ជាតិ
សង្គមជាតិ
ស្នងការ​ភ្នំពេញ លោក ជួន សុវណ្ណ និង​នាយ​ឧ​ត្ត​ម​សេនីយ៍​៩​រូ​ប​ទៀត នឹងត្រូវ​ដាក់​ឲ្យ​ចូល​និវត្ត​
31, Aug 2018 , 9:00 pm        
រូបភាព
ភ្នំពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្វាយ​លិខិត​ទៅ​ព្រះមហាក្សត្រ ដើម្បី​ក្រាបបង្គំ​សុំ​ឲ្យ​ព្រះអង្គ រាជានុញ្ញាត ​ដាក់​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​១០រូប ​នៃ​ក្រសួងមហាផ្ទៃ ឲ្យចូលនិវត្ត ដោយ​ក្នុងនោះ ក៏មាន​លោក ជួន សុវណ្ណ ដែល​ជាអគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ​ផងដែរ​។


 
នាយ​ឧ​ត្ត​ម​សេនីយ៍​៩​រូប​ទៀត រួមមាន សុខ ផល​, លោក ម៉ៅ ច័ន្ទ​តារា , លោក ម៉ៅ ប៊ុន​ណារិន , លោក ថោង សំអាត​, លោក ផាយ ពៅ​, លោក សួស អង្គា​រ៍​, លោក មួន សារ៉ន​, លោក ឯម សំណាង​, និង​លោក លី គឹម​ឡុង​។ នេះ​បើតាម​លិខិត​របស់​សម្តេច ហ៊ុន សែន ដែល​ចុះ​នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨ ហើយ​ថ្វាយទៅ​ព្រះមហាក្សត្រ ដើម្បី​សុំ​រាជានុញ្ញាត ដាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​ទាំងនោះ ឲ្យ​ចូល​និវត្ត​។  
 
​គេ មិនទាន់​ទទួលបាន​ព័ត៌មាន​នោះទេ ថា​នាយ​នគរបាល​រូប​ណា ដែល​នឹង​ជំនួស​តំណែង​របស់លោក ជួន សុវណ្ណ​។ តែ​ចំពោះ​តំណែង​របស់​អគ្គនាយក​៣​រូប​នៃ​ក្រសួងមហាផ្ទៃ ដែល​រួមមាន​លោក សុខ ផល អគ្គនាយក​នៃ​អង្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ លោក ម៉ៅ ច័ន្ទ​តារា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម និង​លោក ម៉ៅ  ប៊ុន​ណារិន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ បានបង្ហាញ​ហើយ​។ 
 
​អ្នក​ដែល​នឹងត្រូវ​ជំនួស​នោះ គឺ​លោក ​គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ នឹង​ជំនួស​លោក សុខ ផល​, លោក កង សុខន អគ្គ​ស្នងការរង​នគរបាលជាតិ នឹងត្រូវ​ជំនួស​លោក ម៉ៅ ច័ន្ទ​តារា និង​លោក​សេង យូ​អ៊ា​ន់ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ នឹងត្រូវ​ជំនួស​លោក ម៉ៅ ប៊ុន​ណារិន​។ នេះ​បើតាម​លិខិត​មួយ​ផ្សេងទៀត​របស់​សម្តេច ហ៊ុន សែន ដែល​បាន​ថ្វាយទៅ​ព្រះមហាក្សត្រ ដើម្បី​ក្រាបបង្គំ​សុំ​ឲ្យ​ព្រះអង្គ រាជានុញ្ញាត ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ទាំងនោះ​៕

Tag:
 ​ហ៊ុន សែន​
  ព្រះមហាក្សត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com