កីឡាជាតិ
ជាតិ
ណាហ្គា​វើ​ល​បារម្ភ​ពី​បញ្ហា​អវត្តមាន​កីឡាករ រីឯ​ទ័ព​អះអាងថា ត្រៀមខ្លួន​បានល្អ​
01, Sep 2018 , 3:06 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក CNCC
រូបភាពពីហ្វេសប៊ុក CNCC
ដោយ:
​ក្រុម​ណាហ្គា​វើ​ល​ត្រូវ​ប្រជែង​តទល់​ជាមួយ​ក្រសួងការពារជាតិ​(​ទ័ព​) សម្រាប់​ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៨​នេះ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ គ្រូបង្វឹក​ណាហ្គា​វើ​ល​ហាក់​បង្ហាញ​ក្តីបារម្ភ​ចំពោះ​បញ្ហា​អវត្តមាន​កីឡាករ ខណៈ​គ្រូបង្វឹក​ក្រសួងការពារជាតិ​អះអាង​ពី​ការត្រៀមខ្លួន​យ៉ាង​ល្អ​សម្រាប់​ជំនួប​ល្ងាច​នេះ​។

 
​ណាហ្គា​វើ​ល នឹង​ផ្លាស់ប្តូរ​ប្រព័ន្ធ​លេង​ពេល​ប៉ះ​ក្រសួងការពារជាតិ បន្ទាប់ពី​អវត្តមាន​ខ្សែការពារ ឡេង មករា ដែល​រង​ពិន័យ​ព្យួរ​១​ប្រកួត​ក្រោយ​ទទួលបាន​កាត​លឿង​ពីរ​ជាប់​គ្នា​។ ការអះអាង​ពី​ការផ្លាស់ប្តូរ​នេះ ក្រោយ​ណាហ្គា​វើ​ល​ខ្វះ​ខ្សែការពារ​ល្អ​ជំនួស​ទីតាំង​ខ្សែការពារ​រូបនេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​។ 
 
​លោក មាស ចាន់ណា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​ការ​អវត្តមាន​ខ្សែការពារ ឡេង មករា ដែល​ទទួលបាន​កាត​លឿង​ពីរ អាច​ប៉ះពាល់​តិចតួច​សម្រាប់​យើង​។ ដូច្នេះ​យើង​ត្រូវ​ផ្លាស់​របៀប​លេង​តិចតួច ដោយសារ​យើង​ខ្វះ​កីឡាករ​ខ្សែការពារ ព្រោះ​ឆ្នាំនេះ​យើង​ដាក់​ខ្សែការពារ​យុវជន​ច្រើន​»​។​
 
​ការ​ស្នាក់នៅ និង​ប្រមូលផ្តុំ​ហ្វឹកហាត់​ជាប់​ជាប្រចាំ​របស់​ក្រុម​កីឡាករ​ក្រសួងការពារជាតិ ដែល​លោក មាស ចាន់ណា ចាត់ទុកថា ជា​ក្រុម​មាន​ទម្រង់​លេង​ល្អ និង​ឆន្ទៈ​ខ្ពស់​ក្នុង​ការប្រកួត ក៏​ជា​ក្តីកង្វល់​សម្រាប់​ណាហ្គា​វើ​ល​ផងដែរ​។ ជាមួយនឹង​ក្តី​រំពឹង​៥០​ភាគរយ គ្រូបង្វឹក​រូបនេះ​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ស្វែងរក​ជ័យជម្នះ​ពី​ការប្រកួត​មួយ​នេះ​។ 
 
​ជាមួយគ្នានេះ លោក ភា សុ​ភ័​ក្ត្រា គ្រូបង្វឹក​ក្រសួងការពារជាតិ​បាន​អះអាងថា ក្រសួងការពារជាតិ​ពុំមាន​បញ្ហា​កីឡាករ​មាន​របួស ឬ​អវត្តមាន​នោះទេ​។ លើសពីនេះ ថែមទាំង​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​ក្នុងការ​តទល់​ជាមួយ​ណាហ្គា​វើ​ល​។ «​ខ្ញុំ​គិតថា កីឡាករ​កម្ពុជា​របស់​ណាហ្គា​វើ​ល​មាន​សមត្ថ​ភាពល្អ និង​ពោរពេញ​ដោយ​បទពិសោធ ពិសេស​ក្រុម​នេះ​កំពុង​គ្រង​កំពូល​តារាង​លី​គ​កំពូល​។ តែ​យ៉ាងណា យើង​ប្តូរ​រៀងៗ​ខ្លួន ព្រោះ​ការប្រកួត​មិនមាន​ប្រកួត​ជើង​ទី​២​នោះទេ​»​។ នេះ​ជាការ​បន្ថែម​របស់លោក មាស ចាន់ណា​។​
 
​ក្រុម​ណាហ្គា​វើ​ល​ត្រូវ​ប្រជែង​ជាមួយ​ក្រសួងការពារជាតិ ដើម្បី​ដណ្តើម​កៅអី​ឡើងទៅ​លេង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៨​នេះ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ នា​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន កាលពី​ឆ្នាំ​២០១៣ ណាហ្គា​វើ​ល​បាន​យកឈ្នះ​ក្រសួងការពារជាតិ ដោល​បាល់​កាត់សេចក្តី ៥-៣ ក្រោយ​ក្រុម​ទាំងពីរ​រក្សា​លទ្ធផល​ស្មើ ០-០៕ 

Tag:
 Hun Sun Cup 2018
  មាស ចាន់ណា​
  ភា សុ​ភ័​ក្ត្រា
© រក្សាសិទ្ធិដោយ thmeythmey.com