ជាតិ
ជនជាតិ​អាមេរិក​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន និង​បញ្ជូនទៅ​សហរដ្ឋអាមេរិក​ពាក់ព័ន្ធ​នឹង​ការរំលោភ​កុមារ​
31, Aug 2018 , 7:59 pm        
រូបភាព
រូបភាព​ឯកសារ៖ ក្រសួង​មហាផ្ទៃ​ នៅតាម​បណ្តោយ​មហាវិថី​នរោត្តម​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ (VOA)
រូបភាព​ឯកសារ៖ ក្រសួង​មហាផ្ទៃ​ នៅតាម​បណ្តោយ​មហាវិថី​នរោត្តម​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ (VOA)
ដោយ: VOA
​ភ្នំពេញ ៖ បុរស​ជនជាតិ​អាមេរិកកាំង​ម្នាក់ ត្រូវបាន​ឃាត់ខ្លួន នៅ​ខេត្ត​ព្រះសីហនុ និង​ត្រៀម​បញ្ជូនទៅ​សហរដ្ឋអាមេរិក​វិញ​ពាក់ព័ន្ធ​នឹង​ករណី​ចាប់រំលោភ​កុមារ​នៅ​សហរដ្ឋអាមេរិក តប​តាម​ការស្នើ​អន្តរាគមន៍​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​។​

 
​លោក អ៊ុក ហៃ​សីលា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បាន​ប្រាប់ VOA នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា បុរស​ជនជាតិ​អាមេរិកាំង​ឈ្មោះ William David Brenner ត្រូវបាន​ឃាត់ខ្លួន​ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​ការរំលោភ​ផ្លូវភេទ​កុមា​រលើ​ទឹកដី​សហរដ្ឋ​អាមេរិក​។ លោក​បន្ថែមថា សមត្ថកិច្ច​សហរដ្ឋអាមេរិក​បានស្នើ​មក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​ចាប់បញ្ជូន​ជននេះ​ទៅ​ទទួលទោស​នៅ​សហរដ្ឋអាមេរិក​វិញ​។​
 
​លោក​បញ្ជាក់ថា​៖
 
«​ពាក់ព័ន្ធ​នឹង​បទល្មើស​អាណា​ចារ​នៅ​អាមេរិក ហើយ​គាត់​រត់គេចខ្លួន​មក​។ ហើយដោយ​មាន​សំណើ​ពី​ខាង​ស្ថានទូត​អាមេរិក ដែល​ខាង RSO ខាង Regional Security Office ប្រចាំ​ស្ថានទូត​ហ្នឹង​បានស្នើ​មក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​ឲ្យ​ស្វែងរក និង​ឃាត់ខ្លួន​ជន​ហ្នឹង​ដើម្បី​បញ្ជូន​ត្រឡប់​ទៅ​អាមេរិក​វិញ ដើម្បី​ទទួលទោស​នៅ​ទីនោះ​។ ហើយ​ដោយបាន​បញ្ជូន​លិខិត​មក​ថា ជនជាតិ​អាមេរិកាំង​ហ្នឹង​ត្រូវបាន​ក្រសួងការបរទេស​អាមេរិក​ហ្នឹង​លុប​លិខិតឆ្លងដែន​គាត់​ចោល​ហើយ​។ អីចឹង​បានន័យថា គាត់​លួច​រស់នៅ​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​»​។​
 
​លិខិត​របស់​ការិយាល័យ​សន្តិសុខ​ភូមិភាគ​(RSO)​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ផ្ញើជូន​លោ​កស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៨ បញ្ជាក់ថា​៖ «​ការិយាល័យ​សន្តិសុខ​ភូមិ​ភាគ​បានទទួល​ព័ត៌មាន​ថា ពលរដ្ឋ​អាមេរិកាំង​ឈ្មោះ William David Brenner មាន​ដីកាចាប់ខ្លួន​ដែលមាន​សុពលភាព ពាក់ព័ន្ធ​នឹង​បទ​រំលោភបំពាន​ផ្លូវភេទ​ជា​បន្តបន្ទាប់​លើ​កុមារ​»​។​
 
​អ្នកស្រី Emily Zeeberg អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ពាក់ព័ន្ធ​នឹង​ករណីនេះ ដោយ​អ្នកស្រី​គ្រាន់តែ​បញ្ជាក់​យ៉ាងខ្លី​តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ច ឬ​អ៊ីមែល​ថា​៖
 
«​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​សហការ​ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់​កម្ពុជា​ដើម្បី​ចាប់ខ្លួន​លោក William David Brenner ដែល​កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​នៅ​សហរដ្ឋអាមេរិក​»​។​
 
​លិខិត​របស់​ការិយាល័យ​សន្តិសុខ​ភូមិភាគ (RSO) នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​នេះ​បន្ថែមថា បុរស​ឈ្មោះ William David Brenner មាន​អាយុ​៦៣​ឆ្នាំ រស់នៅ​ទីក្រុង Houston រដ្ឋ​តិច​សាស សហរដ្ឋអាមេរិក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com