ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ កំណត់​ពិន្ទុ​៤២៧ សម្រាប់​និទ្ទេស​A និង​ពិន្ទុ​២៣៧ សម្រាប់​និទ្ទេស​E
01, Sep 2018 , 1:59 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​ប៉ុន្មាន​ថ្ងៃនេះ សមាជិក​អនុគណៈកម្មការ​គ្រប់គ្រង​សន្លឹក MCS និង​អនុគណៈកម្មការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ កំពុងមាន​ភាព​មមាញឹក​ក្នុងការ​បំពេញភារកិច្ច ស្រង់​-​បូក និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម្រាប់​ឆ្នាំ​២០១៨​នេះ​។​ ​នេះ​បើតាម​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

 
​ការ​បូកសរុប​ពិន្ទុ​បេក្ខជន​ប្រឡង​នេះ ប្រកបដោយ​ការយកចិត្តទុកដាក់ ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​រក្សា​ភាពស្ងប់ស្ងាត់​ល្អ ដោយ​មិន​ឲ្យ​បែកធ្លាយ​អ្វី​ឡើយ​។ ប៉ុន្តែ​អ្វីដែល​ក្រសួង​អប់រំ អាច​បង្ហើប​បាន​នោះ គឺ​ការកំណត់​ពិន្ទុ​បេក្ខជន​ប្រឡង​។ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​អប់រំ ពិន្ទុ​និទ្ទេស​A ត្រូវបាន​កំណត់​៤២៧​ពិន្ទុ ដែល​ស្មើនឹង​៩០​ភាគរយ ,​និទ្ទេស​B ត្រូវបាន​កំណត់​៣៨០​ពិន្ទុ ដែល​ស្មើ​៨០​ភាគរយ ,​និទ្ទេស​C ត្រូវបាន​កំណត់​៣៣២​ពិន្ទុ ដែល​ស្មើ​៧០​ភាគរយ ,​និទ្ទេស​D ត្រូវបាន​កំណត់​២៨៥​ពិន្ទុ ដែល​ស្មើនឹង​៦០​ភាគរយ និង​និទ្ទេស​E ត្រូវបាន​កំណត់​២៣៧​ពិន្ទុ ដែល​ស្មើ​៥០​ភាគរយ នៃ​ពិន្ទុ​ប្រឡង​អតិបរមា​៥០០​ពិន្ទុ​។​
 
​តាមពិត​ពិន្ទុ​ប្រឡង​អតិបរមា​៥០០​ពិន្ទុ​នេះ តម្រូវ​ឲ្យ​អ្នក​ជាប់​និទ្ទេស​E មាន​២៥០​ពិន្ទុ ប៉ុន្តែ​ដោយសារ​មុខវិជ្ជា​ភាសាបរទេស​ជា​វិញ្ញាសា​តាម​ស្ម័គ្រ ដូច្នេះ​ពិន្ទុ​ប្រឡង​ជាប់​គឺ ៥០០ ដក ២៥ រួច​ចែក​នឹង ២ ស្មើនឹង ២៣៧,៥​ពិន្ទុ ទើប​សម្រេចយក​ត្រឹម ២៣៧​ពិន្ទុ ជាប់​សម្រាប់​និទ្ទេស​E​។ នេះ​បើតាម​ក្រសួង​អប់រំ​។​
 
​ការប្រកាស​លទ្ធផល​ប្រឡង​នឹងធ្វើ​ឡើង នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។ ចំណែក​នៅ​ថ្ងៃទី​១២ ខែកញ្ញា សម្រាប់​មណ្ឌល​ប្រឡង​តាម​បណ្តា​ខេត្ត​។​
 
​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៧​កន្លងមក មាន​សិស្ស​ដែល​ប្រឡង​ជាប់​៦៣៦៦៨​នាក់ ត្រូវជា​៦៣,៨៤​ភាគរយ ក្នុងចំណោម​បេក្ខជន​វត្តមាន​ប្រឡង​៩៩,៧២៨​នាក់ ដោយ​ក្នុងនោះ​បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ៤២៤​នាក់ និទ្ទេស B មាន​ចំនួន ២ ៤៦៤​នាក់ និទ្ទេស C មាន​ចំនួន ៥០០០​នាក់ និទ្ទេស D មាន​ចំនួន ៩១២៣​នាក់ និង​និទ្ទេស E មាន​ចំនួន ៤៦ ៦៥៧​នាក់ ៕
 
 

Tag:
 អប់រំ​
  បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com