានា ដល់​កម្ពុជា នា​ខែវិច្ឆិកា ឆ្នាំ​២០១៨ ។ 
 
​ទី​៣ ភាគី​ខាង​រុស្ស៊ី បាន​ត្រៀម​គោលជំហរ​ជាស្រេច​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត ដែល​ស្ថិតនៅក្រោម​ផែនការ​ទំនាក់ទំនង​រួមគ្នា​មួយ ( ផ្នែក​វិទ្យាសាស្ត្រ​ប្រើប្រាស់​នុយក្លេអ៊ែរ កិច្ចពិភាក្សា​ជា​ក្រុម និង​រៀបចំ​ជា​អត្ថបទ​ព័ត៌មាន​ខ្លី​)​។ ទី​៤ ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព នឹង​រៀបចំ​ពេលវេលា​សមរម្យ ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​សមាសភាព អ្នកជំនាញ​ក្នុងស្រុក សាស្ត្រាចារ្យ ថ្នាក់ដឹកនាំ​ដែល​ពាក់ព័ន្ធ​ចូលរួម និង​ចុងក្រោយ​ភាគី​ទាំងពីរ​ក៏បាន​សម្រេច​ពិភាក្សា​លើក​ទី​៣​បន្តទៀត ក្រោម​ភាពជា​ដៃគូ​ការទូត​ជាមួយគ្នា ដើម្បី​ពិនិត្យមើល​ពី​ដំណើរ​ការវិវឌ្ឍ​នៃ IGA ដើម្បី​បានបញ្ចប់​កិច្ចពិភាក្សា ដោយ​គ្រោង​នឹង​ធ្វើជា​ដំណាក់កាល​បន្ត ក្នុង​ខែវិច្ឆិកា នៅ​ក្រុងព្រះសីហនុ​។​
 
​ក្រៅពី​ចំណុច​ឯកភាព​នេះ ភាគី​ទាំងពីរ បាន​កំណែ និង​បន្ត​ពង្រាង​ខ្លឹមសារ​ក្នុង​កិច្ចព្រមព្រៀង​បន្ថែមទៀត ដែល​បាន​ចងក្រង​ឡើងដល់​១៨​ប្រការ រួមទាំង​ការដឹកជញ្ជូន និង​ការលើកលែង​ពន្ធ​ផង ដើម្បី​បង្កើត​កិច្ចសហប្រតិបត្តិការ​សាងសង់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ នៅ​កម្ពុជា ។ នេះ​បើតាម​រាជបណ្ឌិត្យសភា​។​
 
​សេចក្តី​ពង្រាង​ខ្លឹមសារ​ទាង​នោះ រួមមាន គ្មាន​ការដាក់​ស្នើសុំ​កិច្ចសន្យា​ចាំបាច់​នៅក្នុង​សេចក្តីសន្និដ្ឋាន​កិច្ចសន្យា​ពាក់ព័ន្ធ​ជាមួយនឹង IGA  (​ប្រការ​៤) ។​គ្មាន​ការបង់ថ្លៃ​ជា​គោល (​ប្រការ​៦) ។​ការធ្វើ​ឲ្យ​ខូចខាត​នុយក្លេអ៊ែរ​របស់​ប្រតិបត្តិ​ករ​ក្នុងកំឡុងពេល​សាងសង់ (​ប្រការ​១១) ។​ការលើកលែង​ពន្ធ (​ប្រការ​១២) និង​ត្រង់​ប្រការ​ទី​១៤ ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព នឹងធ្វើ​ការពិភាក្សា​ជាមួយនឹង​អ្នកច្បាប់​បន្ត ។ ជាពិសេស​រង់ចាំ​ទទួល​ការប្រឹក្សា​យោបល់​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ អង្គភាព​រដ្ឋាភិបាល ស្តីពី​អ្នកទទួលខុសត្រូវ​។​
 
​ជុំវិញ​ចំណុច​ខាងលើនេះ សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​លោក ទិន ពន្លក ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ដែល​ទទួល​ភារកិច្ច​លើ​ការងារ​នេះ ដើម្បី​សុំ​ការអត្ថាធិប្បាយ​បន្ថែម​នៅឡើយ​ទេ​។​
 
 
​អនុស្សារណ​យោគយល់​គ្នា​ចំនួន​ពីរ ត្រូវបាន​ចុះហត្ថលេខា​ដោយ​ប្រមុខ​ស្ថាប័ន​ថាមពលនុយក្លេអ៊ែរ​រុស្ស៊ី​លោក Sergey Kiriyenko និង​រដ្ឋមន្ត្រី​បរិស្ថាន​កម្ពុជា​លោក សាយ សំ​អាល់ កាលពី​ខែឧសភា​ឆ្នាំ​២០១៦ នៅ​គ្រា​ដែល​សម្ដេច ហ៊ុន សែន ទៅ​ទស្សនកិច្ច​នៅ​រុស្ស៊ី​។ កិច្ចព្រមព្រៀង​នេះ​មាន​មួយ​ស្តីពី​ការបង្កើត​ក្រុមការងារ​រួមមួយ​រវាង​រុស្ស៊ី​និង​កម្ពុជា​ដែល​ទទួលបន្ទុក​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ​ដើម្បី​ប្រយោជន៍​ស៊ីវិល​និង​ដោយ​សន្តិភាព​។ ហើយ​កិច្ចព្រមព្រៀង​មួយទៀត​សំដៅ​ដល់​ការបង្កើត មជ្ឈមណ្ឌល​ព័ត៌មាន​ថាមពលនុយក្លេអ៊ែរ​នៅ​កម្ពុជា​ផងដែរ​។ តាមពិតទៅ ភាគី​បាន​ជជែក​គ្នា​រួចទៅហើយ​ពី​កិច្ចសហប្រតិបត្តិការ​នុយក្លេអ៊ែរ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​រុស្ស៊ី​មក​កម្ពុជា​កាលពី​ចុងឆ្នាំ​២០១៥​។​
 
​ទាក់ទង​បញ្ហា​នេះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ រវាង​កម្ពុជា​-​រុស្ស៊ី ដែល​បាន​បង្កើតឡើង​នេះ គឺ​ក្នុង​គោលដៅ​ប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍ​ក្នុងប្រទេស​កម្ពុជា​ប៉ុណ្ណោះ ពោលគឺ​មិនមាន​គោលបំណង​ធ្វើ​ឲ្យ​មាន​ការរីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ ដែល​បង្ក​ឲ្យ​ពិភពលោក​មានការ​ឆោឡោ​និង​ព្រួយបារម្ភ​ឡើយ​៕

Tag:
 កម្ពុជា​
  រុស្ស៊ី​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com